(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា បន្ទាយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បានរងការវាយប្រហារជាថ្មី ដោយក្រុមមិនស្គាល់អត្តសញ្ញាណនៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ប៉ុន្តែករណីនេះពុំបានបង្កឱ្យកងកម្លាំងមួកខៀវកម្ពុជា រងរបួសទេ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា «នៅល្ងាចនេះ យើងទើបបានទទួលសេចក្តីរាយការណ៍មួយថា នៅវេលាម៉ោង៦៖៥៥នាទីព្រឹក ម៉ោងនៅម៉ាលី ដែលត្រូវនឹងម៉ោង ១៖៥៥នាទីរសៀល ម៉ោងនៅកម្ពុជា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានករណីបំផ្លោងគ្រាប់ចំនួន៣គ្រាប់ ត្រូវចំស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ករណីនេះ មិនបានបង្កឱ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជាដែលបំពេញការងារនៅតំបន់នេះ រងរបួសនោះទេ ហើយរហូតដល់ពេលនេះ ស្ថានការណ៍នៅកន្លែងកើតហេតុ មានភាពប្រក្រតីឡើងវិញហើយ។ ជាមួយគ្នានេះ កម្ពុជា រួមទាំងភាគីពាក់ព័ន្ធដទៃទៀត កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ នៃការវាយប្រហារខាងលើផងដែរ។
នេះមិនមែនលើកទី១ទេ សម្រាប់ការវាយឆ្មក់ទៅលើកងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន កងកម្លាំងមួកខៀវកម្ពុជា ដែលបម្រើការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ ប្រចាំនៅតំបន់បេសកកម្ម ក្នុងប្រទេសម៉ាលី ក៏បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមផងដែរ។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបាត់បង់ជីវិតរបស់កងកម្លាំងទាំង ៤រូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ជាតិមាតុភូមិ ហើយបានចាត់ទុកការពលី របស់ពួកគេ ជាការពលីប្រកបដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ៕