(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាប់ផ្ដើមទទួលពាក្យនៃការប្រកួតប្រជែង ពានរង្វាន់វិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ (Cambodia ICT Awards 2018) ដោយគ្រោងចំណាយថវិកាសរុបជាង ២៧,០០០ដុល្លារអាមេរិក សម្រាប់ជាប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីផងដែរ។
ការរៀបចំពិធីប្រកាសបើកកម្មវិធីប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2018 លើកទី៤នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយក៏ជាថ្ងៃបើកទទួលពាក្យ ក្នុងការចូលរួមប្រកួតប្រជែងផងដែរ ខណៈការឈប់ទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបញ្ជាក់ថា «នវានុវត្តន៍ (ការច្នៃប្រឌិត) អាចចាប់ផ្ដើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីប្រកួតប្រជែងនេះ ផ្ដួចផ្ដើមឲ្យមានពានរង្វាន់សម្រាប់ពហុវិស័យ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច Start-Ups ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ»។
បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យចំនួន៦ រួមមាន៖ ១-ការចាប់ផ្ដើមធុរកិច្ច ២-មាតិកាឌីជីថល ៣-វិស័យឯកជន ៤-ការទទួលខុសត្រូវក្នុងសង្គម ៥-វិស័យសាធារណៈ ៦-ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
សម្រាប់ម្ចាស់ជ័យលាភីដែលទទួលចំណាត់ទាំងបីរូបសរុបចំនួន ១៥,០០០ដុល្លារអាមេរិក ដែលថ្នាក់ទី១ នឹងទទួលបាន១០,០០០ដុល្លារ ទី២ទទួលបាន ៣,០០០ដុល្លារ និងទី៣ទទួលបាន២,០០០ដុល្លារអាមេរិកផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មានបេក្ខជនចំនួន១២រូប ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន៣ បានទទួលបានមេដាយមាសបី ក្នុងពានរង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុលត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន៕