(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សាកលវិទ្យាល័យចំនួន៨នៅកម្ពុជា បើកពិធីផ្សព្វផ្សាយវេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធ និងសិស្សានុសិស្ស ប្រមាណជាជាង១០០នាក់។
សាកលវិទ្យាល័យទាំង៨នោះរួមមាន៖ សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យបញ្ញាសាស្រ្ត, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យសង្គមកិច្ច។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក សំហេង បុរស អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា ដោយមើលឃើញថា ការសុំទានតាមដងផ្លូវ បានបង្កភាពស្មុគស្មាញ ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចមានការកេងប្រវ័ព្ចា កម្លាំងពលកម្មលើកុមារនោះ ក្រសួងសង្គមកិច្ច បានរៀបចំ ពិធីផ្សព្វផ្សាយវេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» នេះឡើង ដើម្បីអប់រំ ជាទូទៅ ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីផលវិបាក បញ្ហាប្រឈម ដែលកើតមានឡើតជាយថាហេតុ នៃការឲ្យទានទៅតាមដងផ្លូវ និងការឲ្យទាន ប្រកបដោយបញ្ញា នៅតាមសាកលវិទ្យាល័យ។
លោក ឈួរ សុបញ្ញា បង្ហាញការរំពឹងទុកថា ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និស្សិត និងភាគីដែលពាក់ព័ន្ធ ជួយអប់រំ ផ្សព្វផ្សាយបន្ត ដើម្បីឈានទៅដល់ការកាត់បន្ថយអ្នកសុំទានតាមដងផ្លូវជាអតិបរមា។
នៅក្នុងកម្មវិធីដដែលនោះ លោក ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា ពិធីផ្សព្វផ្សាយវេទិកាពិភាក្សាយុវវ័យ ស្តីពី «ការបញ្រ្ជាបការយល់ដឹងពីការសុំទានតាមដងផ្លូវ» គឺជាប្រធានបទដ៏មានសារៈសំខាន់ណាស់។ លោក ហង្ស ច័ន្ទវរៈ បានបន្ថែមថា ជាទូទៅយើងឃើញថា ការសុំទាននៅតាមដងផ្លូវសាធារណៈ នៅតែមានជាហូរហែរ ដោយគមិនអាចទប់ស្កាត់បានឲ្យអស់នៅឡើយទេ។
សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញជំហរ មិនគាំទ្រឲ្យប្រជាពលរដ្ឋ ដាក់ទានទៅដល់អ្នកសុំទាន ដែលបានដាក់សុំនៅតាមដងផ្លូវសាធារណៈ ដោយសារតែការដាក់ទាននេះ អាចជាកត្តាមួយ ជួយជំរុញឲ្យពួកគាត់ បន្តសកម្មភាពនេះ ដោយគ្មានថ្ងៃបញ្ឈប់ឡើយ។
លោក ហង្ស ច័ន្ទវរៈ ថាសកម្មភាពនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា អាប់អោនមុខមាត់ និងអាចសាយភាយទៅដល់ជនបរទេស ដែលមកកម្សាន្តសប្បាយ នៅកម្ពុជាផងដែរ។
កន្លងមក រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅក្នុងសង្គម ជាពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្រ្តី ចាស់ជរា ជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទា និងអតីតមន្រ្តីរាជការ ស៊ីវិល៕