(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងការពារជាតិកម្ពុជា សហការជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីប្រគល់ពាន់រង្វាន់ស្នាដៃ និពន្ធអក្សរសិល្ប៍ ដើម្បីចូលរួមអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។
ពិធីនេះរៀបចំឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិកាក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ឯក បម្រុង ង្វៀន ចុងងៀ អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម រួមជាមួយនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហាន និងបេក្ខជនទទួលបានជ័យលាភី ប្រមាណ៣០០នាក់ នៅសាលប្រជុំក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា ការប្រារព្ធពិធីនេះ មានអត្ថន័យឆ្លុះបញ្ចាំងពីការលើកកម្ពស់ស្មារតីកិច្ចសហប្រតិបត្តិការ សាមគ្គី កម្ពុជា-វៀតណាម-ឡាវ ដែលមានប្រពៃណីរក្សាបាននូវចំណងសាមគ្គីភាព ជាមួយប្រទេសភូមិផង របងជាមួយគ្នាដែលបានឆ្លងកាត់ក្នុងបុព្វហេតុតស៊ូប្រឆាំងពួកបរទេសឈ្លានពាន ដើម្បីការពារកសាងមាតុភូមិបច្ចុប្បន្ន ក៏ដូចជាការពង្រឹងសន្តិភាព និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងផងដែរ។
នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ក្នុងសភាពការណ៍ស្ថានភាពនយោបាយ សេដ្ឋកិច្ច យោធា និងការទូតកងយោធពលខេមរភូមិន្ទកម្ពុជា បានខិតខំជំរុញការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេសសមភាគីវៀតណាម ដែលជាដៃគូសហប្រតិបត្តិការជិតខាងល្អបន្តជម្រុញសកម្មភាពរបស់កម្ពុជា។ រហូតមកដល់ពេលនេះកម្ពុជា បានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងអធិបតេយ្យភាព និងបូរណភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិ។
សូមរំលឹកថា ចាប់ពីឆ្នាំ១៩៥០ កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗ ជាច្រើនហើយចាប់ពីពេលនោះ មកកងទ័ព និងប្រជាជនទាំងពីរ បានសាមគ្គីចងសម្ព័ន្ធប្រយុទ្ធជាមួយសត្រូវលាណដ្ឋានតែមួយ ហើយបានវាយឲ្យបរាជ័យនូវពួកអាណានិគមនិយម ចាស់-ថ្មី នាំឲ្យមានការចុះសន្ធិសញ្ញាទីក្រុង ហ្ស៊ឺណែវ នៅឆ្នាំ១៩៥៤ ដោយទទួលបានឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីប្រទេសទាំង៣ នៅឥណ្ឌូចិន បង្កលក្ខណៈឲ្យប្រទេសយើងដណ្តើមឯករាជ្យ និងឈានទៅរកសន្តិភាព អព្យាក្រឹត្យ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០៕