(ភ្នំពេញ)៖ ចាប់តាំងពីដំណើរការនៅឆ្នាំ២០០៦ រហូតដល់ដើមឆ្នាំ២០១៨ សាលាក្តីខ្មែរក្រហម បានផ្សព្វផ្សាយពីចំណេះដឹងពាក់ព័ន្ធនឹងរបបខ្មែរក្រហម ជូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសយុវជនបានជិត៦សែននាក់ហើយ តាមរយៈសកម្មភាពចុះផ្សព្វផ្សាយតាមភូមិឃុំ ការទទួលប្រជាពលរដ្ឋដែលមកទស្សនាសាលាក្តីខ្មែរក្រហម ក៏ដូចជាចូលរួមស្តាប់សវនាការលើសំណុំរឿងផ្សេងៗដោយផ្ទាល់ផងដែរ។
លទ្ធផលទាំងនេះ ត្រូវបានលើកឡើងដោយលោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ប៉ុន្តែត្រូវបានថ្លែងប្រាប់បន្តមកអង្គភាពព័ត៌មាន Fresh News ដោយលោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម អមជាមួយសកម្មភាពនៃដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូនៅសាលាក្តីខ្មែរក្រហម នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះតែម្ដង។
រំលេចពីសកម្មភាពនៃដំណើរទស្សនកិច្ចនោះ សិស្សានុសិស្សមកពីវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ និងវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានអះអាងថា «បន្ទាប់ពីយើងខ្ញុំបានស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីសាលាក្តីខ្មែរក្រហម នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចសិក្សា នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង វាលពិឃាតបឹងជើងឯង និងសាលាក្តីខ្មែរក្រហម យើងខ្ញុំពិតជាបានយល់ដឹង និងមានចំណេះកើនឡើងជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ពិសេសអំពីដំណើរការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម»។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការផ្សព្វផ្សាយ គឺដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ចំពោះឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្រៅពីការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម សាលាក្តីចម្រុះនេះក៏បានចូលរួមក្នុងការពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រ និងការផ្សះផ្សារជាតិផងដែរ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចងចាំពិតពីរឿងរ៉ាវអតីតកាលពិតជាមានសារសំខាន់ ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មឃោឃៅដូចរបបខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានថ្លែងថា សាលាក្តីខ្មែរក្រហមមានតួនាទីក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែសាលាក្តីខ្មែរក្រហម ក៏ជាផ្នែកមួយនៃកន្លែងអប់រំសិក្សាអំពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យដែរ ព្រោះថាតាមរយៈសវនាកាសាធារណៈលើសំណុំរឿងនៅចំពោះមុខតុលាការ សាធារណជន អាចទទួលបានព័ត៌មានលម្អិតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឯកសារដែលផ្នែកកិច្ចការសាធារណៈ បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន គឺជាឯកសារខ្លះទាក់ទងនឹងទិដ្ឋភាពច្បាប់ខ្លះទៀត ទាក់ទងនឹងសំណុំឯកសារភស្តុតាង ឬអង្គហេតុផ្សេងៗ។ លោក នេត្រ ភក្ត្រា បន្តថា ពេលដែលសាធារណជនមកចូលរួមស្តាប់សវនាការ និងធ្វើទស្សនកិច្ចសិក្សា ពួកគាត់ទទួលបាននូវការធ្វើបទបង្ហាញពីភាគីផ្សេងៗ នៅក្នុងតុលាការដែលនេះ គឺបានពង្រឹងចំណេះដឹងរបស់គាត់មួយកម្រិតបន្ថែមពីលើចំណេះដឹង ដែលពួកគាត់បានសិក្សានៅសាលា ឬទទួលបានការធ្វើបទបង្ហាញនៅតាមសាលា ដែលមន្ត្រីផ្នែកកិច្ចការសាធារណៈចុះទៅដោយផ្ទាល់។
យោងតាមការរកសិក្សានានារបស់មជ្ឈមណ្ឌលហាន់ដាសម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិ របស់សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានរកឃើញថា សាលាក្តីខ្មែរក្រហម មានសក្តានុពលក្នុងការរួមចំណែកយ៉ាងសន្ធឹកសន្ធាប់គួរឱ្យកត់សម្គាល់ ដល់វិស័យអប់រំកម្ពុជា ហើយសក្តានុពលនេះ មិនទាន់ត្រូវបានយកមកប្រើប្រាស់ពេញលេញនៅឡើយនោះទេ។ អ្នកចូលរួមផ្តល់បទសម្ភាសភាគច្រើនជានិស្សិត បានកំណត់សក្តានុពលសម្រាប់សាលាក្តី ក្នុងការអប់រំដល់ជំនាន់របស់ពួកគេអំពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយបានចាត់ទុកថាជាកេរដំណែលដ៏មានសក្តានុពលធំធេងបំផុតរបស់សាលាក្តី ហើយបានផ្តល់ចំណាត់ថ្នាក់នេះខ្ពស់ជាងកេរដំណែលដទៃទៀត ដូចជាកេរដំណែកតុលាការ កេរដំណែលផ្លូវចិត្ត និងកេរដំណែលក្នុងការកសាងសមត្ថភាពជាដើម។
របាយការណ៍ដដែលបានធ្វើសេចក្តីសន្និដ្ឋានថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានបង្កើតឡើងជាយន្តការតុលាការ ដើម្បីជំនុំជម្រះក្តីលើជនជាប់ចោទនៃបទឧក្រិដ្ឋកម្ម ដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ទោះបីយ៉ាងនេះក្តី អស់ពេលជិត១១ឆ្នាំមកនេះ កេរតំណែលរបស់សាលាក្តីខ្មែរក្រហម បាននិងកំពុងរីកចម្រើនយ៉ាងល្អហួសពីគោលដៅដ៏តូចចង្អៀតនេះ។ អ្នកផ្តល់បទសម្ភាសម្នាក់ បានលើកឡើងថា «តាមគំនិតខ្ញុំ អ.វ.ត.ក បាននិងកំពុងមានផលប៉ះពាល់ទៅលើវិស័យអប់រំកាន់តែច្រើនឡើងៗ បើប្រៀបធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ គម្រោងដ៏ច្រើននៃគំនិតផ្តួចផ្តើមដែលមាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៅកម្ពុជា កំពុងកើនឡើងទាំងបរិមាណ និងគុណភាពនៅប៉ុន្មានឆ្នាំមកនេះ ស្របតាមអត្ថិភាពរបស់សាលាក្តីខ្មែរក្រហម»។
ក្រុមនិស្សិតដែលបានផ្តល់បទសម្ភាសក្នុងរបាយការណ៍នេះ បានកំណត់ពីអត្ថប្រយោជន៍នៃការអប់រំរបស់ អ.វ.ត.ក ជាកេរដំណែលដ៏មានសារសំខាន់បំផុតរបស់សាលាក្តីនេះ។ និស្សិតដែលធ្លាប់បានទៅទស្សនាសាលាក្តី បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា ពួកគេបានរៀនសូត្រច្រើននៅទីនោះជាងកាលដែលពួកគេអានសៀវភៅ។
ទាក់ទងនឹងការសិក្សានេះ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងថា ការសិក្សានេះពិតជាបានធ្លុះបញ្ចាំងពីការពិត ហើយកាលដែលយុវជនបានវាយតម្លៃថា សាលាក្តីខ្មែរក្រហមបានចូលរួមចំណែកក្នុងវិស័យអប់រំ ជាពិសេសការអប់រំផ្នែកប្រវត្តិសាស្ត្រ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់តុលាការ លើការងារផ្សព្វផ្សាយទាំងជាមួយសាធារណជនដោយផ្ទាល់ ក៏ដូចជាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិនានា។ ការផ្សព្វផ្សាយដែលធ្វើឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងមានព័ត៌មានលម្អិតពីដំណើរការរបស់សាលាក្តី។
បើតាមលោក ក្រាញ់ តូនី ចាប់តាំងពីដំណើរនៅឆ្នាំ២០០៦ រហូតមកទល់នឹងដើមឆ្នាំ២០១៨នេះ សាលាក្តីខ្មែរក្រហម បានចុះផ្សព្វផ្សាយនៅតាមភូមិឃុំនៅទូទាំងប្រទេសកម្ពុជា និងបានស្វាគមន៍ប្រជាពលរដ្ឋមកពីខេត្តនានា មកទស្សនាសាលាក្តី ក៏ដូចជាចូលរួមស្តាប់សវនាការលើសំណុំរឿងផ្សេងៗដោយផ្ទាល់។ សរុបមក សាធារណជនជិត៦សែននាក់ហើយ ដែលតុលាការបានផ្សព្វផ្សាយ ក្នុងនោះពាក់កណ្តាលគឺជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម៕