(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមឯកទេសហាឡាលកម្ពុជា សហការជាមួយក្រុមឯកទេសហាឡាល របស់គណៈប្រតិភូនៃគណៈកម្មាធិការកណ្តាល ឥស្លាមថៃ (CICOT) បន្តចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារហាឡាលកម្ពុជា ដល់សហគ្រាស លាង ឡេង។
បើតាមក្រុមការងារជំនាញ សហគ្រាស លាង ឡេង ជាសហគ្រាសមួយចំណោមសិប្បកម្មទាំង ៥៧ ឬ១៤៧ ផ្សេងទៀត ដែលបានផលិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ស្របតាមស្តង់ដារចំណីអាហារ HACCP & ISO 9001-2015 តាំងពីឆ្នាំ២០០០មក បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រស្តង់ដារហាឡាលកម្ពុជា ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
តើហាឡាលជាអ្វី? ហាឡាល (حلال-Halal) ជាភាសាអារ៉ាប់ សំដៅទៅលើវត្ថុ ឬសេវាកម្មណាមួយ ដែលអនុញ្ញាតឲ្យប្រើប្រាស់ ឬឲ្យចូលរួមដោយអាស្រ័យតាមច្បាប់ឥស្លាម។ ពាក្យនេះ ត្រូវបានប្រើជាទូទៅ ទាក់ទងទៅនឹងផលិតផលម្ហូបអាហារ ផលិតផលសាច់ គ្រឿងសម្អាង ផលិតផលថែរក្សាខ្លួន ឱសថ អាហារបំប៉ន គ្រឿងផ្សំម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត៕