(សៀមរាប)៖ ក្រុមការងារ Hotline ជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងស្ថានកុងស៊ុលបរទេសចំនួន៤ បានជួបប្រជុំគ្នាដើម្បីអនុវត្តន៍ផែនការរបស់ក្រសួងមហាផ្ទៃ ស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ និងជាអនុប្រធានអចិន្ត្រៃយ៍នៃការងារ Hotline សម្រាប់ជនបរទេស។

ក្រុមការងារ ដែលបានជួបប្រជុំគ្នារួមមាន កម្លាំងចម្រុះពីកម្លាំងការិយាល័យជំនាញចំណុះស្នងការដ្ឋាន និងតំណាងនគរបាលទេសចរណ៍ខេត្តសៀមរាប សរុប១៥នាក់ បណ្តាស្ថានកុងស៊ុលបរទេស ប្រចាំខេត្តសៀមរាប មានស្ថានកុងស៊ុលចំនួន៤ ដែលមានអ្នកចូលរួមមាន ៨នាក់ ក្នុងនោះ៖ ស្ថានកុងស៊ុលជប៉ុន ២នាក់, ស្ថានកុងស៊ុលចិន ២នាក់, ស្ថានកុងស៊ុលកូរ៉េ ២នាក់, និងស្ថានកុងស៊ុលបារាំង ២នាក់។

លោក ហួត សុធី បានបញ្ជាក់ប្រាប់បណ្តាញអង្គភាព Fresh News ឲ្យដឹងថា គោលបំណងនៃការជួបប្រជុំគ្នានេះ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តន៍ផែនការរបស់ក្រសួងមហាផ្ទៃ ស្តីពីការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន អ្នកទេសចរ និងផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបានបន្តថា ក្រុមការងារចម្រុះ ក៏បានផ្សព្វផ្សាយស្ដីអំពី ក្រុមការងារ Hotline សម្រាប់ជនបរទេស និងលេខទូរស័ព្ទ 0313; 749 852 ដល់បណ្តាស្ថានកុងស៊ុល ដែលមានទីតាំងនៅខេត្តសៀមរាប ហើយក្រុមការងារនេះ នឹងជួបពិភាក្សាគ្នារៀងរាល់ ៣ខែម្តង ដើម្បីបន្តបង្កើតទំនាក់ទំនង និងកិច្ចសហការការងារបន្ថែមទៀត រវាងសមត្ថកិច្ច និងស្ថានកុងស៊ុល ព្រមទាំងបានស្តាប់នូវសំណូមពរ និងបញ្ហានានា ដើម្បីដោះស្រាយ និងបំពេញបន្ថែម ធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ផងដែរ៕