(ភ្នំពេញ)៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរុំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិត ចូលរួមជាង៣០០០នាក់ ក្នុងនោះសិស្ស-និស្សិត ប៊ែលធី ចំនួនជាង១៣០០នាក់ចូលរួមផងដែរ។
ការបោះជំរំនេះក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «ការអប់រំ ចិត្តយុវជនឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង អប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌។ ការបោះជំរុំនេះក៏មានការ អញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន៖ លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។
ក្នុងឱកាសនោះដែរលោក លី ឆេង បានលើកឡើងថា ការបោះជំរំនេះ ក្នុងគោលបំណង៤គឺ៖
ទី១៖ ការអប់រំចិត្ត ដែលជួយដល់យុវជនទាំង អស់ឲ្យស្គាល់ខ្លួនឯង ហើយចេះស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងចេះស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួន។ ផ្តើមពីនោះក្នុងនាមខ្មែរដូចគ្នា គប្បីរួមគ្នាលើកស្ទួយវប្បធម៌ ប្រពៃណី និងលើកស្ទួយកិត្តិយសជាតិខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ គោរពសាសនា រួមទាំងគោរពគោលការណ៍ ផ្សេងៗទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ទី២៖ ត្រូវចេះរស់នៅ និងធ្វើការជាក្រុមដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក
ទី៣៖ ត្រូវរៀនធ្វើជាថ្នាក់ដឹកនាំ មុនពេលក្លាយខ្លួនជាថ្នាក់ដឹកនាំ ព្រោះនេះជាកត្តាសំខាន់បំផុត ខណៈដែលយើងត្រូវហាត់ ពត់លត់ដំខ្លួនឲ្យហើយក្នុងពេលកំពុងសិក្សា
ទី៤៖ ទាំងអស់គ្នាត្រូវត្រៀមខ្លួន ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ជាតិ ព្រោះថា បើទំពាំងមិនល្អនោះ ពេលទៅបន្តវេនក៏វា មិនអាចល្អបាននោះឡើយ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្ត បានថ្លែងថា ការអប់រំស្មារតី និងចិត្តគំនិត ពិតជាមានសារសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួលយកនូវគំនិតរបស់អ្នកដទៃ និងបើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។
ក្នុងពិធីបើក លោក ស៊ាន បូរ៉ាត បានលើកឡើងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និងលោក លី ឆេង សាកលវិទ្យាធិការ សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
ក្នុងឱកាសនោះដែរលោក ស៊ាន បូរ៉ាត បានថ្លែងថា «ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ឲ្យយុវជនរបស់យើងមានចំណេះដឹងពិតប្រាកដ មានសិលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត អាចចេះពិចារណា រកហេតុនឹងផលឲ្យឃើញនេះជាចំណុច ដ៏សំខាន់ណាស់។ ហើយខ្ញុំគិតថា វាគ្មិនដល់សំខាន់ៗ ជាតិ-អន្ដរជាតិ នឹងមកបង្ហាញអំពី របៀបនៃប្រធានបទ ហើយពិតជាបានផ្ដល់ឱកាស ដល់ពិតប្រាកដ សម្រាប់ប្អួនៗនិងក្មួយៗ ក្លាយទៅជាជន ដែលមានចំណេះដឹងតាមរយៈការសិក្សានេះ ពីវាគ្មិនជាតិ-អន្ដរជាតិ របស់យើង»។
លោក ស៊ាន បូរ៉ាត បានបន្តថា «ប្រសិនបើយុវជនខ្វះសិលធម៌ ដើរខុសទិស ហើយទៅរកគោល ដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល នេះហើយជាបរិបទរបស់សង្គម ដែលយើង កំពុងធ្វើកិច្ចការងារនេះ ដើម្បីអប់រំយុវជន។ យុវជនគឺជាក្រដាស ដ៏ស ស្អាត ប្រសិនបើយើង អុសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគិនិត តាមរយៈការផ្ដល់ នៅចំណេះដឹងដ៏ពួកគេគ្រប់ៗគ្នា»។
លោកបានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗក្លាយទៅជាជន ដែលមានសក្ដានុពល ក្នុងការចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដវានក្នុងការដឹកនាំប្រទេសជាតិ ទៅថ្ងៃអនាគត គោល ការណ៍ដល់សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ចាប់ពីមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា។ លោក ស៊ាន បូរ៉ាត ក៏បានប្រកាសបើកការបោះជំរំអន្តរជាតិ (World Camp) លើកទី៨ ឆ្នាំ២០១៨៕