(ភ្នំពេញ)៖ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានបន្ថែមការវិនិយោគ២០លានដុល្លារ ដើម្បីសាងសង់ពង្រីកសាលាអន្តរជាតិកាណាដា ដែលហៅកាត់ថា CIS ដំណាក់កាលទី២ និងទី៣ នៅទីក្រុងកោះពេជ្រ។
ពិធីក្រុងពាលីសាងសង់សាលាអន្ដរជាតិ CIS ដំណាក់កាលទី២ និងទី៣ ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ, លោកស្រី ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្ដរជាតិ CIS និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ចាប់តាំងពីបើកដំណើរការ សាលាមត្ដេយ្យក្នុងឆ្នាំ២០១២មក សាលា CIS បានធ្វើការពង្រីកបន្ថែមចំនួន២លើកមកហើយ ការសាងសង់សាលា CIS ដំណាក់កាលទី២ និងទី៣ នឹងត្រូវបញ្ចប់នៅឆ្នាំ២០១៩។ សាលាបឋមសិក្សានេះ មានវគ្គសិក្សាចាប់ពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី០៨ នឹងគម្រោងដល់ថ្នាក់ទី១២។
នៅពេលដែលសាងសងរួចរាល់ សាលាអន្ដរជាតិកាណាដា នឹងគ្រប់ដណ្ដប់លើផ្ទៃដីទំហំ៣ហិកតា ជាមួយនឹងអាគារធំៗចំនួន២ សម្រាប់សាលាវិទ្យាល័យ (ចាប់ពីថ្នាក់អនុវិទ្យាល័យ) ដែលអាចផ្ទុកសិស្សបានចំនួន៧៥០នាក់ និងសាលាបឋមសិក្សាសព្វថ្ងៃ ដែលអាចផ្ទុកសិស្ស បានរហូតដល់ចំនួន៩២៥នាក់ ហើយសរុបជារួមមកវិទ្យាល័យ និងសាលាបឋមសិក្សាអន្ដរជាតិកាណាដា អាចផ្ទុកសិស្សបានរហូត ចំនួន១,៦៧៥នាក់។
ដំណាក់កាលនៃការសាងសង់នេះ នឹងមានការសង់បន្ថែមនូវកន្លែងថ្មីៗជាច្រើន គួរឲ្យកត់សម្គាល់ដូចជា សាលមហោស្រព ដែលអាចផ្ទុកមនុស្សបានចំនួនដល់ទៅ ៦០០នាក់, ទីលានរត់ ប្រណាំងប្រវែង ៤០០ម៉ែត្រអមជាមួយនឹង ទីលានបាល់មួយ, អាងហែលទឹកដែលមានបណ្ដោយ២៥ម៉ែត្រ, បន្ទប់ស្រាវជ្រាវ, សាលសម្រាករបស់សិស្ស, បន្ទប់កុំព្យូទ័រ, បន្ទប់ពិសោធន៍, ស្ទូឌីយោរាំ និងមានអ្វីថ្មីៗជាច្រើនទៀត។
ទន្ទឹមនឹងនេះ CIS ក៏កំពុងតែសិក្សាទៅលើគម្រោងសម្រាប់ការសាងសង់បន្ថែមសាខា សាលាមត្ដេយ្យនៅទីក្រុងអូឡាំព្យា បានពាក់កណ្ដាលផងដែរ។ CIS កំពុងតែវិវត្ដន៍ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងភាពរឹងមាំរបស់ខ្លួន ដែលបានកំណត់តាំងពីសាលាអន្ដរជាតិ ដ៏កំពូលមួយនៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីសិក្សាតាមបែបកាណាដា នៅសាលា CIS ត្រូវបានមើលឃើញថា ជាកម្មវិធីសិក្សាដ៏កំពូលមួយ នៅលើពិភពលោក ស្របពេលជាមួយគ្នានេះដែរ សិស្សដែលបានបញ្ចប់ការសិក្សា ពីសាលាដែលជាដៃគូរបស់ខ្លួន នៅម៉ាកាវ (TIS), ត្រូវបានទទួលស្គាល់ជាង២០០សាកលវិទ្យាល័យ មកពីជុំវិញពិភពលោក ជាមួយនឹងកម្រិតគុណភាពសិក្សា សញ្ញាប័ត្ររបស់កាណាដា។
CIS ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្ថែមកម្រិតសិក្សាទុតិយភូមិអន្ដរជាតិ (IB) សម្រាប់កម្រិតវិទ្យាល័យ ដើម្បីផ្ដល់ជូននូវជម្រើស ក៏ដូចជាឱកាសយ៉ាងសំបូរបែបដល់សិស្សានុសិស្ស គ្រប់រូបផងដែរ៕