(ភ្នំពេញ)៖ បន្ទាប់ពីការចេញលក់ទូរស័ព្ទដៃ OPPO F5 ដ៏ទំនើបប្រកបដោយភាពជោគជ័យ កាលពីឆ្នាំទៅ ឆ្នាំនេះ ក្រុមហ៊ុន OPPO ក៏បានប្រកាសគម្រោងបង្ហាញរូបរាងទូរស័ព្ទស៊េរីថ្មី OPPO F7 ដំបូងគេ នៅសប្តាហ៍ក្រោយនេះ នៅប្រទេសឥណ្ឌា ។ មិនទាន់មានការអះអាងច្បាស់លាស់ណាមួយអំពីលក្ខណៈពិសេស និងរូបរាងរបស់ទូរស័ព្ទស៊េរីថ្មីនេះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមផ្សេងៗជាច្រើនដែលបានលើកឡើងជុំវិញទូរស័ព្ទ OPPO F7 ថ្មីនេះ។
បើតាមគេហទំព័រ gsmarena.com ទូរស័ព្ទ OPPO F7 នឹងបំពាក់ដោយកាមេរ៉ាមុខរហូតដល់ 25MP និងកាមេរ៉ាក្រោយ 16MP ជាមួយនឹងអេក្រង់ទំហំ 6.2 អ៊ីញ(Notch Screen) រាងស្រស់ស្អាតទំនើប ផលិតឡើងដោយអេក្រង់កញ្ចក់ Gorilla និងតួខាងក្រោយផលិតឡើងពីអាលុយមីញ៉ូម និងដំណើរការដោយប្រព័ន្ធ Octa-core Cortex-A53 លឿនទាន់ចិត្តសម្រាប់គ្រប់ការកម្សាន្ត។
ចំណែកគេហទំព័រ gadgets.ndtv.com ក៏បានលើកឡើងអំពីលក្ខណៈពិសេសស្រដៀងគ្នានេះដែរ ដោយបានបញ្ជាក់ថា អ្នកប្រើប្រាស់ OPPO F7 ក៏អាចថតស៊ែលហ្វីជាមួយមុខងារ AI selfie, AI Beauty, Real-time HDR និង AR (Augmented Reality) stickers ទៀតផង។ មិនតែប៉ុណ្ណោះ វេបសាយនេះក៏បាន លើកឡើងថា OPPO F7 នឹងមានរូបរាងស្រស់ស្អាតទំនើបមិនចាញ់ iPhone X នោះទេ។
មានប្រភេពលើកឡើងផ្សេងៗគ្នាអំពីកាមេរ៉ាមុខរបស់ OPPO F7 ដោយប្រភពខ្លះលើកឡើងថា OPPO F7 នឹងបំពាក់កាមេរ៉ាមុខតែមួយ ចំណែកប្រភពខ្លះថា បំពាក់កាមេរ៉ាមុខភ្លោះ។ តាមរយៈវេបសាយ theunbiasedreview.com បានអះអាងថា OPPO F7 នឹងបំពាក់ដោយអេក្រង់ទំហំ 6.2 អ៊ីញ ដែលមានអេក្រង់ពេញ 89.09% នៃតួទាំងមូល និងសមាមាត្ររូបភាពកម្រិត 19:9 ។ ជំនួសឲ្យការប្រើប៊ូតុងចុច អ្នកក៏អាចប្រើកាយវិការដើម្បីបញ្ជាកាន់តែងាយស្រួលនៅលើកម្មវិធីនានា នៅលើ OPPO F7 ទៀតផង។
ជាមួយនឹងលក្ខណៈពិសេសៗទាំងអស់ ដែលបានបែកធ្លាយនេះបានធ្វើឲ្យអ្នកគាំទ្រនៅតាមបណ្តាប្រទេសជាច្រើន អន្ទះសារចង់បាន និងចង់ឃើញរូបរាងពិតរបស់ទូរស័ព្ទ OPPO F7 ។
តាមការអះអាងរបស់ក្រុមហ៊ុន OPPO បានឲ្យដឹងថា OPPO F7 នឹងត្រូវបង្ហាញរូបរាងដំបូង ចាប់ពីថ្ងៃទី ២៦ មីនានេះតទៅ នៅតាមបណ្តាប្រទេសជាច្រើនដូចជា ឥណ្ឌា ប៉ាគីស្ថាន និងថៃជាដើម។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះម៉ូដែលថ្មីរបស់OPPO នេះ?