(កំពង់ស្ពឺ)៖ ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងការបន្តចូលរួមជំរុញទម្លាប់នៃការអាន ឲ្យមានការរីកចម្រើន របស់សិស្សានុសិស្សខ្មែរ និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ប្រាសាក់ បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារបណ្ណាល័យដ៏ថ្មីសន្លាងពណ៌បៃតងស្រស់បំព្រងមួយខ្នងទៀតស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យ បឹងខ្នារ ក្នុងភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់វិស័យអប់រំមួយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកសរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ , លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ , លោក ប៉ិល សារ៉ាត នាយកសាខា ធនាគារជាតិ នៃ កម្ពុជា ប្រចាំខេត្តកំពង់ស្ពឺ , លោក កង ប៊ុនណាត អភិបាលរងនៃគណៈអភិបាលស្រុកសំរោងទង និង លោក យិន លន់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកសំរោងទង។
កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី អាជ្ញាធរដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងសហគមន៍។
គម្រោងបណ្ណាល័យទី២៤ ដែលស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ បឹងខ្នារ នេះ ត្រូវបានអភិវឌ្ឍឡើងដោយទទួលបានការឧបត្ថម្ភថវិកាទាំងស្រុងពីប្រាសាក់ ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងដោយប្រាសាក់ និងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ អគារបណ្ណាល័យនេះ មានទំហំ៩ ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង បានដំណើរការសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយទទួលបានថវិកាសម្រាប់សាងសង់ បំពាក់សម្ភារនិងឯកសារ បណ្តុះបណ្តាលបណ្ណារក្ស និងគាំទ្រគម្រោងរយៈពេល៣ឆ្នាំ ពីប្រាសាក់។
លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «វិស័យអប់រំ គឺពិតជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិឌ្ឍនៅកម្ពុជា។ ដូចនេះ ប្រាសាក់ ក៏បាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំតាមរយៈការកសាងបណ្ណាល័យសម្រាប់ការលើកកម្ពស់ទម្លាប់នៃការអានរបស់យុវជនជំនាន់ក្រោយ ជាពិសេសនៅតាមតំបន់ជនបទ»។
លោក សមអឿន បានបន្ថែមថា៖ «យ៉ាងណាមិញ អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ សាលាបឋមសិក្សានិងអនុវិទ្យាល័យ បឹងខ្នារ ទាំងមូល ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យចំនួន ១៧៦ ទីតាំង និងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន ១៣០ គ្រឿង នៅទូទាំងប្រទេស។
ទន្ទឹមនឹងការផ្ដល់ផលិតផលនិងសេវាហិរញ្ញវត្ថុ ប្រាសាក់ បានបង្កើតនូវកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមដូចជា សាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ឧបត្ថម្ភសិស្សានុសិស្សនៅទិវាកុមារ ចូលរួមបរិច្ចាគឈាម និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួន និងការងារមនុស្សធម៌ជាច្រើនទៀត។ល៕