(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីជំរុញការងារអាទិភាពបន្ត សម្រាប់ឆ្នាំ២០១៨ ជាឆ្នាំសំខាន់ដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតសម្រាប់នីតិកាលថ្មី និងជាអាណត្តិចុងក្រោយ នៃរាជរដ្ឋាភិបាលនីតិកាលទី៥។
អនុសាសន៍ទាំង៧ចំណុចនេះ រួមមានដូចតទៅ៖
ទី១៖ ត្រូវខិតខំបន្តការពារ និងពង្រឹងឲ្យបានម៉ត់ចត់នូវសន្តិភាព អធិបតេយ្យភាព និងស្ថិរភាពនយោបាយ ដែលជាលក្ខខណ្ឌចម្បង និងចាំបាច់មិនអាចខ្វះបាន សម្រាប់គាំទ្រដល់កិច្ចដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាធានាជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងទូទាំងប្រទេស។
ទី២៖ ខិតខំរួមគ្នាធានាឲ្យបាន នូវការបោះឆ្នោតជាតិលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យដំណើរការប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានសុវត្ថិភាព ដោយត្រូវរួមគ្នាគាំទ្រ និងចូលរួមអនុវត្តកិច្ចការនានា ស្របតាមច្បាប់បោះឆ្នោតតម្រូវ ព្រមទាំងផ្តល់នូវកិច្ចសហការគាំទ្រដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងាររបស់ខ្លួនដោយលក្ខណៈឯករាជ្យ មិនលម្អៀង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
ទី៣៖ ត្រូវបន្តលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្គម សុខសុវត្ថិភាព ដោយខំលើការពង្រីង ការងារដឹកនាំ និងការទទួលខុសត្រូវរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ក្នុងការពង្រីងវិធានការ ជំនាញ ពង្រីងវិន័យ ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ដល់កងកម្លាំងនគរបាលជាតិ ពិសេសកងកម្លាំងនគរបាលដែលបំពេញការងារ ដោយផ្ទាល់ជាមួយប្រជាជន ក្នុងការអនុវត្តគោលនយោបាយ ភូម/ឃុំ មានសុវត្ថិភាព។
៤៖ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនខុសច្បាប់ នៅតែជាបញ្ហាប្រឈមក្នុងពេលចំពោះមុខ និងរយៈពេលវែងក្នុងសង្គម ដោយសារនិន្នាការផលិត ចរាចរ ចែកចាយគ្រឿងញៀនក្នុងតំបន់ និងពិភពលោកហាក់មិនមានសញ្ញាថមថយនោះឡើយ។ ដើម្បីដោះស្រាយនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវដឹកនាំសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា អនុវត្តសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យខ្លាំងក្លា រស់រវើក ស្របតាមការវិវត្តប្រែប្រួលនៃការផលិត ការជួញដូរ ចែកចាយ ការប្រើប្រាស់គ្រឿងញៀន។
៥៖ គ្រោះថ្នាក់នានា ក្នុងសង្គមកំពុងបង្កឲ្យមានការប៉ះពាល់ ដល់អាយុជីវិតប្រជាជន ការខូចខាត បាត់បង់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនកាន់តែច្រើនឡើងៗ ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ។ ក្នុងន័យនេះ ត្រូវលើកកម្ពស់ការផ្សព្វផ្សាយ អប់រំច្បាប់ស្ដីពីចរាចរណ៍ជើងគោក និងពង្រឹងជាប់ជាប្រចាំនូវការអនុវត្តច្បាប់។ ទន្ទឹមនេះ ត្រូវរៀបចំផែនការមេស្ដីពីចរចរណ៍ និងការដឹកជញ្ជូននៅតាមទីក្រុង ទីប្រជុំជន ដោយផ្សារភ្ជាប់ជាប្រព័ន្ធនូវការអភិវឌ្ឍហេដ្ឋារច្នាសម្ព័ន្ធទីក្រុង ទីប្រជុំជន រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវសាធារណៈ ការចតយានយន្ដ ផ្លាកសញ្ញាចរាចរណ៍ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ចំពោះបញ្ហាអគ្គិភ័យត្រូវបន្ដខិតខំពង្រឹងការចូលរួមរបស់ប្រជាជន ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម អាគារ សំណង់នានាឲ្យចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ ប្រកបដោយស្ថារតីម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវធានាប្រសិទ្ធភាពឧបករណ៍ពន្លត់អគ្គិភ័យ។
ទី៦៖ ចំពោះការអនុវត្តការកែតម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខ្ញុំសូមស្នើគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក៏ដូចក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ធ្វើការពន្លឿនថែមទៀតនូវការផ្ទេរមុខងារ និងធនធានឱ្យបានសមស្របឱ្យទៅជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាចមុខងារ និងធនធានសមស្រប ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពគណនេយ្យភាពចំពោះប្រជាជន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ក៏ដូចបម្រើសេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍនៅមូលដ្ឋាន។
និងទី៧៖ ត្រូវខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមធម៌ និងបរិយាប័ន្ន ដោយត្រូវខិតខំកែលម្អអាកប្បកិរិយា សីលធម៌ ឥរិយាបទរបស់មន្ដ្រីអាជ្ញាធរនៅមូលដ្ឋានក្នុងការប្រាស្រ័យទាក់ទង និងការផ្ដល់សេវារដ្ឋបាលនានា ជូនប្រជាជន ដោយមិនមានការរើសអើង ពិសេសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែឬ សំបុត្រអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព្រមទាំងលិខិតស្នាមផ្សេងៗទៀតដែលពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
ជាមួយនឹងការផ្តល់អនុសាសន៍ សម្រាប់ក្រសួងមហាផ្ទៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចថែមទៀតថា ដំណាក់កាលនេះ សន្តិភាពរបស់កម្ពុជា ធំជាងអ្វីៗទាំងអស់។ សម្តេចតេជោ បានបញ្ជាក់ថា សន្ដិភាពពេញលេញដែលយើងកំពុងមាននៅទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានមកដោយចំណាយពេលវេលា ដ៏យូរប្រមាណជា៣ទសវត្សរ៍ ព្រមជាមួយការតស៊ូ ព្យាយាម និងការលះបង់សាច់ស្រស់ឈាមស្រស់របស់យុទ្ធជន និងអ្នកស្នេហាជាតិរបស់យើងជាច្រើនរូប។ បើគ្មានសន្ដិភាពទេ ការអភិវឌ្ឍក៏គ្មានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបឲ្យបាន នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយណា ដែលប៉ុនប៉ងធ្វើឲ្យសន្ដិភាពនៅកម្ពុជាបាត់បង់ និងត្រួវរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីបន្ដអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យមានកំណើន ប្រកបដោយចីរភាព ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕