(បន្ទាយមានជ័យ)៖ ដើម្បីលើកកម្ពស់វិស័យអប់រំនៅតាមជនបទដាច់ស្រយាល ក្រុមយុវជន រួមជាមួយក្រុមរថយន្ត និងក្រុមម៉ូតូរបស់ខេត្តបន្ទាយមានជ័យ បាននាំយកសម្ភារ:សិក្សាមួយចំនួនទៅចែកជូនដល់សិស្សានុសិស្សចំនួន ១៥១នាក់ដែលកំពុងសិក្សា នៅក្នុងសាលាបឋមសិក្សាព្រាវ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ផូ ស៊ីតាល់ ប្រធានក្រុមរថយន្ត បានឲ្យដឹងថា ដោយមើលឃើញពីគុណភាពសិក្សារបស់ក្មួយៗ នៅតាមបឋមសិក្សា ដែលស្ថិតនៅតំបន់ដាច់ស្រយាល នៅតាមជនបទ មិនសូវមានគុណភាព គឺបណ្តាលមកពីការកង្វះខាតនូវសម្ភារៈបង្រៀន និងសម្ភារៈសិក្សារបស់សិស្សមិនគ្រប់គ្រាន់។ លោកបានបន្តថា ហេតុនេះហើយទើបក្រុមរថយន្ត ក្រុមម៉ូតូ និងក្រុមយុវជនខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានប្រមូលផ្តុំកៀគរ រកមូលនិធិដើម្បីទិញសម្ភារ:សិក្សា ចែកជូនដល់គ្រប់សិស្ស តាមសាលាដែលស្ថិតនៅដាច់ស្រយាលកន្លងមក ហើយម្យ៉ាងវិញទៀតការផ្តល់ជូននេះ ពិតជាបានជួយសម្រួលដល់ការរៀនសូត្ររបស់ក្មួយៗ និងពិសេសទៅទៀត គឺជួយសម្រាលដល់បន្ទុកគ្រួសារផងដែរ។ លោកបញ្ជាក់ថា នេះជាសាលាទីពីរហើយ ដែលក្រុមរថយន្ត ក្រុមម៉ូតូ និងក្រុមយុវជនខេត្តបានផ្តល់អោយសិស្សនូវសម្ភារៈសិក្សា។
ជាមួយគ្នានេះដែរ លោក ស្រេង សុផល អនុប្រធាន សសយក ខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់សម្ភារៈដែលផ្តល់ជូនរួមមាន ចំពោះសិស្សម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៉ិច២ដើម ខ្មៅដៃ២ដើម ឧបករណ៍ខួងខ្មៅដៃ១ និងនំប៉័ង សម្រាប់លោកគ្រូ អ្នកគ្រូ ៤នាក់ ទទួលបានថវិកាលើកទឹកចិត្តបង្រៀនក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ។ ក្រៅពីនោះ ក៏មានផ្តល់ជូនសម្ភារៈសម្រាប់សាលានូវសៀវភៅ ១៥០ក្បាល ខ្មៅដៃ២០០ដើម ដីស៣០ប្រអប់ ប៉ិច១០០ដើម ក្តារខៀន៣ ក្តារឈ្នួន៥០។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានថ្លែងអំណរគុណ ដល់ក្រុមសប្បុរសធម៌ ដែលបានរួមចំណែក លើកកម្ពស់គុណភាពអប់រំនៅតាមទីជនបទ ហើយដោយមើលឃើញសកម្មភាពដ៏ប្រពៃនេះ លោកក៏បានចូលរួមឧបត្ថម្ភថវិកា ២០ម៉ឺនរៀលបន្ថែមសម្រាប់សាលាផងដែរ៕