(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។ ពិធីបើកសន្និបាតត្រូវបាន ធ្វើឡើងក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាល និងមន្ត្រីរាជការស៊ីវិលស្ថិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមកពីទូទាំងប្រទេស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃដល់កម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៧។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីបញ្ហាពិភពលោកជួបស្ថានការណ៍ប្រែប្រួលខ្លាំង តែកម្ពុជានៅតែអាចរក្សាបាននូវសុខសន្តិភាព។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានអះអាងថា បើទោះបីកម្ពុជារងការវាយប្រហារពីចលនាមួយចំនួនយ៉ាងណាក្តី តែកម្ពុជានៅតែអាចរួមគ្នារក្សាបាននូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
* សម្តេចតេជោ បានថ្លែងថា កម្លាំងសមត្ថកិច្ចបានប្រឹងប្រែងបង្ក្រាបបទល្មើសនានានៅក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព ហើយការគ្រប់គ្រងជនអន្តោប្រវេសន៍ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ជាឆ្នាំទី៥ និងឆ្នាំចុងក្រោយនៃការអនុវត្តន៍នយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវរក្សាការពារ និងពង្រឹងឲ្យបាននូវសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។
* សម្តេចតេជោ ជំរុញឲ្យកងកម្លាំងខិតខំរួមគ្នាធានាឲ្យបាននូវការបោះឆ្នោតជាតិលើកទី៦ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឲ្យប្រព្រឹត្តទៅបានដោយសេរី យុត្តិធម៌ និងតម្លាភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រឿងនៅតែជាបញ្ហាប្រឈមចំពោះមុខ និងប្រឈមក្នុងរយៈពេលវែង ព្រោះតែនិន្នាការនៃការផលិតមិនមានការថមថយ។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់លើបញ្ហានេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាចរាចរណ៍ផងដែរ ព្រោះតែបញ្ហានេះនៅតែជាក្តីកង្វល់មួយសម្រាប់សង្គមកម្ពុជា។
* សម្តេចតេជោ ស្នើឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនក្នុងការងារផ្ទេមុខងារទៅកាន់រដ្ឋបាលថ្នាក់ក្រោម ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានអំណាច ធនធាន និងសិទ្ធិ ក្នុងការបម្រើប្រជាជន និងអនុវត្តការងារនៅមូលដ្ឋាន
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យបង្កើននូវការផ្តល់សេវាជូនប្រជាពលរដ្ឋចំពោះការធ្វើលិខិតស្នាមផ្សេងៗ ដោយសមធម៌ និងគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មុនអ្វីៗទាំងអស់ ត្រូវតម្កល់សន្តិភាពជាធំ។ សន្តិភាពនេះ បានមកដោយចំណាយពេលវេលាជាង៣ទស្សវត្ស និងការបូជាសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចាប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៣៖៥២នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ៕