(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជូនទៅកាន់សភា។
សិក្ខាសិលានេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធជំវិញរាជធានីខេត្ត និងអង្គការជាតិ អន្តជាតិ សហគមន៍ ព្រមទាំងវិស័យឯកជន ចូលរួមប្រមាណជាជិត ៤០០នាក់ផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧នេះដែរ រៀបចំឡើងក្នុងគោលបំណងជំរុញការពិគ្រោះយោបល់ជាសាធារណៈបន្ថែមទៀត លើសេចក្ដីព្រាងក្រមបរិស្ថាន ក៏ដូចជាដើម្បីប្រមូលធាតុចូលថ្មីៗថែមទៀត សំដៅធ្វើការកែលម្អសេចក្ដីព្រាងក្រមឲ្យកាន់តែមានសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពក្នុងការអនុវត្ត។
សូមរម្លឹកថា ក្រៅពីសិក្ខាសាលាថ្នាក់ជាតិទាំង៧លើកនេះ ក្រសួងបរិស្ថានដែលជាអ្នកផ្តួចផ្តើមគំនិត បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន ៦ដងរួចមកហើយ ដែលមានការចូលរួមពីគ្រប់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់សភាផងដែរ ហើយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងការពិភាក្សា និងជជែកផ្ទៃក្នុងក្រសួង និងក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។
សេចក្តីព្រាងក្រមបរិស្ថាននេះ បានឈានដល់កំណែទី១០ របស់ខ្លួនហើយដោយក្រមនេះមានគន្ធី១២ និងមានមាត្រាចំនួន១០៦៤ មានទិសដៅការពារបរិស្ថានដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះមហន្តរាយ និងការខូចខាតបរិស្ថាន និងការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី រួមទាំងលើកកម្ពស់សុខុមាលភាពសង្គមជាដើម៕