(ភ្នំពេញ)៖ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានបន្តប្រកាស មិនទទួលខុសត្រូវចំពោះខ្លឹមសារទាំងឡាយដែលបង្ហោះនៅ Account Facebook ឈ្មោះ «Sarin Vanna» ដែលត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង (Hack)កាលពីម្សិលមិញ។
លោក សារិន វណ្ណា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ហ្វេសប៊ុករបស់់ខ្ញុំ នៅមិនទាន់អាចយកត្រឡប់មកវិញបាននោះទេ ហើយជនអនាមិកទាំងនោះ បានយកហ្វេសប៊ុកទៅជំរិតទារប្រាក់ពីអ្នកដទៃ ដែលនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសរបស់ខ្ញុំ ដូច្នេះខ្ញុំសូមប្រកាសមិនទទួលខុសត្រូវនោះទេ។ ខ្ញុំសូមបដិសេធចោលទាំងស្រុងចំពោះខ្លឹមសារ និងសកម្មភាពទុច្ចរិតទាំងនេះ»។
សូមបញ្ជាក់ថា Facebook លោក សារិន វណ្ណា ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយយកទៅជំរិតទារប្រាក់ពីអ្នកដ៏ទៃ។
យ៉ាងណាក៏ដោយ ពេលនេះលោក បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នជំនាញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ៕