(ភ្នំពេញ)៖ លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ដោយរាប់ទាំងរដ្ឋសភា ព្រឹទ្ធសភាផងដែរ ដើម្បីស្នើសុំមតិយោបល់ អនុសាសន៍ និងធាតុចូលបន្ថែមទៀត ក្រោមជំនួយ UNDP, USAID និងមូលនិធិជប៉ុន។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានលើធ្វើឡើងនៅក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧លើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។ សិក្ខាសិលានេះ ក៏មានការចូលរួមពី លោកស្រី Maria Sargren ឯកអគ្គរាជទូតប្រទេសស៊ុយអែត លោក Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ា លោក លោកស្រី តំណាងអង្គទូតប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលរាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញរាជធានីខេត្ត និងអង្គការជាតិ អន្តរជាតិ សហគមន៍ ព្រមទាំងវិស័យឯកជនផងដែរ។

នេះជា សិក្ខាសាលាថ្នាក់ជាតិទាំង៧លើកនេះ ក្រសួងបរិស្ថានដែលជាអ្នកផ្តួចផ្តើមគំនិត បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន ៦ដងរួចមកហើយ ដែលមានការចូលរួមពីគ្រប់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់សភាផងដែរ ហើយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងការពិភាក្សា និងជជែកផ្ទៃក្នុងក្រសួង និងក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។

លោក ឃុត ចាន់ដារ៉ា បានបញ្ជាក់ថា «លើសពីនេះ កំណែទី១០ នៃសេចក្តីព្រាងក្រមបរិស្ថាន ត្រូវបានបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធ សាលារាជធានីខេត្ត សមាជិក សមាជិកា រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីស្នើសុំមតិយោបល់ អនុសាសន៍ និងធាតុចូលបន្ថែមទៀត សំដៅធានាឲ្យបាននូវសង្គតិភាព ប្រសិទ្ធភាពក្នុងការអនុវត្ត និងភាពគ្រប់ជ្រុងជ្រោយរបស់ក្រមបរិស្ថាន»

បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលានេះថា គឺដើម្បីបន្ស៊ីគ្នារវាងខ្លឹមសារបច្ចេកទេសពីក្រុមជំនាញនៃក្រសួងបរិស្ថាន និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ទៅនឹងខ្លឹមសារនៃច្បាប់ដើម្បីធានាបាននូវការអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ និងទទួលយកបាន ក្នុងទិសដៅការពារធនធានធម្មជាតិកម្ពុជាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបជូនផងដែរថា សេចក្តីព្រាងក្រមបរិស្ថាននេះ បានឈានដល់កំណែទី១០ របស់ខ្លួនហើយដោយក្រមនេះមានគន្ធី១២ និងមានមាត្រាចំនួន១០៦៤ មានទិសដៅការពារបរិស្ថានដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះមហន្តរាយ និងការខូចខាតបរិស្ថាន និងការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី រួមទាំងលើកកម្ពស់សុខុមាលភាពសង្គមជាដើម៕