(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Scaironi សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដោយមានការចូលរួមពីសហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនានេះ បានបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនេះ ត្រូវបានរៀបចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហា របស់វិស័យឯកជន ដើម្បីរួមចំណែកបង្កើត នូវបរិយាកាសកាន់តែល្អប្រសើរ ឡើងចំពោះការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
សេចក្តីប្រកាសដដែលបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងមុះមុតឥតរាថយ ក្នុងការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច ជាពិសេស ការបន្តរៀបចំប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីទ្រទ្រង់ដល់ធុរកិច្ច និងពង្រឹងការប្រកួតប្រជែងដោយ ស្នើភាព និងយុត្តិធម៌ និងដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ»។
ក្នុងន័យនេះ, កិច្ចប្រជុំក្រុម «ឃ» នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំជាបន្តបន្ទាប់ ហើយតែងដោះស្រាយបាននូវបញ្ហាជាច្រើនដែលជាកង្វល់របស់ វិស័យឯកជន។
ជាក់ស្តែង, កិច្ចប្រជុំលើលើកទី៦នេះ, សំណើ, សំណូមពរ និងកង្វល់របស់ផ្នែកឯកជនចំនួន៧បានលើក ឡើងពិភាក្សា ដើម្បីរកដំណោះស្រាយ រួមមាន៖
១៖ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ៖
យន្តការនៃការដោះស្រាយវិវាទសារពើពន្ធ ដែលផ្នែកឯកជនបានលើកឡើង ត្រូវគូសបញ្ជាក់ និងបំភ្លឺ ដោយ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ០៣ អនក្រ.ប ចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញប្រកាសលេខ ១៤៧០ សហវ.ប្រក ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពីវិធាន និងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ ហើយបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ ក៏មានបង្កើតក្រុមការងាររវាងវិស័យពន្ធដារ និងផ្នែកឯកជន ដែលជាវេទិកាផ្តល់ការពន្យល់កាន់តែច្បាស់លាស់ នូវនីតិវិធីពាក់ព័ន្ធការបង់ពន្ធ រួមទាំង រៀបចំសិក្ខា សាលាផ្សព្វផ្សាយជាប្រចាំ ។ល។
កិច្ចការចំពោះមុខ, អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំគោលការណ៍ ណែនាំសាមញ្ញមួយទៀត សម្រាប់ពន្យល់អ្នកជាប់ពន្ធ ឱ្យកាន់តែងាយយល់អំពីសិទ្ធិ និងកាតព្វកិច្ចពន្ធ ដោយរៀបចំពង្រីកវិសាលភាព និងពង្រឹងយន្តការនេះបន្ថែមទៀត សំដៅធានាដល់ការផ្តល់កិច្ច សហការពេញលេញ របស់អគ្គនាយកដ្ឋានពន្ធដារចំពោះ វិស័យឯកជនពាក់ព័ន្ធទាំងអស់ ។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ៖
ដោយឡែក ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដែលតាមរយៈការពិគ្រោះយោបល់ និងដាក់ឆ្លងកិច្ចប្រជុំជាច្រើនលើកច្រើនសាររួចមកហើយ ហើយទទួលបាន ការគាំទ្រ និងជំរុញដល់ការអនុម័តច្បាប់នេះ នាពេលខាងមុខ ដែលអាចដោះស្រាយកង្វល់ និងជាប្រយោជន៍ដល់វិស័យឯកជន បានមួយផ្នែកធំថែមទៀត ។
៣៖ ឧស្សាហកម្មថ្នាំជក់៖
ចំពោះបញ្ហាអនុលោមភាព និងការប្រើប្រាស់តែមប្រិ៍អាករ សម្រាប់បង់អាករពិសេសលើផលិតផលថ្នាំជក់ ដោយមិនគោរពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន គឺដោយសារក្រុមហ៊ុនខ្លះមិនបំពេញ តាមលក្ខខណ្ឌតម្រូវនៃការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មីប៉ុណ្ណោះ ជាពិសេស ការមិនបិទតែមប្រិ៍លើកញ្ចប់បារី ឬបិទតែមប្រិ៍អាករប្រភេទចាស់ ហើយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បាន និងកំពុងរៀបចំយន្តការគ្រប់គ្រង, ត្រួតពិនិត្យនិងតាមដាន យ៉ាងយកចិត្តទុក ដាក់អំពីការអនុវត្តកាតព្វកិច្ចរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មបារី ដើម្បីពង្រឹងបាននូវអនុលោមភាព និងធ្វើឱ្យការប្រកួតប្រជែងប្រកបដោយសមធម៌ និងបន្តសម្របសម្រួលដល់វិស័យឯកជនលើកិច្ចការនេះ ។
៤៖ ប័ណ្ណការងារសម្រាប់នាយកក្រុមហ៊ុន M&A៖
ចំពោះកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងករណីតម្រូវឱ្យមានប័ណ្ណការងារសម្រាប់នាយកក្រុមហ៊ុនដែលមក បំពេញការងាររយៈពេលខ្លី, ជាក់ស្តែង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលដោយមិនតម្រូវ ឱ្យស្នើសុំប័ណ្ណការងារទេ ប៉ុន្តែដើម្បីមានមូលដ្ឋាននៃការអនុវត្តច្បាស់លាស់បន្ថែមទៀត ឯកឧត្តមប្រធានបានស្នើឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំជាវិធានការផ្លូវការសម្រាប់សម្រួលសំណើរបស់ផ្នែកឯកជននេះ ។
៥៖ ការប្រកាសជូនដំណឹងស្តីពីការបើកសហគ្រាសសម្រាប់ក្រុមហ៊ុនមេ និង ភាពជានាយកក្រុមហ៊ុននៅក្នុង ពហុក្រុមហ៊ុន៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ថាប័ណ្ណការងារតែមួយ សម្រាប់នាយកនោះ គឺគ្រប់គ្រាន់ និងអាចទទួលយកបាន សម្រាប់ការងារអធិការកិច្ចរបស់ក្រសួង ។
៦៖ អាករបំភ្លឺសាធារណៈលើការលក់ស្រាបៀរដោយអ្នកចែកចាយ៖
កង្វល់ពាក់ព័ន្ធអាករបំភ្លឺសាធារណៈលើការលក់ស្រាបៀរដោយអ្នកចែកចាយ ត្រូវបានដោះស្រាយ ដោយសម្រេច បន្ថូរបន្ថយមូលដ្ឋានគិតអាករបំភ្លឺសាធារណៈ ដែលមានការធ្លាក់ចុះពីមូលដ្ឋានមុនរហូតដល់ជិត៩០% ។
៧៖ ឧស្សាហកម្មរថយន្ត៖
បញ្ហាកង្វះបទប្បញ្ញត្តិទាក់ទងនឹងការនាំចូល និងការពង្រឹងច្បាប់នៃឧស្សាហកម្មរថយន្ត ដែលវិស័យឯកជនកំពុងមានកង្វល់នោះ គឺរាជរដ្ឋាភិបាល បាននិងកំពុងគិតគូរដោះស្រាយជាជំហានៗ និង បានដាក់ចេញលិខិតបទដ្ឋាន ក្នុងការគ្រប់គ្រងយ៉ាងច្បាស់លាស់ ។ ជាក់ស្តែង, មុខទំនិញនាំចូលទាំងអស់ (រាប់បញ្ចូលទាំងរថយន្តផង) ត្រូវគោរពតាមវិធានស្តង់ដាររបស់កម្ពុជាជាធរមាន។ ចំពោះរថយន្ត, រាល់ការតម្រូវផ្នែកបច្ចេកទេសនានា នឹងត្រូវបានផ្ទៀងផ្ទាត់ឡើង វិញនៅពេលចុះបញ្ជីធ្វើផ្លាកលេខ។ ដោយឡែក, ការដាក់បន្ថែមនូវវិធានការមិនមែនពន្ធនានា នៅមាត់ច្រកព្រំដែន ក៏ត្រូវពិចារណាឱ្យបានល្អិតល្អន់ និងជាកម្មវត្ថុនៃការពិភាក្សាកម្រិតអន្តរក្រសួង/ស្ថាប័ន។ ទោះបីរាជរដ្ឋាភិបាល មិនទាន់អាចអនុវត្តនូវគោលនយោបាយ ទប់ស្កាត់ការនាំចូលរថយន្តមួយទឹក ប៉ុន្តែបានពង្រឹងយន្តការត្រួតពិនិត្យតាមដាន គុណភាព និងលក្ខណៈបច្ចេកទេសយានយន្តរួចហើយ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងការបារម្ភរបស់វិស័យឯកជន ហើយបានធ្វើការអំពាវនាវដល់ផ្នែកឯកជន ចូលរួមក្នុងការពង្រឹងយន្តការ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រុម “ឃ” នេះ និងអំពាវនាវដល់ផ្នែក ឯកជនឱ្យពង្រឹងការងាររួមគ្នា, សម្របសម្រួលបង្កើតបានជាសំឡេងតែមួយ សម្រាប់ធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវការលើកឡើងនូវបញ្ហាជាន់គ្នា, ការបង់ពន្ធលើពេលវេលា និងបាត់បង់ប្រសិទ្ធភាពការងារ ក្នុងឆន្ទៈ បន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយនូវក្តីកង្វល់របស់វិស័យឯកជននេះបន្តទៅមុខទៀត៕