(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយស ជូនក្រុមជំនាញការជប៉ុនប្រចាំក្រសួង គឺ លោក Taizo CHIBA, លោក Hidetoshi KUME និងលោក Koichi OGAWA។
ឆ្លៀតក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្រោមការជួយជ្រោមជ្រែងពី ក្រុមជំនាញការជប៉ុន ក្នុងនោះរួមមាន៖ ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់កម្ពុជា, កិច្ចសហប្រតិត្តិការបច្ចេកទេស លើការថែទាំជួសជុលផ្លូវថ្នល់, កិច្ចសហប្រតិបត្តិការ បច្ចេកទេស ស្តីពីការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ, គម្រោងកំពង់ផែប្រើប្រាស់ប្រព័ន្ធEDI ការជួសជុលថែទាំស្ពាន គម្រោងផ្លូវ ល្បឿនលឿន និងគម្រោងមេភស្តុភារកម្ម។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជួយដល់ក្រសួង ជាពិសេសអង្គការ JICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន៕