(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ដែលអគ្គនាយកដ្ឋានពន្ធដារ ប្តឹងម្ចាស់កាសែត The Cambodia Daily ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» មកជំនុំជម្រះ។
អង្គសវនាការនេះមានលោក សេង លាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ស្រី កែវ សុគន្ធា ជាតំណាងអយ្យការ។ ក្នុងសវនាការនេះ ក៏មានវត្តមានមេធាវីដើមបណ្តឹង និងចុងចម្លើយ ប៉ុន្តែចៅក្រមជំនុំជម្រះ មិនបានសួរដេញបានច្រើនទេ ដោយហេតុថា ឯកសារសំណុំរឿងភាគច្រើនជាភាសារអង់គ្លេស ហើយមិនត្រូវបានគេយកវាទៅ បកប្រែជាខេមរភាសាទេ។
ដោយហេតុនេះ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានសម្រេចលើកយកសំណុំរឿងនេះ ទៅបន្តសវនាការ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨វិញ។
គួររំលឹកថា តាមឯកសារក្នុងពាក្យបណ្តឹងចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្តឹងម្ចាស់ កាសែត The Cambodia Daily គឺលោកស្រី Deborath Krisher Steele ពីបទបរិហារកេរ្តិ៍ ដោយថា ម្ចាស់កាសែតរូបនោះ ថាបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុក តាមរយៈសារអេឡិចត្រូនិច ដោយចោទប្រកាន់ទៅលើមន្រ្តីអគ្គនាយកដ្ឋានពន្ធដារថា ជាអ្នកធ្វើឲ្យបែកធ្លាយនូវព័ត៌មាន ស្តីការកំណត់ពន្ធ។
ក្នុងបណ្តឹងនោះ អគ្គនាយកដ្ឋានពន្ធដាររៀបរាប់ថា លោកស្រី Deborath Krisher Steele បាននិយាយថា អគ្គនាយកដ្ឋានពន្ធដារ ចោទសារព័ត៌មានរបស់លោកស្រីថា ជំពាក់ថ្លៃពន្ធ៦លាន១សែនដុល្លារអាមេរិកនោះ គឺមានចេតនានយោបាយចង់បិទកាសែតនេះចោលតែម្តង ដែលអគ្គនាយកដ្ឋានពន្ធដារយល់ថា ការឡើងរបស់លោកស្រី Deborath Krisher Steele តាមរយៈសារអេឡិចនិច គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នរដ្ឋ។
កាសែតភាសាអង់គ្លេស The Cambodia Daily បានបិទប្រតិបត្តិការរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យទៅបង់ពន្ធជាង ៦លានដុល្លារ ដោយថា បានជំពាក់ពន្ធរដ្ឋរយៈពេល១០ឆ្នាំ។
ក្រោពីកាសែតនេះបិទប្រតិបត្តិការ រដ្ឋាភិបាលបានហាមមិនឲ្យអ្នកទទួលខុសត្រូវរបស់កាសែតនេះ ចាកចេញពីកម្ពុជាឡើយ ដើម្បីដាក់បន្ទុកឲ្យទទួលខុសត្រូវទូរទាត់បំណុលជូនរដ្ឋ។
ក្រៅពីបណ្តឹងពីបទបរិហារកេរ្តិ៍នេះ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចដាក់ពាក្យប្តឹង ថ្នាក់ដឹកនាំនៃកាសែត The Cambodia Daily ចំនួន៣រូបមាន ម្ចាស់ស្ថាប័ន, បណ្ណាធិការ និងចាងហ្វាយការផ្សាយកាសែត Cambodia Daily ចំពោះការគេចវេស មិនបង់ពន្ធជូនរដ្ឋ។
ថ្នាក់ដឹកនាំនៃកាសែត Cambodia Daily ចំនួន៣រូប ដែលនាយកដ្ឋានពន្ធដារដាក់ពាក្យបណ្តឹងនោះ រួមមានដូចខាងក្រោម៖
ទី១៖ លោកស្រី Deborah Krisher-Steele. ដែលមានតួនាទីជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ
ទី២៖ លោក Douglas Eric Steele ដែលមាននាទីជាបណ្ណាធិការ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។
ទី៣៖ លោក Bernard Krisher មានតួនាទីចាងហ្វាយកាសែត Cambodia Dialy. ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។
នៅក្នុងលិខិតបណ្តឹងអគ្គនាយកដ្ឋានបានលើកឡើងថា «ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) បានប្រកបអាជីវកម្ម សារពើពន្ធ The Cambodia Daily នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣ ប៉ុន្តែទើបមកចុះបញ្ជីពន្ធដារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧»។
កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាព បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅរសៀលថ្ងៃអាទិត្យនេះ។ ការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែងអំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក៕