(ភ្នំពេញ)៖ សហគមន៍អឺរ៉ុប (EU) បានសន្យាផ្ដល់ជំនួយថវិកាចំនួន ៥លាន៥សែនអឺរ៉ូ (ជិត៧លានដុល្លារអាមេរិក) សម្រាប់បើកប្រាក់បៀវត្សដល់មន្ត្រីជាតិ-អន្តរជាតិក្នុងសាលាក្ដីខ្មែរក្រហម នៅអំឡុងពេលឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នេះបើតាមលោក ឌឹម សុវណ្ណារុម សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងនាមជាអតីតប្រធានអ្នកនាំពាក្យតុលាការខ្មែរ។
លោកថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីលោករួមជាមួយគណៈប្រតិភូ គ.ជ.ប ទើបអញ្ជើញដល់មាតុភូមិកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសរុស្ស៊ី នារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកថ្លែងយ៉ាងដូច្នេះថា «សហគមន៍អឺរ៉ុបជួយថវិកា ដើម្បីឲ្យទៅរដ្ឋបាលតុលាការខ្មែរក្រហមសម្រាប់បើកប្រាក់ខែ។ គេបានប្រកាសហើយថា ឆ្នាំ២០១៨ ២០១៩ គឺសន្យាផ្ដល់ជំនួយជាថវិកាចំនួន ៥លាន៥សែនអឺរ៉ូ ហើយ៥លាន៥សែនអឺរ៉ូនេះ គេនឹងធ្វើការបែងចែកជាពីរ សម្រាប់ភាគីជាតិផង និងភាគីអន្តរជាតិផង។ ភាគីជាតិគាត់ស្នើសុំ ១លាន៥សែនអឺរ៉ូ»។
អតីតប្រធានអ្នកនាំពាក្យតុលាការខ្មែររូបនេះ បានបន្តថា ការសន្យារបស់សហគមន៍អឺរ៉ុបខាងលើនេះ ត្រូវបានបញ្ជាក់ឡើងបន្ទាប់ពីលោក ឌឹម សុវណ្ណារុម បានជួយធ្វើបង្ហាញជំនួសសាលាក្ដីខ្មែរក្រហម ក្នុងនាមជាអតីតប្រធានអ្នកនាំពាក្យតុលាការខ្មែរ អំពីការងាររបស់តុលាការខ្មែរក្រហម ហើយជាលទ្ធផល ខាងសហគមន៍អឺរ៉ុបនៅបន្តផ្ដល់ជំនួយលើផ្នែកហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៨ ឆ្នាំ២០១៩ ដល់តុលាការខ្មែរក្រហមដដែល។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ លោក នេត្រ ភក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា លោកធ្លាប់បានទទួលដំណឹងដែរថា សហគមន៍អឺរ៉ុប នឹងបន្តផ្ដល់ជំនួយមកសាលាក្ដីខ្មែរក្រហម ប៉ុន្តែការប្រកាសផ្លូវការយ៉ាងណានោះ ខាងសាលាក្ដីខ្មែរក្រហមមិនទាន់ទទួលបាននៅឡើយទេ។
លោកបានបន្តថា តាំងពីឆ្នាំ២០០៦-២០១៧ សហគមន៍អឺរ៉ុប បានផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហមចំនួន ២២,២៦៤,១៤៨ដុល្លារអាមេរិក សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីជាតិ និងមន្ត្រីអន្តរជាតិ ក្នុងនោះបានយកទៅបើកជូនមន្ត្រីអន្តរជាតិចំនួន ១១.៧៥លានដុល្លារអាមេរិក និងបើកជូនមន្ត្រីជាតិចំនួន ១០.៥១លានដុល្លារអាមេរិក។
បើតាមលោក នេត្រ ភក្ត្រា ចាប់ពីឆ្នាំ២០០៦-២០១៦ សាលាក្ដីខ្មែរក្រហម បានចំណាយថវិកាអស់ចំនួន ២៩៣លានដុល្លារអាមេរិកហើយ ក្នុងនោះចំណាយសម្រាប់ភាគីអន្តរជាតិចំនួន ២២៤.៣លានដុល្លារអាមេរិក និងភាគីជាតិចំនួន ៦៨.៧លានដុល្លារអាមេរិក៕