(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានចាត់ទុកថា សេចក្ដីថ្លែងការណ៍រួម របស់ប្រទេសសមាជិកមួយចំនួន នៃក្រុមប្រឹក្សាសិទ្ធមនុស្ស ទីក្រុងហ្សឺណែវ កាលពីម្សិលមិញនេះ គឺជាការឈ្លានពាន និងរំលោភទាំងស្រុងមកលើអធិបតេយ្យភាពរបស់កម្ពុជា។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីប្រទេសមួយចំនួន ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិមនុស្ស និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាយល់ឃើញនឹងគោរពការទទួលស្គាល់ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្តល់សិទ្ធិពេញលិញ និងគោរពអធិបតេយ្យភាព សមាជិករបស់ខ្លួន។ អង្គការសហប្រជាជាតិ បានផ្តល់កិច្ចគាំពារ និងទទួលស្គាល់ជាផ្លូវការ នូវសិទ្ធិស្វ័យសម្រេច ដែលជាអធិបតេយ្យភាពរបស់សមាជិក របស់ខ្លួន (អង្គការសហប្រជាជាតិ)។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តុលាការកម្ពុជា តំណាងដោយផលប្រយោជន៍របស់ប្រជារាស្រ្ត និងអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនមានបុគ្គលណា ឬក្រុមណា នៅថ្នាក់ជាតិ ឬអន្តរជាតិ មករំលោភបំពានបានឡើយ។ ដូចនេះការទាមទារដាក់កំហិតដល់តុលាការកម្ពុជា និងរដ្ឋាភិបាលកម្ពុជា នៅក្នុងរូបភាពណាមួយនោះ គឺចាត់ទុកថាជាការឈ្លានពាន និងរំលោភលើកម្ពុជាទាំងស្រុង។ កម្ពុជាមិនមែនរដ្ឋចំណុះ នៃភាពអាណានិគមរបស់ក្រុមបរទេសណាមួយនោះឡើយ ត្បិតកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងកិច្ចធានា និងរក្សានូវភាពស្របច្បាប់របស់ខ្លួន»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គឺជាការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចគោរព និង រក្សាគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សក្នុងការបោះឆ្នោត ដោយទៀងទាត់តាមដែនកំណត់ នៃច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយនេះ ជាអទិភាពរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរ វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធររដ្ឋដទៃទៀត ដែលពាក់ព័ន្ធនៃដំណើរការការបោះឆ្នោតនេះ នោះរាប់ទាំងយន្តការណ៍ និងសេចក្ដីសម្រេចលទ្ធផលនៃការបោះឆ្នោត។
លោកបានបន្តទៀតថា ពិភពលោកស្គាល់កម្ពុជាច្បាស់ថា ជាប្រជាជាតិ ស្រលាញ់ សន្តិភាព និងសហប្រតិបត្តិការជាមួយនឹងប្រជាជាតិដទៃក្នុងលោក មិនប្រកាន់ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ កម្ពុជានៅតែវាយតម្លៃខ្ពស់នៅរាល់កិច្ចសហការ ទាំងវិស័យសង្គមកិច្ច នយោបាយ និងពាណិជ្ជកម្ម។កម្ពុជាប្រឆាំងដាច់ខាតរាល់អំពើ និងសកម្មភាពភេរវកម្ម។ កម្ពុជាមានជំហរច្បាស់លាស់ដាច់ខាត ចង់បានពីភពលោករស់នៅយ៉ាងសុខសាន្ត និងសន្តិភាពប្រាសចាកពីការប្រើប្រាស់អាវុធប្រល័យលោក និងអរិភាពគ្រប់បែបយ៉ាង។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍នេះដែរ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានចាត់ទុកថា កិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានធ្វើខុសនឹងរបៀបវារៈ និងបានព្រមានមិនឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំណាមួយវាយប្រហារលើប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំទៀងទាត់ក្នុងខែមិថុនា ដែលកំណត់ដោយច្បាប់ឡើយ។ កម្ពុជាចាត់ទុកថា ការប៉ុនប៉ងរៀបចំ សកម្មភាពនេះ គឹរំលោភបំពានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលអនុម័តកាលពីឆ្នាំមុន៕