(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។ ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាល និងមន្ត្រីរាជការស៊ីវិលស្ថិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមកពីទូទាំងប្រទេស។
សន្និបាតរយៈពីរថ្ងៃនេះក្រសួងមហាផ្ទៃបានលើកបង្ហាញនូវសមិទ្ធផលជាច្រើនដែលខ្លួនសម្រេចបានក្នុងឆ្នាំ២០១៧ ដូចជាការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើទុច្ចរិតនានា ព្រមទាំងការទប់ស្កាត់ និងបំផ្លាញចោលនូវចលនាបដិវត្តន៍ពណ៌ជាដើម។ ក្រសួងមហាផ្ទៃក៏បានបង្ហាញពីសមិទ្ធផលនានាពាក់ព័ន្ធការគ្រប់ផ្នែករដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
សន្និបាតនេះ ក៏បានសម្រេចដាក់ចេញនូវផែនការជាច្រើនទៀតសម្រាប់អនុវត្តន៍ក្នុងឆ្នាំថ្មី ដើម្បីរក្សាបាននូវស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងការបម្រើការងាររដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ក្នុងពិធីបើកសន្និបាតនៅថ្ងៃម្សិលមិញ សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវទិសដៅយុទ្ធសាស្ដ្រសំខាន់ៗចំនួន ៤ចំណុច ដើម្បីឲ្យមន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាសម្រេចឲ្យបាន។ ទិសដៅយុទ្ធសាស្ត្រសំខាន់ៗទាំង ៤ចំណុចនោះរួមមាន៖
ទី១៖ បន្ដខិតខំថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើនរឹងមាំបន្ថែមទៀត នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។
ទី២៖ បន្ដជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើនឡើងនូវកាលានុវត្តភាព (ឱកាស) ថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
ទី៣៖ ខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាទំនាស់ដីធ្លី ឲ្យដំណើរការប្រកបដោយការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ មានយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ពិសេសបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ដើម្បីគ្រប់គ្រងបញ្ហាមិនឲ្យរីករាលដាល។
និងទី៤៖ ពង្រឹងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ដ្រីគ្រប់លំដាក់ថ្នាក់ ដោយខិតខំលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ក្នុងគោលបំណងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើកគ្រប់វិស័យ ព្រមទាំងបន្ដយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ សំដៅពង្រឹងយុត្តិធម៌ និងសមធម៌សង្គម៕