(ភ្នំពេញ)៖ យោធារបស់ប្រទេសកូឡុំប៊ីចំនួន១០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញសុនខហិតមីននៅកម្ពុជា ប្រកបដោយជោគជ័យ ក្រោយចំណាយពេល៣សប្តាហ៍។
ពិធីបិទវគ្គហ្វឹកហ្វឺនយោធាចារ្យ សុនខហិតមីននៃយោធាកូឡុំប៊ី ត្រូវបានរៀបចំនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ នាថ្ងៃ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
យោធាកូឡុំប៊ីទាំង១០រូប ទទួលបានការហ្វឹកហ្វឺនជំនាញសុនខហិតមីន ពីអង្គភាពស៊ីម៉ាក់ ដោយមានជំនួយពីអង្គការ JICA របស់ជប៉ុន។ យោធាកូឡុំប៊ីទាំងនោះ បានចុះទៅហ្វឹកហ្វឺននៅតាមកងឯកភាពនានារបស់ស៊ីម៉ាក់ រួមមាននៅខេត្តកំពង់ឆ្នាំ បាត់ដំបង សៀមរាប និងកំពង់ចាមផងដែរ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ឲ្យដឹងថា កូឡុំប៊ីមានសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ ហើយការបង្កើតសន្តិភាពជាច្រើនលើក មិនបានសំរេចជោគជ័យទេ ហើយចុងក្រោយនៅឆ្នាំ២០១៦កន្លងទៅនេះ បានបង្កើតកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយទៀតសង្ឃឹមថា នឹងបានសំរេចជោគជ័យ។ បើរំលឹកពីការកសាងសន្តិភាព យោធាដែលមកហ្វឹកហ្វឺននេះ បានកោតសរសើរយ៉ាងខ្លាំង ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោសែនដែលធ្វើឲ្យសង្គ្រាមរាំរ៉ៃត្រូវបានបញ្ចប់ និងមានសន្តិភាពពេញលេញនៅកម្ពុជា។
អគ្គនាយករូបនេះបញ្ជាក់ថា «ពួកគាត់ចង់បានសន្តិភាពដូចកម្ពុជាណាស់។ ដោយសារប្រទេសគាត់ធំ និងមានប្រជាជនជាង៥០លាននាក់ គាត់និយាយថា ដំបូងពួកគាត់គិតថា មិនដឹងអាចរៀនសូត្រអ្វីបានពីកម្ពុជា និងស៊ីម៉ាក់នោះទេ ព្រោះជាប្រទេសតូច ប្រជាជនតិច និងទើបចប់សង្គ្រាម។ ពួកគាត់ថាគាត់ភ្លឺភ្នែកតែម្តង ជាមួយសមត្ថភាពរបស់កម្ពុជា និងសំណូមពរឲ្យបន្តជួយបន្ថែមទៀត»។
លោកបន្តថា «គំរោងថ្មីមួយទៀត ដែលរដ្ឋាភិបាលជប៉ុន ជួយទៅកូឡុំប៊ី គឺសុំអង្គភាពស៊ីម៉ាក់ជួយបញ្ជូនកំលាំង ទៅជួយហ្វឹកហ្វឺននៅប្រទេសកូឡុំប៊ីតែម្តង»។
ពាក់ព័ន្ធនឹងជំនាញសុនខដោះមីនេះ លោក រតនា បានបញ្ជាក់ថា ស៊ីម៉ាក់កំពុងខិតខំបង្កើតមណ្ឌលសុនខជាតិមួយ ដែលសមត្ថភាពលើការប្រើប្រាស់សុនខសំរាប់កិច្ចការសន្តិសុខ សង្គម និងការបោសសំអាតសំណល់ជាតិផ្ទុះក្រោយសង្គ្រាម។
សូមជម្រាបថា ស៊ីម៉ាក់មិនត្រឹមជាប្រតិបត្តិករដោះមីននៅកម្ពុជានោះទេ ស៊ីម៉ាក់ដ៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញដោះមីនដ៏ល្បីល្បាញមួយផងដែរ ជាញឹកញយស៊ីម៉ាក់តែទទួលបានការបណ្តុះបណ្តាលជំនាញ ជូនបណ្តាយោធា ឬអង្គភាពដោះមីនៃប្រទេសមួយចំនួនផងដែរ៕