(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរ គឺអាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ លោក ទិត សុខហ៊ីម ប្រធានទីផ្សារសាខាកាំកុងត្រូត បានដឹកនាំមន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្ម បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារ Century Plaza នៅខណ្ឌពោធិ៍សែនជ័យ។
លោក ទិត សុខហ៊ីម បានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាននោះ មន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ដោយឡែកនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារប្រកបទៅដោយគុណភាពល្អ លើសពីនេះ បង្កើនការយល់ដឹងដល់អាជីវករ និងប្រជាពលរដ្ឋ នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ រក្សាទុក និងទទួលទានផងដែរ។
លោកបានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារ ដូចជា៖ សរសៃគុយទាវ, នំបញ្ចុក, ប្រហុក, ស្លឹកគ្រៃ និងគ្រឿងកំប៉ុងផ្សេងៗ ជាលទ្ធផលល្អដោយពុំបានប្រទះឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីនោះឡើយ។ ការចេញលទ្ធផលបែបនេះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីមន្ត្រីកាំកុងត្រូលតែងចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមក ធ្វើឲ្យអាជីវករលក់ដូរយល់ដឹងច្រើន ដោយបង្ហាញចេញនូវលទ្ធផលដ៏ល្អជាបន្តបន្ទាប់ ជាពិសេសក្រោយចុះពិនិត្យនាថ្ងៃនេះ៕