(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា រយៈពេល៤០ឆ្នាំ នៃផ្តួលរំលំរបបប្រល័យ ពូជសាសន៍ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្កសកម្មភាពល្អជាប្រពៃជាមួយគ្នា ជាពិសេសលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ និងកិច្ចការទំនាក់ទំនងការទូតជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងយុគសម័យទំនើបនេះ។
នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងវាយតម្លៃបែបនេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ ជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ង្វៀន ចុងងៀ អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅបន្ទប់ទីស្តីការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ចំពោះវិស័យការពារជាតិ ភាគីវៀតណាម បានជួយឧបត្ថម្ភ បណ្តុះបណ្តាលដល់នាយទាហាន ទាំងរយៈពេលវែង រយៈពេលខ្លី ទាំងបំប៉ន។ សរុបមកបើគិតពីចំនួនមានដល់រាប់ពាន់នាក់ ដែលត្រូវបានបណ្តុះបណ្តាលនៅប្រទេសវៀតណាម ទាំងនេះជាតួលេខមានចំនួនច្រើនជាងបណ្តាប្រទេសផ្សេងៗ ទៀតជាមិត្តផងដែរ។ ក្រៅពីនេះភាគីវៀតណាម បានជួយទាំងស្មារតី សម្ភារៈ និងកិច្ចការមួយចំនួនទៀតដល់កម្ពុជា ចំណុចទាំងមិនទាន់និយាយនៅតាមភូមិភាគនានា ដែលបានជួបគ្នាដើម្បីផ្តាស់ប្តូរសមត្ថភាពនោះទេ។
ពាក់ព័ន្ធវិស័យទំនាក់ទំនងការទូតនេះ នាយឧត្តមសេនីយ៍ បានឲ្យដឹងថា កម្ពុជា-វៀតណាម ត្រូវពង្រឹងស្តុបមិត្តភាពកម្ពុជា-វៀតណាម បន្ថែមនៅតាមបណ្តាខេត្តមួយចំនួន នេះជាគោលការណ៍របស់ក្រសួងទាំងពីរ និងអគ្គស្នងការកិច្ចការនយោបាយប្រទេសទាំងពីរ។ ក្រៅពីនោះយើងបានវាយតម្លៃពីផ្នែកនយោបាយរួមពីបញ្ហាសកលលោក បញ្ហាក្នុងតំបន់ និងទំនាក់ទំនងបណ្តាប្រទេសជិតខាង ជាពិសេសវៀតណាម-កម្ពុជា។ កន្លងមកនេះ កម្ពុជាបានបញ្ចាំងខ្សែភាពយន្តដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា កាន់តែស្វែងយល់ថាសម្តេចតេជោ ហ៊ុន សែន បានស្វែងរកសន្តិភាពរបៀបយ៉ាងម៉េច ហើយទំនាក់ទំនងរវាងកម្ពុជា វៀតណាម មានដល់កម្រិតណា។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា បច្ចុប្បន្ននេះ យើងបានវាយតម្លៃខ្ពស់ថាពួកចក្រព័ត្រ ពួកអមិត្តមិនបានបោះបង់ចោលនូវគំនិត បំផ្លិចបំផ្លាញសន្តិភាពនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺពួកនេះមានចេតនាបំផ្លាញចំណងសាមគ្គីភាពប្រទេសទាំងពីរជានិច្ច។ ទទឹ្ទមនឹងនេះប្រទេសទាំងពីរ ត្រូវរួមគ្នារកចំណុចមួយ ឲ្យបានច្បាស់លាស់ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែយ៉ាងក៏ដោយកន្លងមកនេះ ប្រទេសវៀតណាមបានបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរស្វែងរកសន្តិភាពដើម្បីបំបាត់របបប្រល័យពូជសាសន៍ ដែលត្រូវបញ្ចប់អស់រយៈ ពេល៤០ឆ្នាំកន្លងមកនេះជូនកម្ពុជា។
លោក ង្វៀន ចុងងៀ បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជា បានសម្រេចនៅសមិទ្ធផលជាច្រើនដូចជា៖ កំណើនសេដ្ឋកិច្ច សង្គម កិច្ចការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប្រទេសកម្ពុជា បានសម្រេចនូវការរៀបចំការបោះឆ្នោត ជ្រើសរើសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ថ្មីៗនេះ ឲ្យទទួលបានភាពជោគជ័យផងដែរ៕