(ព្រៃវែង)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមរៀបចំផែនការជាមុន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព នៅពេលមានគ្រោះមហន្ដរាយកើតឡើង ហើយត្រូវសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញដឹកនាំ កិច្ចប្រជុំការងារផ្សព្វផ្សាយ ការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ និងគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល នៅខេត្តព្រៃវែង។
ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ក៏បានលើកឡើងដែរថា គណកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បង្កើននិងពង្រឹងពង្រីកយន្តការ គ្រប់គ្រងគ្រោះមហន្តរាយដោយកំណត់ការរៀបចំ និងការប្រព្រតឹត្តទៅរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានសហគមន៏ ទាំងការចែករំលែកព័ត៌មានចំណេះដឹង ដោយផ្សារភ្ជាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្សាំងទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការច្បាប់។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរដែនដី និងកងកម្លាំប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ កន្លងមកតែងតែធ្វើ ការសហការគ្នាបានល្អ ចូលរួមក្នុងការងារគ្រប់គ្រងគ្រោះមហន្ដរាយនៅក្នុងខេត្ត ក៏ដូចនៅតាមជនបទពេលមានហានិភ័យ នៃគ្រោះមហន្តរាយកើតឡើង ដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើង។
បើតាមទេសរដ្ឋមន្ដ្រី សម្រាប់ឆ្នាំ២០១៧កន្លងមក ខេត្តមួយចំនួនធ្លាប់បានទទួលរងនូវគ្រោះធម្មជាតិ ទឹកជំនន់ រាងស្ងួត ខ្យល់ព្រុះ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជីវិតសត្វ និងជីវិតមនុស្ស អស់ជាច្រើន ដូច្នេះហើយការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះ តាមបណ្ដាលខេត្ត ត្រូវមានផែនការត្រៀមទុកល្អជាមុន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការរីតាសកម្ពុជាប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោក អង្គការសង្គ្រោះ ជនទុរគត៌ និងមនុស្សចាស់ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍សេដ្ចកិច្ចជនបទ រៀបចំធ្វើសៀវភៅផែនការ ក្នុងគោលបំណងដើម្បីប្រើប្រាស់ ឲ្យអស់លទ្ធភាព នូវធនធានដែលមានស្រាប់ និងគៀរគរធនធានពីខាងក្រៅសម្រាប់ត្រៀមឆ្លើយតប ធានាលើកិច្ចអន្តរាគមន៍ជួយសង្គ្រោះ ឲ្យបានទាន់ពេលវេលា៕