(ភ្នំពេញ)៖ នៅទីបំផុត! ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd នៅស្រុកស្រែអំបិល និងស្រុកបុទមសាគរ ខេត្តកោះកុង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយភាគីទាំងអស់ព្រមព្រៀង ទទួលយកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការប្រជុំដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនទាំង២ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូលរួមពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, អគ្គរដ្ឋទូតអឺរ៉ុប, តំណាងក្រុមហ៊ុន រួមទាំងតំណាងប្រជាពលរដ្ឋផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី បានប្រកាសយ៉ាងដូច្នេះថា៖ ជាលទ្ធផល ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ យល់ព្រមទទួលដំណោះស្រាយជាដី ទំហំ៣ហិកតា និងទឹកប្រាក់២៥០០ដុល្លារ ក្នុង១គ្រួសារ (ប៉ុន្តែមិនដោះស្រាយចំពោះប្រជាពលរដ្ឋ ដែលបានដោះស្រាយរួចនោះទេ)។ ដោយឡែក ក្រុមប្រជាពលរដ្ឋចំនួន២០០គ្រួសារផ្សេងទៀត បានយល់ព្រមទទួលដំណោះស្រាយជាដីទំហំ១,៥ហិកតា ក្នុងមួយគ្រួសារ។
ក្រសួងរៀបចំដែនដីបានបញ្ជាក់ទៀតថា សម្រាប់ភាគីក្រុមហ៊ុន ក៏បានយល់ព្រមឱ្យរដ្ឋកាត់ដី៨២៥ហិកតា ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋ ក្នុងចំណោម១៧៥គ្រួសារ តាមសំណូមពរ។
ស្ថានទូតសហភាពអឺរ៉ុប បានចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំប្រជុំ ដោះស្រាយវិវាទដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ។ ដោយឡែកប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីនេះ ក៏បានសម្តែងនូវការត្រេកអរ និងអរគុណនូវដំណោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ៕