(ភ្នំពេញ)៖ យោងតាមដីការបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលបណ្តាញព័ត៌មាន Fresh News ឲ្យបានមុននេះបន្តិចនាថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០១៨នេះបានឲ្យ ដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក សម រង្ស៊ី ចូលបំភ្លឺនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿងចុះកិច្ចព្រមព្រៀង ជាមួយឈ្មោះ កុក សរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់ទឹកដី០៤ ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង។
ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ បានយកទៅបិទនៅរបងផ្ទះរបស់លោក សម រង្ស៊ី តែម្តង, នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។
ការចេញដីកាកោះហៅលោក សម រង្ស៊ី នៅពេលនេះធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីប្តឹងទណ្ឌិតសម រង្ស៊ី មេចលនាសង្រ្គោះជាតិមួយករណីទៀត ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។