(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សង្គ្រាមនៅក្នុងប្រទេសកម្ពុជាបានបំផ្លាញ ដល់ឫស្សគល់នៃការអប់រំបូករួមទាំងវិស័យផ្សេងៗទៀត ដែលលើពិភពលោកនេះ ប្រហែលគ្មានប្រទេសណាដូចនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសដទៃក្នុងលោកទោះជួបភ្លើងសង្គ្រាមតែហាក់មិនបានបំផ្លាញ ដល់ឫស្សគល់នៃការអប់រំដូចនៅកម្ពុជានោះឡើយ ជាហេតុធ្វើឲ្យប្រទេសងាយស្តារឡើងវិញ លើវិស័យអប់រំនេះក្រោយពេលរកឃើញសុខសន្តិភាព។

ប្រទេសកម្ពុជាបានជួបភ្លើងសង្គ្រាមយ៉ាងស្រួចស្រាវ ចាប់តាំងចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ ទើបសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជាត្រូវបានបិទបញ្ចប់ទៅវិញ។ ភ្លើងសង្គ្រាមនៅកម្ពុជារយៈពេលប្រមាណជា ៣ទសវត្សរ៍នេះ បានធ្វើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងត្រូវបានអន់ថយ។ ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាពេលវេលាមួយ ដែលវិស័យអប់រំត្រូវបានលុបបំបាត់ចោល សាលារៀនយកធ្វើជាមន្ទីរឃុំឃាំង ឬ កន្លែងសម្លាប់មនុស្សចោលជាដើម ហើយក្នុងនោះសាស្រ្តាចារ្យ អ្នកចេះដឹងជាច្រើនក៏ត្រូវរបបនេះកាប់សម្លាប់ផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតអធិការអប់រំ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ គ្រូបង្រៀនកម្រិតឧត្តម (បិរញ្ញា+១) និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រសរុប ១,៦៣០នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្ថានភាពដ៏លំបាករបស់កម្ពុជាក្នុងការស្តារឡើងវិញវិស័យអប់រំក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ ដើម្បីស្តារការអប់រំក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលការណ៍អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកអត់ចេះ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ព្រោះតែកិច្ចប្រឹងប្រែងយ៉ាងស្រុះដៃគ្នារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាឈានពីស្ថានភាពដ៏លំបាកពីអតីតកាល ឆ្ពោះមករកស្ថានភាពដ៏គួរជាទីមោទនភាពនាពេលបច្ចុប្បន្ន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «នៅលើពិភពលោកនេះគ្មានប្រទេសណាមួយ ដែលបំផ្លិចបំផ្លាញដល់ឫស្សគល់វិស័យអប់រំ និងវិស័យដទៃទៀតដូចនៅកម្ពុជានោះទេ។ ខ្ញុំបានដើរច្រើនប្រទេសណាស់ក្នុងពេលខ្ញុំធ្វើជារដ្ឋមន្ត្រីការបរទេស នៅពេលនោះខ្ញុំធ្វើដំណើរទៅប្រទេសច្រើន។ ប៉ុន្តែប្រទេសគេទោះបីមានសង្គ្រាមហែកហួរ បន្ទាប់ពីបានឯករាជ្យ ទៅគេបន្តលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាស់ទាំងផ្នែកទន់ និងផ្នែករឹង។ ក៏ប៉ុន្តែសម្រាប់យើងក្រោយពេលរំដោះចេញពីរបប ប៉ុល ពត យើងគ្មានសល់អ្វីក្រៅតែពីការខិតខំប្រមូលផ្តុំ ដើម្បីកសាងឡើងវិញពីបាតដៃទទេនោះទេ វាលំបាកណាស់។ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់យើងនោះ បានក្លាយទៅជាមោទនភាពសម្រាប់ជាតិសាសន៍របស់យើង»

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីការប្រឹងប្រែងស្តារឡើងវិញលើវិស័យអប់រំនៅតាមតំបន់តស៊ូរបស់ខ្មែរក្រហម ក្រោយពេលពួកគេធ្វើសមាហរណកម្ម។ សម្តេចតេជោ បានលើកឡើងថា នយោបាយឈ្នះឈ្នះរបស់សម្តេច នឹងគ្មានន័យនោះឡើយប្រសិនបើសម្តេចឲ្យធ្វើតែសមាហរណកម្មតែផ្នែករដ្ឋបាល ហើយមិនធ្វើសមាហរណកម្មលើវិស័យផ្សេងៗទៀតរួមទាំងវិស័យអប់រំផងដែរនោះ។

លើស្ទួយវិស័យអប់រំនៅតាមតំបន់តស៊ូរបស់ខ្មែរនោះ សម្តេចបានរំលឹកថា បានជួបការលំបាកខ្លាំង ព្រោះតែតំបន់នោះមានស្ថានភាពផ្លូវលំបាកខ្លាំងសម្រាប់សម្រួលដល់ការធ្វើដំណើរ និងការសាងសង់សាលារៀន។ តែបច្ចុប្បន្នស្ថានភាពទាំងនោះបានឃ្លាតចាកឆ្ងាយអស់ទៅហើយ ពោលតំបន់សមរភូមិ និងជាកន្លែងតស៊ូរបស់ខ្មែរក្រហមនោះ មានផ្លូវកៅស៊ូ មានសាលារៀនខ្ពស់ៗ ហើយមានសិស្សទទួលការអប់រំខ្លាំងពូកែមិនខុសពីបណ្តាខេត្តដទៃទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលទាំងនោះ គឺជាជោគជ័យមួយដ៏ធំធេងកើតចេញពីការប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសិស្សសរុបប្រមាណ ៣លាននាក់ និងគ្រូបង្រៀនជិត ១២ម៉ឺននាក់។

ក្នុងនោះគ្រាន់តែនៅវិទ្យាស្ថានជាតិអប់រំគិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ បានបណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំសិក្សា២០១៦-២០១៧ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ១៨,៤៦៧នាក់។

សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ វិទ្យាស្ថានជាតិអប់រំកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ និស្សិតអធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ គ្រូបង្រៀនកម្រិតឧត្តម គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ បារាំង-គណិត បារាំង-រូប បារាំង-ជីវៈ និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនសរុបទាំង ២០០១នាក់ នារី ៧៣៩នាក់។

លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំ ដែលបណ្តុះបណ្តាលពីវិទ្យាស្ថានជាតិអប់រំនេះ បានកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យវិស័យអប់រំកាន់តែប្រសើរ។

ជាមួយការកំពុងរក្សាបាននូវការបោះជំហានដ៏ល្អប្រសើរលើវិស័យអប់រំនាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា មានតែរក្សាបាននូវសុខសន្តិភាពតែប៉ុណ្ណោះ ទើបអាចអនុញ្ញាតឲ្យកម្ពុជាបន្តលើកស្ទួយវិស័យអប់រំកាន់តែល្អប្រសើរទៅមុខបន្តទៀត៕