(ភ្នំពេញ)៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានចាត់ទុកថា កិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានធ្វើខុសនឹងរបៀបវារៈ និងបានព្រមានមិនឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំណាមួយវាយប្រហារលើប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំទៀងទាត់ក្នុងខែមិថុនា ដែលកំណត់ដោយច្បាប់ឡើយ។ កម្ពុជាចាត់ទុកថា ការប៉ុនប៉ងរៀបចំ សកម្មភាពនេះ គឹរំលោភបំពានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលអនុម័តកាលពីឆ្នាំមុន។
នេះបើតាមសេចក្តីថ្លែងការណ៍ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ របស់លោក ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយណូវែលហ្សេទ្បង់ដ៏ នាសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ។
លោក ណី សំអុល បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈប្រតិភូយើងខ្ញុំ សូមប្រឆាំងដាច់អហង្ការាល់កិច្ចប៉ុនប៉ងខុសបែបបទ ក្នុងការរៀបចំឱ្យមានការពិភាក្សាអន្តរកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំទៀងទាត់ក្នុងខែមិថុនា ដែលសកម្មភាពនេះ វារំលោភបំពានសេចក្តីសម្រេចចិត្តលេខ ៣៦/៣២ ដែលត្រូវបានអនុម័ត កាលពីឆ្នាំមុន»។
តំណាងកម្ពុជា បានចាត់ទុកថា ការលើកយករបៀបវារៈខុសការគ្រោងទុកពាក់ព័ន្ធនឹងកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ កាលពីម្សិលមិញនោះ គឺជារឿងចម្លែកបំផុត និងមិនធ្លាប់មានពីមុនមក។ លោកអះអាងថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានគេប្រើប្រាស់ជារូបភាពនយោបាយយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលប្រទេសមួយចំនួន បានប្រើប្រាស់ក្រុមប្រឹក្សានេះ ជាឧបករណ៍នយោបាយដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនានា រួមបញ្ចូលទាំងកិច្ចការផ្ទៃក្នុងរបស់ ប្រទេសកម្ពុជាផងដែរ។ បណ្តាពួកប្រទេសទាំងនោះ បានរំលោភបំពានដោយគ្មានស្ទាក់ស្ទើរសោះឡើយចំពោះបទដ្ឋាន ការអនុវត្ត និងគោលការណ៍ នៃក្រុមប្រឹក្សានេះ។
លោក ណី សំអុល បានបញ្ជាក់ទៀតថា «ទង្វើមិនស្មោះត្រង់ និងភាពចម្លែកនៃសេចក្តីថ្លែងការណ៍រួម ដោយណូវេលហ្សេឡង់ប្រឆាំងនឹងកម្ពុជា ត្រូវបានរៀបចំឡើងដោយ រំលោភបំពានបទដ្ឋានទៀងទាត់របស់ក្រុមប្រឹក្សានេះ។ ចំណុចទី២ នៃរបៀបវារៈនៃអង្គប្រជុំថ្ងៃនេះ គឺស្តីអំពីរបាយការណ៍របស់ឧត្តមស្នងការពាក់ព័ន្ធនឹងប្រទេសចំនួន៧ រួម Burundi, Colombia, Cyprus, Guatemala, Honduras, Iran, Sri Lanka គឺមិនមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជានោះទេ ដូចដែលត្រូវបានលើកឡើង ដោយឧត្តមស្នងការរង លោកស្រី Kate Gilmore។ របាយការណ៍ពាក់ព័ន្ធនឹងកម្ពុជា គឺស្ថិតនៅក្នុងរបៀបវារៈទី១០ ដែលនឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃស្អែក ប៉ុន្តែហេតុអ្វីបានជាយកករណីខុសបែបបទប្រាសចាកនឹងការអនុវត្តរបស់ក្រុមប្រឹក្សានេះ កើតមានឡើងនៅពេលនេះ»។
លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ វាអយុត្តិធម៌ណាស់ចំពោះកម្ពុជា ហើយកម្ពុជាក៏មិនអាចទទួលយកបានដែរ ក្នុងពេលដែលចំណុច នៃរបៀបវារៈ ដែលត្រូវបានគេកំណត់រួចហើយ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺពេលធ្វើការពិភាក្សាបែរជាលើកយកចំណុចផ្សេងមកជជែកជំនួសទៅវិញ។ ត្រង់នេះវាមិនខុសអំពីអ្វីដែលគេបានកំណត់នៅក្នុងសៀវភៅមុខម្ហូបថា ត្រីសាឌីន គឺនឹងត្រូវដាក់ជូនពិសារ ប៉ុន្តែបែរជាដាក់ត្រីធូណា ត្រូវបានគេដាក់មកលើតុធ្វើជាម្ហូបជំនួសវិញ។
តំណាងកម្ពុជា បានបញ្ជាក់ទៀតថា ដោយសារតែប្រទេសកម្ពុជា មានការបោះឆ្នោតនៅខែកក្កដាឆ្នាំនេះ ហើយក៏ព្រោះតែពួកគេចង់ឱ្យមានការផ្លាស់ប្តូររបប ពួកគេមានបេក្ខជនដែលពួកគេបានសន្មត់ជាមុន ដើម្បីថាជាអ្នកឈ្នះ នេះគ្រាន់តែជាការរៀបរាប់ខ្លះៗប៉ុណ្ណោះ។ ហេតុដូច្នេះហើយពួកគេគ្មានការអៀនខ្មាស់ ក្នុងការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះទេ ហើយជាពិសេសការជ្រៀតជ្រែកទាំងនេះ ធ្វើឡើងភ្លាមៗនៅមុនពេលបោះឆ្នោត ដែលនឹងឈានមកដល់នៅខែកក្កដានេះ។
លោកបញ្ជាក់ថា ហេតុដូច្នេះហើយ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍ ដែលមានចរិតនយោបាយបែបនេះ ដែលបង្កប់ទៅដោយបំណងអាក្រក់ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ និងក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋរប់សខ្លួន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជា៖