(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានតុលាការរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួនស្ត្រីជនត្រូវចោទ២នាក់ ដែលជាមេកន្ទុយលេខ នៅកណ្តាលផ្សារប្រចាំភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងបានអនុញ្ញាតឲ្យពួកគេត្រលប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ នៅព្រឹកថ្ងៃទី២២ ខែមីនានេះ។
ស្ដ្រីជនត្រូវចោទទាំង២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ជាមួយវត្ថុតាងជាច្រើនខណៈពួកគេកំពុងតែ កត់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់។ ក្រោយឃាត់ខ្លួនយកទៅសាកសួរសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនស្ត្រីទាំង២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តែទីបំផុតស្ត្រីទាំង២នាក់ បានទទួលឱកាសទៅប្រកបរបរនេះវិញដដែល។
ពាក់ព័ន្ធករណីនេះលោក តុប ឈុនឡុង ដែលជាតំណាងអយ្យការកាន់សំណុំរឿង បានថ្លែងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ លាង អ៊ីម ភេទស្រី អាយុ៤៩ឆ្នាំ និងឈ្មោះ ទ្រី ផារី ភេទស្រី អាយុ២៩ឆ្នាំ ពីបទបើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់ យោងតាមមាត្រា៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។
លោក តុប ឈុនឡុង បានអះអាងបន្ដថា សំណុំរឿងនេះ ក្នុងនាមជាតំណាងអយ្យការ លោកបានស្នើសុំឲ្យចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវចោទទាំង២នាក់ ប៉ុន្តែនៅពេលសំណុំរឿងនេះ ស្ថិតក្រោមការចាត់ការរបស់លោក ហម ម៉េងសែ បែរជាសម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅវិញ (ដោះលែង) ពោលគឺមិនឃុំខ្លួនតាមសំណើររបស់លោកឡើយ។
លោក តុប ឈុនឡុង បន្ថែមថា លោក បានទទួលសេចក្តីជូនដំណឹង ស្តីពីការសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោម ត្រួតពិនិត្យតាមផ្លូវតុលាការ របស់លោក ហម ម៉េងសែ ដោយកូនចៅលោកយកឲ្យលោកចុះហត្ថលេខា លោកក៏ចុះទៅដោយមិនបានមើលផង។ ទោះជាយ៉ាងណា លោក តុប ឈុនឡុង ក្នុងនាមជាតំណាងអយ្យការកាន់សំណុំរឿងបាន សុំមិនឆ្លើយតបនឹងសំនួរថា «តើលោកតំណាងអយ្យការយល់យ៉ាងណា ចំពោះការសម្រេច របស់ចៅក្រមស៊ើបសួរ និងប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនេះដែរឬទេ»?
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរ បានសម្រេចដាក់ជនត្រូវចោទឲ្យជាប់កាតព្វកិច្ច ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែជនត្រូវចោទ មិនមែនជាមេកន្ទុយលេខ និងដោយបានពិនិត្យទៅលើ ស្ថានភាពជាក់ស្តែង និងមូលដ្ឋានច្បាប់ផងដែរ៕