(កំពង់ស្ពឺ)៖ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកយេនឌ័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការជួបសំណេះសំណាល របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយបងប្អូនកម្មករ-កម្មាការិនី និយោជិត៤៤លើក ទូទាំងប្រទេសបានផ្តល់អត្ថប្រយោជន៍ជាច្រើន នេះនិយាយជារួម តែនិយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ មានកម្មករ-កម្មការិនីជិត១០ម៉ឺននាក់ ពួកគេកំពុងតែមានជីវភាពកាន់តែប្រសើរឡើងខ្លាំង តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងវិស័យកាត់ដេរ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកស្រីតំណាងរដ្ឋមន្ដ្រីក្រសួងការងារ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយ អនុសញ្ញាស៊ីដ (CEDAW) អនុសាសន៍១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួម ពីមន្ត្រី និងតំណាងពាក់ព័ន្ធជាច្រើនរូប នៅខេត្តកំពង់ស្ពឺ។
លោកស្រី ស៊ើង សរសុចិត្តា បានឲ្យដឹងថា បច្ចុប្បន្នកម្មករ-កម្មាការិនី និយោជិត ទទួលបានរបបសន្តិសុខសង្គមចំនួន២ គឺរបបហានិភ័យការងារ របបថែទាំសុខភាពដែលជួយសង្គ្រោះ ការព្យាបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ផ្តល់របបថែទាំសុខភាពដោយមិនបង់ប្រាក់ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនជាដៃគូរ របស់ ប.ស.ស។ ដោយឡែក បងប្អូននារីដែលសម្រាលកូន ទទួលបានប្រាក់ឈ្នួល ១២០% ក្នុងពេលសម្រាលកូន៩០ថ្ងៃ និងទទួលបានការពិនិត្យ ផ្ទៃពោះយ៉ាងទៀងទាត់។
លោកស្រី បានបន្តថា រាជរដ្ឋាភិបាល បានកំណត់ឲ្យនិយោជក បង់វិភាគទាន ផ្នែកថែទាំសុខភាព ជំនួសកម្មករ និយោជិត១០០% ចាប់ពីខែមករា ឆ្នាំ២០១៨នេះតទៅ ក្នុងនោះ សម្តេចតេជោ បានប្រកាសគោលនយោបាយ ផ្តល់ការឧបត្ថម្ភ ដល់កម្មការិនីសម្រាលកូន ដោយផ្តល់ជូនកូន១នាក់ នៅថវិកា៤០ម៉ឺនរៀល កូន២នាក់៨០ម៉ឺន និងកូន៣នាក់១,២លានរៀល បូកថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
មន្ដ្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការ ប្រាក់សោធននិវត្តន៍នៅឆ្នាំ២០១៩ ដែលធ្វើសង្គមកម្ពុជា កាន់តែមានសមធម៌ រវាងរាជកាសាធារណៈ និងកម្មករ និយោជិត វិស័យឯកជន ហើយក្រសួងការងារ កំពុងរៀបចំធ្វើវិសោធនកម្ម ច្បាប់ស្តីពី របបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពលក្ខខណ្ឌ ពេលវេលា និងអាយុ ចូលនិវត្តន៍របស់សមាជិក ប.ស.ស។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសហគ្រាស គ្រឹះស្ថានសរុប២២១កន្លែង មានកម្មករនិយោជិតសរុប ៩៥,១៥២នាក់ ស្រី ៨០,០៧៤នាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណ ១៨,៨១% នៃចំនួនរោងចក្រ សហគ្រាស និងចំនួនកម្មករកើនឡើង ប្រមាណ ១៧,៥៧% (បើធៀបឆ្នាំ២០១៦)។
ប្រធានមន្ទីរ បន្តថា មន្ទីរការងារខេត្តបានអនុវត្ត និងពង្រឹងច្បាប់ស្តីពីសហជីព និងបទដ្ឋានពាក់ព័ន្ធនានា ធានាបានសុខដុមរមនីកម្ម រវាងនិយោជក និងកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងខេត្ត៕