(ភ្នំពេញ)៖ ​​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២២​ ខែមីនា ឆ្នាំ២០១៨នេះ ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Stefanie Nijssen ប្រធានគោលនយោបាយ និងកម្មវិធីគ្រប់គ្រងការដោះមីន និងអាវុធនៃនាយក​ដ្ឋានអភិវឌ្ឍន៍អន្តរជាតិ របស់ចក្រភពអង់គ្លេស (DFID) និងលោក Cashel Gleeson Deputy Head of Mission ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

​ទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបាននិងកំពុងជួយគាំទ្រ ដល់លើ​វិស័យសកម្មភាពមីននៅកម្ពុជា ពិសេសលើ «គម្រោងអភិវឌ្ឍន៍ សមត្ថភាពរបស់អាជ្ញាធរមីន» ដែលឧបត្ថម្ភថវិកា ដោយនាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិ នៃចក្រភពអង់គ្លេស (DFID) ជួយដល់អាជ្ញាធរមីន។

ទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនពីលទ្ធផល នៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែក ក្នុងកាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ទន្ទឹមនឹងសមិទ្ធផលខាងលើនេះ កម្ពុជាក៏នៅត្រូវការពង្រឹង សមត្ថភាពបន្ថែមទៀត និងថវិកាគាំទ្រពីបណ្តាប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឲ្យប្រទេសកម្ពុជាធ្វើការបោសសម្អាតមីន ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ខាងមុខ។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជួយដល់ការបោសសម្អាតមីន និងជាពិសេសពិចារណាបន្តជួយដល់គម្រោង អភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន។

ជាការឆ្លើយតប លោកស្រី Stefanie Nijssen បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ទន្ទឹមនេះលោកស្រីនឹងលើកយកនូវសំណើសុំរបស់កម្ពុជា ជូនដល់រដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីពិចារណាជួយដល់វិស័យសកម្មភាព នាពេលអនាគតផងដែរ៕