(ភ្នំពេញ)៖ ដោយសារតែមិនអាចស្វែងរកដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ ពីសំណាក់មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាននោះ លោក អៀម ងីឈឹម រស់នៅផ្ទះលេខ២៤Eo ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ខំចិត្តសរសេរពាក្យប្ដឹងសុំអន្ដរាគមន៍ ទៅកាន់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងពាក្យប្ដឹងសុំអន្ដរាគមន៍មួយទៀតទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យមានវិធានការណ៍ទប់ស្កាត់ ចំពោះភាគីម្ខាងទៀត ដែលរស់នៅជាប់គ្នា បានសាងសង់សំណង់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះរបស់លោក រហូតមិនហ៊ានរស់នៅអស់រយៈពេលមួយឆ្នាំមកហើយ។
ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន សាលាឧទ្ធរណ៍ក៏បានសម្រេចលុបចោលដីការក្សាការពារ របស់សាលាដំបូងរាជធានីភ្នំពេញទៀតផង ដែលការសម្រេចនេះ បានបើកផ្លូវឲ្យភាគីឈ្មោះ ខៃ ហ៊ាង អាចបន្ដសាងសង់ផ្ទះរបស់ខ្លួនកម្ពស់៣ជាន់ ដែលការសម្រេចនេះនឹងធ្វើឲ្យមានការប៉ះពាល់កាន់តែធ្ងន់ថែមទៀត ដល់ផ្ទះរបស់លោក ពោលអាចនឹងធ្វើឲ្យខូចខាតស្ទើរទាំងស្រុងតែម្ដង។
នៅក្នុងពាក្យបណ្ដឹងសុំអន្ដរាគមន៍ចំនួន២ច្បាប់ ដែលត្រូវបានដាក់ជូនទៅកាន់ថ្នាក់ដឹកនាំនោះ លោក អៀម ងីឈឹម បានរៀបរាប់ពីសារបានរឿងឲ្យដឹងថា ផ្ទះរបស់លោកបច្ចុប្បន្ន ត្រូវបានទិញពីម្ចាស់ដើម កាលពីឆ្នាំ២០០២ ដោយមានលិខិតទិញលក់ និងទទួលស្គាល់ពីអាជ្ញាធរ ក៏ដូចជា មន្ដ្រីជំនាញត្រឹមត្រូវយ៉ាងពិតប្រាកដ ហើយលោក និងក្រុមគ្រួសារបានបន្ដរស់នៅផ្ទះនេះ ដោយពុំមានការ រំខានអ្វីនោះទេ។
ប៉ុន្ដែនៅដើមឆ្នាំ២០១៧ ស្រាប់តែឈ្មោះ ខៃ ហ៊ាង ម្ចាស់ផ្ទះលេខ២២Eo បានសាងសង់សំណង់បន្ថែមឡើងលើកម្ពស់៣ជាន់ នៅលើអគារចាស់លេខ២២Eo បណ្ដាលឲ្យមានការបែកស្ទើរទាំងស្រុង ដល់ផ្ទះរបស់លោក រហូតចាកចេញពីផ្ទះមិនហ៊ានរស់នៅព្រោះខ្លាចប៉ះពាល់ដល់អាយុជីវិត។
ក្រោយពីមានករណីនេះកើតឡើង លោកបានប្ដឹងទៅអាជ្ញាធរ និងមន្ដ្រីជំនាញមូលដ្ឋាន ប៉ុន្ដែនៅតែគ្មានដំណោះស្រាយ រហូតបានដាក់ពាក្យប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការ ចេញដីកាសម្រេចរក្សាការពារ មិនឲ្យឈ្មោះ ខៃ ហ៊ាង បន្ដសាងសង់ទៀតនោះទេ។
ក្រោយមានដីកាសម្រេចរក្សាការពារពីតុលាការក្រុងភ្នំពេញឈ្មោះ ខៃ ហ៊ាង បានប្ដឹងជំទាស់សុំលុបដីការក្សាការពារទៅកាន់សាលាឧទ្ធរណ៍ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ សាលាឧទ្ធរណ៍ក៏បាន សម្រេចលុបចោល ដីការក្សាការពារខាងលើនេះ មានន័យថា នឹងបើកផ្លូវឲ្យឈ្មោះ ខៃ ហ៊ាង អាចសាងសង់ផ្ទះរបស់ខ្លួនបន្ដទៀតបាន។
ដោយសារការសម្រេចរបស់សាលាឧទ្ធរណ៍យ៉ាងដូច្នេះ ទើបលោកដាក់ពាក្យប្ដឹងសុំអន្ដរាគមន៍ ទៅកាន់ថ្នាក់ដឹកនាំទាំង៣ ដើម្បីជួយមានវិធានការណ៍ទប់ស្កាត់ និងរកដំណោះស្រាយជូនបើមិនដូច្នោះទេ រូបលោកផ្ទាល់ និងក្រុមគ្រួសារនឹងមិនអាចចូលទៅរស់នៅក្នុងផ្ទះនេះបាននោះឡើយ។
សូមបញ្ជាក់ថា ករណីនេះកាលពីពេលកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរក្សាការពារមួយ ដោយកាត់ក្តីឲ្យលោក អៀប ងីឈីម ជាអ្នកឈ្នះក្តីជាមួយភាគីម្ខាងទៀតមានឈ្មោះ ខៃ ហ៊ាង ដោយហាមឃាត់ឈ្មោះ ខៃ ហ៊ាង មិនឲ្យសាងសង់ផ្ទះបន្តទៀតឡើយ ដោយសារតែមានការប៉ះពាល់ដល់ផ្ទះរបស់ឈ្មោះ អៀច ងីឈីម និងម្យ៉ាងទៀត ការសាងសង់នេះក៏មិនមានលិខិតស្នាម អនុញ្ញាតពីអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ។
នៅក្នុងដីការក្សាការពាររបស់តុលាការ ដែលអង្គភាពព័ត៌មាន Fresh News បានទទួល បង្ហាញថា លោកចៅក្រមក៏ទទួលស្គាល់ និងបានពិនិត្យឃើញថា ពិតជាមានស្នាមប្រេះ ហើយការសាងសង់នេះ ក៏ពុំមានច្បាប់ទៀតផង។
ដោយសារតែចាញ់ក្តីនៅតុលាការថ្នាក់ក្រោមបែបនេះទើបឈ្មោះ ខៃ ហ៊ាង បានប្តឹងទាស់នៅសាលាឧទ្ធរណ៍ ដើម្បីសុំលុបចោលដីការក្សាការពារនេះ ប៉ុន្តែសាលាឧទ្ធរណ៍ បានចេញសេចក្តីសម្រេច លុបចោលដីការក្សាការពាររបស់សាលាដំបូងចោល នោះនឹងបន្តប៉ះពាល់ដល់លំនៅដ្ឋានកាន់តែធ្ងន់ធ្ងរហើយ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ថែមនៅលើពាក្យបណ្តឹងរបស់ខ្លួន លោក អៀប ងីឃីម បានរៀបរាប់ថា ឈ្មោះ ខៃ ហ៊ាង បានសាងសង់ផ្ទះរបស់គាត់ ដែលផ្ទះនោះជាប់ជាមួយកន្ទុយផ្ទះរបស់លោក ដែលសុទ្ធតែជាសំណង់ចាស់ ហើយការសាងសង់នោះ បានធ្វើឲ្យផ្ទះរបស់លោកមានការប្រេះស្រាំ ជញ្ជាំង ប្លង់សេខាងលើ និងធ្នឹមកណ្តាល។
លោក អៀប ងឺឃីម បានបង្ហាញការព្រួយបារម្ភខ្លាចមានការបាក់បែកចំណែកណាមួយ ឬមួយបណ្តាលឲ្យបាក់ស្រុតផ្ទះទំាំងមូល ដែលបង្កឲ្យប៉ះពាល់ដល់ផលជាច្រើនរបស់លោក ហេតុនេះហើយទើបលោកដាក់ពាក្យបណ្តឹងទៅតុលាការ រហូតតុលាការចេញដីការក្សាការពារ ដោយហាមឃាត់ភាគីម្ខាងទៀតនោះ បញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នា។
ខាងក្រោមនេះជារូបភាព និងឯកសារពាក់ព័ន្ធនានារបស់ម្ចាស់ផ្ទះរងគ្រោះ៖