(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន លើគុណភាពអាហារដែលអនុឡោមតាមស្តង់ដារហាឡាល ដែលឥស្លាមបរិស័ទ និងអតិថិជនទូទៅ អាចទទួលទានបានដូចគ្នា ភោជនីយដ្ឋាន Parke Cafe សាខាអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ បានស្នើមកគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្តង់ហាឡាលរបស់សាសនាឥស្លាម។ នេះបើតាមការបញ្ជាក់ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។
បើតាមលោក អូស្មាន ហាស្សាន់ ខណៈកម្ពុជាបច្ចុប្បន្នកំពុងតែមានកំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិ ចំនួន៥.៦លាននាក់ ហើយឆ្នាំ២០១៨នេះ ៦.២លាននាក់ ហើយកម្ពុជារំពឹងទុកថា សម្រាប់ឆ្នាំ២០១៩ខាងមុខ គឺកម្ពុជាអាចនឹងទទួលបានកំណើនភ្ញៀវទេសចរ៧លាននាក់។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមឯកទេសហាឡាលកម្ពុជា ដែលមានការចូលរួមពីស្ថាប័នចម្រុះ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម ក្រសួងធម្មការ និងសាសនា និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមឯកទេសហាឡាលប្រទេសថៃ ក្រោមការគាំទ្រពីរដ្ឋាភិបាលថៃ ដែលបានដឹកនាំមន្រ្តីជំនាញ ចុះធ្វើសវនកម្មភោជនីយដ្ឋាន Parke Cafe សាខាអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ដែលជាចំណុចទាក់ទាញមួយយ៉ាងសំខាន់ ខណៈភោជនីយដ្ឋានមួយនេះ គឺស្ថិតនៅចំច្រកនៃស្ថានីយ៍អ្នកដំណើរមកដល់អន្តរជាតិតែម្តង។
លោក សឹម ម៉ាត់ទត តំណាងប្រធានក្រុមឯកទេសរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា តាមនីតិវិធីនៃការដាក់ពាក្យស្នើសុំហាឡាល គឺក្រុមហ៊ុនសហគ្រាស និងសិប្បកម្មទាំងអស់ ត្រូវមកទទួលពាក្យស្នើសុំបំពេញបែបបទ ពីលេខាធិការដ្ឋានកិច្ចការហាឡាល នៅក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ឋផ្សេងៗ ទាក់ទងនឹងការចុះបញ្ជីអាជីវកម្ម ដោយត្រូវភ្ជាប់ជាមួយផលិតផលដែលចង់បញ្ជាក់ហាឡាល ក៏ដូចជាគ្រឿងផ្សំ និងវត្ថុធាតុដើមផ្សេងៗ ដើម្បីលេខាធិការដ្ឋានបញ្ជូនមកក្រុមឯកទេសផលិតផលហាឡាល នៅការិយាល័យគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដើម្បីពិនិត្យ និងកណត់ថ្ងៃចុះធ្វើសវនកម្មជាក់ស្តែងដល់ទីតាំង មុននឹងគណៈកម្មការសម្រេចថា អាចផ្តល់ជូនវិញ្ញាបនបត្រហាឡាល ឬយ៉ាងណា?
ក្នុងគោលបំណងជំរុញសន្ទុះ នៃការរីកចម្រើនឧស្សាហកម្មហាឡាលនៅកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន និងសណ្ឋាគារ និងសត្តឃាតដ្ឋានទាំងអស់នៅកម្ពុជា ដែលមានបំណងចង់ពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ សូមងាកមកចាប់យកការអនុវត្តតាម ស្តង់ដារហាឡាល បន្ថែមពីលើស្តង់ដារបញ្ជាក់គុណភាពផលិតផលនានាជាច្រើនទៀត ព្រោះហាឡាលជាប្រភេទស្តង់ដារតែមួយគត់ ដែលអាចឲ្យអតិថិជនគ្រប់ជាតិសាសន៍លើសកលលោកទទួលទាន និងប្រើប្រាស់បាន៕