(ភ្នំពេញ)៖ របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក (World Bank) ដែលបានបង្ហាញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រទេសកម្ពុជាលទ្ធភាពទទួលបានអគ្គិសនី តាមរយៈបណ្ដាញខ្សែចែកចាយរបស់រដ្ឋ ត្រូវបានពង្រីកដល់៧១.៥ភាគរយ នៃគ្រួសារហើយ មកទល់សព្វថ្ងៃ ប៉ុន្ដែភាពទុកចិត្តបានរបស់ការផ្គត់ផ្គង់សេវានេះ គួរមានការកែលម្អឲ្យប្រសើរថែមទៀត ដោយសារតែចំនួនជិត២/៣ នៃគ្រួសារទាំងនោះត្រូវប្រឈម នឹងការដាច់ចរន្ដអគ្គិសនីញឹកញាប់នៅឡើយ។
របាយការណ៍ក្រោមចំណងជើងថា «កម្ពុជាលើសពីការតភ្ជាប់បណ្ដាញ» ការវិនិច្ឆ័យតាមអភិក្រមខណ្ឌពហុលំដាប់លើលទ្ធភាព ទទួលបានថាមពល បានពិនិត្យនៅក្នុងចំណោមកត្ដាជាច្រើន ទៅលើផ្នែកសមត្ថភាព ភាពទុកចិត្តបាន ភាពអាចជាវបាន និងសុវត្ថិភាពរបស់វិស័យថាមពលនៅក្នុងប្រទេសកម្ពុជា។ នៅទូទាំងប្រទេស គ្រួសារកម្ពុជាចំនួនជិត៩០ភាគរយ មានលទ្ធភាពទទួលបានការផ្គត់ផ្គង់អគ្គិសនី យ៉ាងហោចណាស់រយៈពេល៤ម៉ោងដែរក្នុងមួយថ្ងៃ។
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងថា «កម្ពុជាសម្រេចបានភាពរីកចម្រើនយ៉ាងលឿន នៅក្នុងការពង្រីកលទ្ធភាពទទួលបានអគ្គិសនី ទៅដល់បណ្ដាភូមិ និងអ្នកប្រើប្រាស់ ក៏ប៉ុន្ដែវឌ្ឍនភាពនេះទទួលបាននៅក្នុងតម្លៃខាតបង់មួយដែរ។ អាស្រ័យហេតុនេះ ពេលនេះជាពេលដែលយើងត្រូវ បង្វែរការយកចិត្តទុកដាក់របស់យើងទៅពង្រឹងភាពទុកចិត្តបាន និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីហើយ ដើម្បីជួយឲ្យសេដ្ឋកិច្ចគ្រួសារ និងធុរកិច្ចលូតលាស់បានល្អ»។
យ៉ាងណាមិញ លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ថាមពលមានសារសំខាន់ណាស់ សម្រាប់ពង្រីកសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មដែលបង្កើតការងារថ្មី ហើយសម្រាប់ធ្វើឲ្យយើងប្រសើរនូវសេវាសាធារណៈដែលពង្រីកឱកាស ជួយឲ្យពលរដ្ឋកម្ពុជាគ្រប់រូបមានជីវភាព ប្រកបដោយគុណភាពកាន់តែល្អជាងមុន៕