(ភ្នំពេញ)៖ ពិតជារឿងគួរឱ្យញាក់សាច់នៅពេលដែលឃើញឯកសារសម្ងាត់ស្តីពីកិច្ចព្រមព្រៀងជួលក្រុមហ៊ុនផ្នែកទំនាក់ទំនងសាធារណៈមួយឈ្មោះប៊ែរលីនរូហ្សិន មានមូលដ្ឋាននៅសហរដ្ឋអាមេរិករបស់សម រង្ស៊ី ត្រូវបានបែកធ្លាយ និងត្រូវបានចុះផ្សាយដោយកាសែត Asia Times ដោយបានបង្ហាញថាសម រង្ស៊ី ជួលក្រុមហ៊ុននេះដើម្បីរិះរកវិធីសាស្ត្របំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងនឹងផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ។ នេះទំនងមិនមែនជាលើកទី១ ទេ ដែលទណ្ឌិត សម រង្ស៊ី និងអតីតបក្សប្រឆាំង បានជួលក្រុមហ៊ុននេះធ្វើយុទ្ធនាការបំផ្លាញជាតិខ្មែរ។ ក្រុមហ៊ុនប៊ែរលីន រូហ្សិន ត្រូវចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិរបស់ទណ្ឌិត សម រង្ស៊ី ជួលក្នុងតម្លៃ ២៥ម៉ឺន ដុល្លារអាមេរិក ដើម្បីកៀងគរសម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ហេតុអ្វីបានជា សម រង្ស៊ី និងគូកន ប្រព្រឹត្តទង្វើក្បត់ជាតិម្តងហើយម្តងទៀតយ៉ាងដូច្នេះ? ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ក្រុមខ្លួន ទណ្ឌិត សម រង្ស៊ី ដែលមានឈាម ជ័រជាជនក្បត់ជាតិ តពីឪដល់កូនមិនខ្វល់ពីផលវិបាកដែលកើតចេញពីទង្វើក្បត់ជាតិនិង ប្រជាជនរបស់ខ្លួនឡើយ។ សម រង្ស៊ី ហ៊ានចុះកិច្ចព្រមព្រៀងជាមួយជនជាតិដើម ភាគតិច ម៉ុងតាញ៉ាវៀតណាម (United Front for the Liberation of Oppressed Races (FULRO) ដើម្បីផ្តល់ស្វ័យភាពនិងកាត់ដីខេត្តខ្មែរ ៤ខេត្ត ឱ្យក្រុមវៀតណាម សេរីដោយមិនស្តាយស្រណោះ បន្តិចណាឡើយ។ នៅថ្ងៃនេះ ឯកសារក្បត់ជាតិថ្មីមួយទៀតត្រូវបានលាតត្រដាងបង្ហាញថា សម រង្ស៊ី បានជួលក្រុមហ៊ុនបរទេស ដើម្បីធ្វើយុទ្ធនាការបំផ្លាញកម្ពុជា តាមរយៈធ្វើសកម្មភាពញុះញង់ បំភ្លៃបំផ្លើសបំប៉ោងដើម្បីបំភាន់ព័ត៌មានជុំវិញស្ថានការណ៍ នយោបាយពិតនៅក្នុងប្រទេសកម្ពុជា និងកៀងគរសម្ពាធ អន្តរជាតិបំផ្លាញខ្មែរ។
នេះគឺជាការបកស្បែកមុខដ៏អាក្រក់របស់ក្រុមអ្នកនយោបាយប្រឆាំងជាថ្មីម្តងទៀត ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលបានប្រឌិតព័ត៌មាននៃការស្លាប់ប្រជាជន ៦ នាក់និងរបួ ស ៦០នាក់ក្នុងហេតុការណ៍ប្រឈមមុខគ្នារវាងកម្លាំងសម្ថកិច្ចអនុវត្តច្បាប់និងក្រុមពល រដ្ឋដែលដណ្តើមកាន់កាប់ដីដោយខុសច្បាប់ក្នុងស្រុកស្នួល ខេត្តក្រចេះកាលពីថ្ងៃទី៩ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ។ ក្រុមហ៊ុនប៊ែរលីន រូហ្សិននេះក៏បានចេញសេចក្តីប្រកាសព័ ត៌មានធ្វើសោកនាដកម្មលើព្រឹត្តិការណ៍នេះតាមផែនការបំផ្លាញជាតិដែលសមរង្ស៊ីបាន រៀបចំឡើង។ តាមពិតគ្មានអ្នកស្លាប់ដូចការបំភ្លៃឡើយ ហើយអ្នកដែលផ្តល់ព័ត៌មានបំភ្លៃថា មានអ្នកស្លាប់ក៏បានសារភាពថាខ្លួនត្រូវបានគេណែនាំឱ្យនិយាយដូច្នេះ។ ភស្តុតាង ដែលមាន និងសកម្មភាពដែលក្រុមប្រឆាំង បានធ្វើគឺជាយុទ្ធសាស្ត្របំផ្លាញកិត្តិយសខ្មែរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈមធ្យោបាយមិនប្រជាធិបតេយ្យ។
ទឡ្ហីករណ៍ទាំងនេះបានបង្ហាញកាន់តែច្បាស់ថាក្រុមនយោបាយប្រឆាំងបានរៀប ផែនការសកម្មភាពទាំងអស់ឱ្យស្ថិតនៅក្នុងយុទ្ធសាស្ត្រព័ត៌មានរបស់ខ្លួនក្នុងសង្គ្រាមចិត្ត សាស្ត្រ និងសមរភូមិសតិអារម្មណ៍។ ទន្ទឹមនឹងជួលក្រុមហ៊ុនផ្នែកទំនាក់ទំនងសាធារណៈ ជួយខ្លួន ធ្វើការងារជាមួយអ្នកកាសែតបរទេស ដែលជាអ្នកកាសែតទទួលប្រាក់កម្រៃតាមអត្ថបទ (freelancer) និងអតីតអ្នកកាសែតបរទេសក្លាយខ្លួន ជាអ្នកវិភាគនយោបាយខ្លះ ដើម្បីសរសេរអត្ថបទនិយាយអាក្រក់ពីកម្ពុជា និងមានលក្ខណៈវាយប្រហាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រុមប្រឆាំងបានប្រើប្រាស់នូវ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលជារបស់ចៅហ្វាយបរទេសខ្លួន និងទទួលបានថវិការគាំទ្របរទេសដូចជាវិទ្យុអាស៊ីសេរី វីអូអេ ខេមបូឌា ដេលី ភ្នំពេញ ប៉ុស្តិ៍ វីអូឌី សុទ្ធតែបម្រើយុទ្ធសាស្រ្តនយោបាយរបស់បក្សប្រឆាំងទាំងអស់ គឺសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃការពិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ពួកគេ។
ក្រុមបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងបានធ្វើរបាយការណ៍ភូតកុហក បំភ្លៃការពិតដោយយោងតាមរបាយការណ៍ព័ត៌មាន ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយបរទេស និងនៅក្នុងស្រុក ដែលមានលក្ខណៈបំផ្លើស បំភ្លៃដើម្បីដាក់ទៅអង្គការអន្តរជាតិ ឬអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សឬតំណាងប្រទេសផ្សេងទៀតដែលពោរពេញ ដោយភាពលម្អៀងទៅរកក្រុមប្រឆាំង។ ដោយឈរនៅលើមូលដ្ឋាននៃព័ត៌មានមិនមានតុល្យភាពទាំងនេះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិខ្លះ ឬ មន្ត្រីការទូតនៃបស្ទឹមប្រទេសមួយចំនួនបានជឿស៊ប់ក្នុងឧបាយកលនៃក្រុមជនរងគ្រោះ អាជីពនិងបានវាយតម្លៃទាំងងងឹតងងុលលើស្ថានភាពពិតនៅកម្ពុជា។ ពេលខ្លះ ក្រុមមន្ត្រី ការទូតមួយចំនួនបានដំឡើងឫកក្រអឺតក្រទមចង់ធ្វើជាម៉ែឪកម្ពុជា ជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជាថែមទៀតផង ដោយព្យាយាមធ្វើជាមើលមិនឃើញនូវកិច្ច ខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋខ្ជាប់ខ្ជួន។
ក្រោយពីវាំងននខ្មៅត្រូវបានរបើក នៅពេលនេះអាមេរិក សហភាពអឺរ៉ុប និងតំណាងរាស្ត្របក្សប្រឆាំងនៃប្រទេសមួយចំនួន ដែលបានប្រតិកម្មយ៉ាងខ្លាំងក្លានឹងការអនុវត្តច្បាប់ដ៏ត្រឹមត្រូវតាមគោលការណ៍អន្តរជាតិ គួរត្រូវបានសាកសួរ ដើម្បីបំភ្លឺថា តើរដ្ឋបាលអាមេរិក ឬប្រទេសមួយចំនួន ដែលផ្តល់ការគាំទ្រលើក្រុមអ្នកនយោបាយនៃអតីតបក្សប្រឆាំង ធ្វើការសម្រេចចិត្តនីមួយៗរបស់ខ្លួន ដោយផ្អែកលើព័ត៌មាន ដែលចេញផ្សាយក្រោមឥទ្ធិពលនៃក្រុមហ៊ុនដែលជួលនៅក្នុងន័យបំផ្លាញជាតិកម្ពុជាឬយ៉ាងណា? តើក្រុមប្រទេសទាំងនេះពិតជាបានជឿ ដោយគ្មានការពិចារណាលើការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលមាននិន្នាការទៅរកបក្សប្រឆាំងក្រៅច្បាប់ និងក្រោមការជួលរបស់ក្រុមហ៊ុនខាងលើ?
បើពួកគេជឿតាមការបំភ្លៃក្រោមផែនការបំផ្លើសរបស់ក្រុមអ្នកនយោបាយប្រឆាំង នោះពិតគួរឱ្យសោកស្តាយជាទីបំផុតដែលជនមួយចំនួនតាំងខ្លួនជាអ្នកពូកែជាងគេ តែមកចាញ់បោកក្រុមអ្នកនយោបាយគ្មានសីលធម៌។ សកម្មភាពអាមេរិក និងអឺរ៉ុបនាពេលកន្លងទៅ ក៏បាត់តម្លៃរបស់ខ្លួនផងដែរ ដោយសារតែសកម្មភាពទាំងនេះកើតមានក្រោមឥទ្ធិពលនៃព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភាន់ ដែលផ្សព្វផ្សាយដោយសារលុយរបស់ សម រង្ស៊ី។
ប៉ុន្តែទេវតារក្សាព្រះរាជាណាចក្រកម្ពុជាពិតជាបើកព្រះនេត្រជួយប្រជាពលរដ្ឋខ្មែរមែន! រាល់សំណុំរឿងក្បត់ជាតិទាំងឡាយរបស់ក្រុមអ្នកនយោបាយប្រឆាំង ត្រូវបានបែកធ្លាយ ឬខ្លះចេញមកសារភាពខ្លួនឯងទទួលស្គាល់ការពិត ស្បែកមុខពិត ត្រូវបានបកអាក្រាត។ ខ្លះក៏កំពុងរត់ចោលស្រុក និងខ្លះទៀតជាប់គុកតាមកម្មពាររបស់ខ្លួន។ សម រង្ស៊ី នៅពេលនេះ គឺគ្មានអ្វីត្រូវបកស្រាយទៀតឡើយ មានតែម្យ៉ាងប៉ុណ្ណោះគឺត្រៀម ខ្លួនបកស្រាយនៅចំពោះមុខតុលាការពីទង្វើក្បត់ជាតិម្តងហើយម្តងទៀតរបស់ខ្លួននេះព្រោះការបង្ខូចមុខមាត់កម្ពុជា គឺជាយុទ្ធសាស្រ្តរបស់សម រង្ស៊ី និងបក្សប្រឆាំង ដើម្បីមហិច្ឆិតានយោបាយសួនតួរបស់ខ្លួនតែប៉ុណ្ណោះ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨