(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
លោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៧០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ ៦៩១នាក់ និងគ្រូបង្រៀនកម្រិតឧត្តមបិរញ្ញាបូក១ចំនួន ៨៤៩នាក់។
សម្រាប់ការប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិតនៅថ្ងៃស្អែកនេះ គឺជាការប្រគល់សញ្ញាបត្រលើកទី២០ គិតចាប់តាំងពីឆ្នាំ១៩៩៦មក។ រាល់ការចែកសញ្ញាបត្រនេះ គឺតែងបានធ្វើក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សៀង សុវណ្ណា ក៏បានឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ១៨,៤៦៧នាក់ ក្នុងនោះនារី ៥,៣៣៨នាក់។
គរុសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា និងទទួលបានបរិញ្ញាបត្រនៅថ្ងៃស្អែកនេះ នឹងក្លាយជាធនធានថ្មីបន្ថែមទៀត សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ កំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ និស្សិតអធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ គ្រូបង្រៀនកម្រិតឧត្តម គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ បារាំង-គណិត បារាំង-រូប បារាំង-ជីវៈ និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនសរុបទាំង ២០០១នាក់ នារី ៧៣៩នាក់៕