(ភ្នំពេញ)៖ អាចចាត់ទុកជារឿងអស្ចារ្យដែលបុរសខ្លាំងនៅអាស៊ីកំពុងលេចធ្លោធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ បុរសខ្លាំងរបស់ចិនគឺលោក ស៊ី ជីនពីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោត សម្រេចជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៧ ខែមីនា ឲ្យបន្តធ្វើជាប្រធានាធិបតីអាណត្តិថ្មីទៀត។

ការសម្រេចឲ្យលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតីអាណត្តិថ្មីបានធ្វើឡើង បន្ទាប់ពីចិនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលអាចបើកផ្លូវឲ្យលោក ស៊ី កាន់តំណែងជាមេដឹកនាំកំពូលរបស់ចិនអស់មួយជីវិត។ វាមិនមែនជារឿងចៃដន្យឡើយ សម្រាប់ការបន្តកាន់តំណែងកំពូលរយៈពេលយូររបស់លោក ស៊ី ជីន ពីង។
បុរសខ្លាំងនិងដ៏មានឥទ្ធិពលរបស់ចិន មានក្តីស្រមៃចង់ធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសអ្នកមានបំផុតលើលោក, ជាមហាអំណាចទី១ ទាំងយោធា និងសេដ្ឋកិច្ចនិងជាប្រទេស ដែលមានមោទនភាពបំផុតមួយ។ ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក គេអាចសង្កេតឃើញចំណុចខ្លាំងរបស់លោក ស៊ី គឺការពង្រឹងអំណាច បានយ៉ាងរឹងមាំ, ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបានយ៉ាងល្អ និងនយោបាយប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាព។ មហិច្ឆតាដ៏ធំធេង និងគោលនយោបាយជាក់លាក់ប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ បានធ្វើឲ្យលោកស៊ី ជីពីង ក្លាយជាទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជនចិន។

លោក ស៊ី ជាមេដឹកនាំដ៏ខ្លាំងម្នាក់ក្នុងប្រវត្តិសាស្ត្រចិន បន្ទាប់ពីលោក ម៉ៅ សេទុង។ លោក ស៊ី ដែលមានវ័យ៦៤ឆ្នាំ ត្រូវបានអ្នកខ្លះប្រៀបប្រដូចទៅនឹងនាគភ្ញាក់ពីដំណេក ដែលពោរពេញដោយថាមពលធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងកក្រើក។

ស្របពេលជាមួយគ្នានេះដែរ បុរសខ្លាំងរបស់រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ត្រូវបានប្រជាជនរុស្ស៊ីបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ លោក ពូទីន ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងលោកក៏មានក្តីស្រមៃរបស់ខ្លួនដែរនោះគឺ «គំនិតរបស់យើងនឹងធ្វើឲ្យមានអនាគតដ៏អស្ចារ្យ នៃប្រទេសរបស់យើង និងអនាគតកូនចៅយើង»។ លក្ខណៈពិសេសរបស់លោក ពូទីន គឺការប្រយុទ្ធប្រឆាំងយ៉ាងក្លៀវក្លាទៅនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ពីសំណាក់មហាអំណាចលោកខាងលិច។ លោកពូទីនគឺជានិមិត្តរូបនៃការការពារអធិបតេយ្យភាព និងបូរណភាពដែនដីរុស្ស៊ីយ៉ាងរឹងមាំ។ ពូទីនជាមេដឹកនាំដ៏ឈ្លាសវៃ និងទប់ទល់បានគ្រប់ស្នៀតរបស់លោកខាងលិច។

ទាំងនេះជាចំណុចធ្វើឲ្យលោកពូទីនក្លាយជាមេដឹកនាំលេចធ្លោ និងទទួលបានការគាំទ្រ និងការផ្តល់ទំនុកចិត្តយ៉ាងខ្លាំងពីពលរដ្ឋរុស្ស៊ី។ លោកពូទីន បានជាប់ឆ្នោតក្លាយជា ប្រធានាធិបតីរុស្ស៊ី ជាលើកដំបូងកាលពីឆ្នាំ ២០០០ ដោយបានកាន់អំណាចពីរអាណត្តិរហូតដល់ឆ្នាំ ២០០៨ (កាលណោះអាណត្តិប្រធានាធិបតីរុស្ស៊ីមានតែ៤ឆ្នាំទេ)។ បន្ទាប់មកចន្លោះពីឆ្នាំ២០០៨ ដល់ ២០១២ ត្រូវបានលោក ឌីមេទ្រី មេដវេដដេវ កាន់តំណែងជាប្រធានាធិបតីវិញម្តង មុននឹងលោកពូទីនហក់ចូលមកកាន់តំណែងនេះជាថ្មី ចាប់ពីឆ្នាំ ២០១២មក។ បុរសអាយុ៦៦ឆ្នាំរូបនេះ បានកាន់អំណាច៣អាណត្តិជាប់គ្នា ពោលគឺអស់រយៈពេល ១៨ឆ្នាំមកហើយ។ ឥឡូវនេះលោកត្រូវបន្តតំណែងកំពូល នេះ៦ឆ្នាំទៀត។

នៅប៉ុន្មានខែខាងមុខនេះ បុរសខ្លាំងរបស់កម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវគេមើលឃើញថា នឹងឈ្នះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ដោយគ្មានការសង្ស័យឡើយ។ បុរសខ្លាំងកម្ពុជាដែលបានកាន់កាប់តំណែងដឹកនាំកំពូលរបស់ប្រទេសតាំងពីឆ្នាំ ១៩៨៥ មកនៅតែជាជម្រើសដែលមិនអាចខ្វះបានរបស់ ពលរដ្ឋខ្មែរភាគច្រើន។ ចំណុចខ្លាំងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្រដៀងទៅនឹងលោក ស៊ី ជីនពីង និងលោកពូទីនដែរនោះ គឺជាមេដឹកនាំដែលហ៊ានតតាំងប្រឆាំង ដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់មហាអំណាចលោកខាងលិច។ ទោះបីជាកម្ពុជាជាប្រទេសតូចតាច ទន់ខ្សោយ ទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែមេដឹកនាំប្រទេសនេះបានកសាងប្រទេសពីគំនរផេះផង់រហូតក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេមួយក្នុងអាស៊ី។

បើក្រឡេកទៅមើលអតីតកាលនៃសម័យសង្គ្រាម និងសម័យខ្មែរក្រហម កម្ពុជាបច្ចុប្បន្នប្រៀបបាននឹងការចាកចេញពីឋាននរកទៅកាន់ឋានសុខសាន្តថ្មីមួយ ដែលពោរពេញដោយការអភិវឌ្ឍន៍គ្រប់វិស័យ។ បុរសខ្លាំងកម្ពុជាដែលបានដឹកនាំចលនារសង្គ្រោះប្រទេសចេញពីរបបខ្មែរក្រហម និងបាននាំសន្តិភាពពេញលេញ ជូនប្រទេសជាតិក្រោមនយោបាយ «ឈ្នះឈ្នះ» ដ៏ល្បីល្បាញ កំពុងតតាំងជាមួយសត្រូវច្រើនយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី ក៍ដូចជារក្សាសន្តិភាព និងស្ថិរភាពសង្គម។ ដៃម្ខាងធ្វើសង្គ្រាមប្រឆាំងនឹងភាពក្រីក្រតាមរយៈការអភិវឌ្ឍប្រទេសគ្រប់វិស័យ រីឯដៃម្ខាងទៀតកំពុងធ្វើសង្គ្រាមតតាំង ជាមួយសត្រូវលូកដៃពីខាងក្រៅផង និងសត្រូវខាងក្នុងដែលជាអាយ៉ងរបស់បរទេសផង ដែលប៉ុនប៉ងទាញទម្លាក់សភាពការណ៍ឲ្យធ្លាក់ក្នុងភាពច្របូកច្របល់ ដើម្បីគោលដៅដណ្តើមអំណាច និងយកកម្ពុជាធ្វើជារណប។

ទោះជាក្នុងកាលៈទេសៈដ៏លំបាកលំបិន្តបែបនេះក្តី ក៏បុរសខ្លាំងកម្ពុជាមិនបានបង្ហាញពីភាពនឿយហត់ ឬនឿយណាយឡើយ។ ក្នុងវ័យ៦៧ឆ្នាំ នាយករដ្ឋមន្ត្រីខ្មែរនៅតែបង្ហាញ ភាពរឹងមាំនិងធ្វើជានិមិត្តរូបនៃសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ ដែលកាន់តែផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត។
ការឡើងកាន់អំណាចរបស់បុរសខ្លាំងទាំងបីដូចបានលើកឡើងខាងដើមមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ វាជាការសបញ្ជាក់ថា នៅអាស៊ី លទ្ធិប្រជាធិបតេយ្យបែបលោកខាងលិចមិនមែនជាសេចក្តីត្រូវការពិតប្រាកដទេ។ ប្រជាធិបតេយ្យអាចជាផ្នែកមួយមិនអាចខ្វះបាន ក្នុងគោលនយោបាយដឹកនាំប្រទេស ប៉ុន្តែវាត្រូវរួមបញ្ចូលផ្នត់គំនិតអាស៊ី និងផ្នត់គំនិតរបស់ប្រទេសនីមួយៗទៅក្នុងនោះជាដាច់ខាត។ ការប៉ុនប៉ងចម្លងប្រជាធិបតេយ្យ បែបបស្ចឹមលោកទាំងស្រុងមកអនុវត្តមិនទទួលបានជោគជ័យឡើយ។ បរាជ័យរបស់ក្រុមប្រឆាំងនៅរុស្ស៊ី និងនៅកម្ពុជាគឺជាឧទាហរណ៍ស្រាប់។

ទី២៖ ប្រជាជាតិអាស៊ីផ្តល់តម្លៃខ្លាំងដល់អ្នកនយោបាយដែលតំណាងឲ្យភាពរឹងមាំ ដែលមានងារជាបុរសខ្លាំងហ៊ានតតាំងជាមួយការលូកដៃ ចូលរបស់បរទេសរាប់ទាំងមហាអំណាចផង។ ធ្វើនយោបាយរណបជាកូនអុក រឺកូនជឹងរបស់បរទេស ដើរតាមតែការគូសវាសរបស់បរទេសដោយរំពឹងថា ពួកមហាអំណាចទាំងនោះខ្លាំង ត្រូវយកមកធ្វើជាគ្រូ ដោយគ្មានគំនិតផ្តួចផ្តើមខ្លួនឯង គឺជានយោបាយគ្មានតម្លៃ និងនាំដល់បរាជ័យដោយចៀសមិនផុត។ ការរលត់រលាយរបស់អតីតបក្សប្រឆាំងគឺជាឧទាហរណ៍ជាក់ស្តែង។

ទី៣៖ ពីអំណឹះតទៅ គឺជាសករាជនៃបុរសខ្លាំងអាស៊ីដែលអាចចាត់ទុកថា ជាសករាជនៃការងើបឡើងវិញនៃគុណតម្លៃអាស៊ី ពោលគឺការដឹកនាំដែលផ្តល់តម្លៃដល់ផ្តត់គំនិត នៃប្រជាជាតិខ្លួនសំខាន់ជាងការចម្លងពីគេទាំងស្រុងយកមកអនុវត្ត។

ទី៤៖ ជាយុគសម័យនៃការចុះខ្សោយ និងឈានទៅរកទីបញ្ចប់នៃអ្នកនយោបាយដែលសុខចិត្តធ្វើជាកូនអុករបស់លោកខាងលិចដោយឥតលក្ខខណ្ឌ ហើយបំភ្លេចចោល គុណតម្លៃនៃប្រជាជាតិរបស់ខ្លួនព្រោះតែសម្លឹងឃើញឥទ្ធិពលរបស់មហាអំណាចលោកខាងលិចថា ជាទីជម្រកដ៏សុខសាន្ត ហើយក៏ដើរតាមខ្សែញាក់របស់គេដោយគ្មានបាន បញ្ចេញស្នាដៃជារបស់ផ្ទាល់ខ្លួនទាល់តែសោះ។ អាចនិយាយបានថា ជាទីបញ្ចប់នៃក្រុមអ្នកនយោបាយដែលដេកស្រមៃចង់ក្លាយជាជើងឯងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយក៏ចម្លងទ្រឹស្តីពីគេទាំងស្រុងមកសូត្ររត់មាត់ដូចសេក។

ទី៥៖ វាសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវក្នុងជម្រើសនយោបាយការទូតរបស់ខ្លួន ផ្ទុយស្រឡះពីក្រុមអ្នកវិភាគមួយចំនួនដែលមុជមិនជ្រៅ ទៅមិនឆ្ងាយដោយសារតែរនាំងនៃទស្សនៈនយោបាយចង្អៀតចង្អល់ និងផ្កាប់មុខ ដែលឆ្កួតវង្វេងនឹងមនៅគមន៍វិជ្ជាលោកខាងលិចហួសហេតុ។ អាចនិយាយបានថា ជម្រើសនយោបាយការទូតរបស់កម្ពុជាបានឈានដល់ចំណុចជោគជ័យធំធេងក្នុងសករាជនៃការងើបឡើងស្របៗគ្នានៃបុរសខ្លាំងអាស៊ី ដែលជានិមិត្តរូបនៃការងើបឡើង នៃគុណតម្លៃអាស៊ី។

ទី៦៖ របបដឹកនាំរបស់បុរសខ្លាំងនៅអាស៊ី ជាពិសេសគឺកម្ពុជា នឹងមានភាពរឹងមាំយូរអង្វែងទៅមុខពីព្រោះថា ទាំងចិន ទាំងរុស្ស៊ី ដែលជាមហាអំណាចអាស៊ី សុទ្ធតែជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ នេះជាឱកាសមាសរបស់កម្ពុជាក្នុងការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រទេស។

សរុបទៅចប់ហើយសករាជនៃការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់មហាអំណាចលោកខាងលិច។ ចប់ហើយសករាជនៃអ្នកនយោបាយ ដែលសុខចិត្តធ្វើកូនជឹងឲ្យបរទេសដោយឥតលក្ខខណ្ឌ។ ចប់ហើយយុគសម័យនៃការដេកស្រម័យចង់ក្លាយជាជើងឯកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយចម្លងតាមបស្ចឹមប្រទេសទាំងស្រុង។ ប៉ុន្តែវាជាការមកដល់នៃសករាជអាស៊ីជារបស់ជនជាតិអាស៊ី - សករាជនៃខ្មែរជារបស់ខ្មែរ និងសករាជនៃការគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមកនៃបណ្តាប្រទេសផងគ្នា។ កម្ពុជាជាមិត្តរបស់គ្រប់បណ្តាប្រទេសលើលោកដែលចង់ក្លាយជាមិត្តល្អ និងស្មោះសរជាមួយគ្នា។ កម្ពុជាមានឱកាសច្រើនណាស់ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន តាមបែបខ្មែរ ដោយមិនចាំបាច់ចម្លងយកគំរូទាំងស្រុងពីប្រទេសណាមួយឡើយ។

កិច្ចខិតខំប្រឹងប្រែងរបស់បុរសខ្លាំងកម្ពុជាបច្ចុប្បន្នជាសញ្ញាបញ្ជាក់ថា នាវាកម្ពុជាកំពុងបើកបរក្នុងទិសដៅស្របតាមចរន្តខ្យល់បក់ ហើយនាវាដ៏កំសត់មួយនេះនឹងកាន់តែបោះ ពួយលឿនលយទៅមុខ នាំពលរដ្ឋខ្មែរទៅកាន់ត្រើយសុខសាន្តយ៉ាងពិតប្រាកដ៕

ដោយ៖ កូនខ្មែរ