(ភ្នំពេញ)៖ ក្រោមការណែនាំដោយផ្ទាល់ របស់រដ្ឋមន្រី្ដក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានចុះអនុវត្ដភ្លាមៗ ដោយលោកនិងក្រុមការងារ បានចុះទៅកាន់ខេត្ដចំនួន៣ ខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ ដើម្បីធ្វើតេស្ដឈាម និងព្យាបាល ពិសេសចុះអប់រំផ្សព្វផ្សាយ ទៅដល់សហគមន៍ និងផ្ទះប្រជាជន ដែលនៅដាច់ស្រយាលផងដែរ ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល យោងតាមអនុសាសន៍ណែនាំផ្ទាល់របស់ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង លោកបានជំរុញក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ នៅតាមបណ្ដាខេត្ត ចុះអន្តរាគមន៍បន្ទាន់ទៅនឹងជំងឺគ្រុនចាញ់ ដោយវិធី «តេស្ត និងព្យាបាល» ឲ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវប្រសិទ្ធិភាព និងគុណភាពការងារ ឈានទៅសម្រេចជោគជ័យ នៃយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុចាញ់ នៅឆ្នាំ២០១១-២០២៥ ដែលបានផ្តួចផ្តើមគំនិត និងអនុម័តដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកវេជ្ជបណ្ឌិត ថ្លែងទៀតថា ក្រុមការងារ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត អមដោយ ប្រធានមជ្ឈមណ្ឌជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ប្រធានមន្ទីសុខាភិបាលខេត្ត (ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ) និងសហការី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិភ្នំក្រវ៉ាញ ស្រុកប្រតិបត្តិក្រគរ លោកអភិបាលស្រុកភ្នំក្រវ៉ាញ លោកអភិបាលស្រុកក្រគរ និងអង្គការ «CMEP/យូ អរ ស៊ី» បានធ្វើសកម្មភាពអន្តរាគមន៍ឆ្លើយតបជាច្រើនរួមមាន៖
*នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្រុមការងារបានដំណើរការប្រជុំពិភាក្សា និងរៀបចំផែនការសកម្មភាព អំពីកិច្ចសហការក្នុងដំណើរបេសកកម្មពិសេសដំបូង អន្តរខេត្ត អន្តរាគមន៍ឆ្លើយតបនឹងជំងឺគ្រុនចាញ់ ក្នុងតំបន់ត្រីកោណ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ(តំបន់ភ្នំក្រវ៉ាញ/ឱរ៉ាល់) នៅថ្ងៃបន្ទាប់។
*ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារអន្តរខេត្ត បានបំពេញដំណើរបេសកកម្មពិសេសដំបូង អន្តរខេត្តអន្តរាគមន៍ឆ្លើយតបនឹងជំងឺគ្រុនចាញ់ក្នុងតំបន់ត្រីកោណខេត្ត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ (តំបន់ភ្នំក្រវ៉ាញ/ឱរ៉ាល់)។
បេសកកម្មនេះ បានចាប់ផ្តើមអនុវត្តន៍ការងារអន្តរាគមន៍ ឆ្លើយតបនឹងជំងឺគ្រុនចាញ់ ចាប់តាំងពីថ្នាក់មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុភាព រហូតដល់សហគមន៍ និងគោលដៅចំនុចផ្ទាល់ ក្នុងតំបន់ត្រីកោណខេត្ត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ ដោយមានសកម្មភាពរួមមាន ការត្រួតពិនិត្យការគ្រប់គ្រងកម្មវិធីគ្រុនចាញ់ នៅស្រុកប្រតិបតិ្ត ស្ថានភាពស្តុកថ្នាំ និងតេស្តនៅមន្ទីរពេទ្យបង្អែកភ្នំក្រវ៉ាញ ការផ្តល់សេវាសារអប់រំសុខភាពបង្ករជំងឺគ្រុនចាញ់ ការលើកម្ពស់ចំណេះដឹងសហគមន៍ប្រជាជន អំពីវិធីបង្ការជំងឺគ្រុនចាញ់ និងស្វែងរកសេវាពិនិត្យព្យាបាលជំងឺគ្រុនចាញ់ ត្រឹមត្រូវទាន់ពេលវេលា ការអង្កេតបាណកសាស្រ្តភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ មូសដែកគោល និងស្វែងរកជួបប្រជាជនចល័តឆ្លងកាត់ ឬចូលមកក្នុងតំបន់ត្រីកោណ។
ជាលទ្ធផលឃើញថា ការងារគ្រប់គ្រងកម្មវិធីគ្រប់កំរិតមានការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការទូលំទូលាយចាប់តាំងពីថ្នាក់ខេត្ត រហូតថ្នាក់មូលដ្ឋាន ពិសេសការគ្រប់គ្រង តេស្ត និង ថ្នាំគ្រុនចាញ់ដែលមាននៅគ្រប់កំរិត ដែលធានាបាននូវកាវការផ្គត់ផ្គង់ និងសម្រាប់ពិនិត្យព្យាបាលជំងឺជូនប្រជាជន។ សម្ភារ ការអប់រំសុខភាព ការបានបិទផ្សព្វផ្សាយ នៅគ្រប់ទីកន្លែង ពិសេសនៅតំបន់ត្រីកោណផ្ទាល់ ដែលមានទាំងការបិទផ្ទាំងរូបភាព សារព័ត៌មានវិធានការបង្ការជំងឺគ្រុនចាញ់ ការផ្តល់សារអប់រំសុខភាពផ្ទាល់មាត់ អំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងនិងធ្វើបង្ហាញអំពីការប្រើប្រាស់មុងជ្រលក់ថ្នាំត្រឹមត្រូវដែលមិនអោយមានមូសខាំពេលដេកក្នុងមុង និងការលេបថ្នាំត្រឹមត្រូវទៀតទាត់។
ការងារអង្កេតបាណកសាស្រ្តត្រូវបានរកឃើញថា តំបន់ព្រៃភ្នំមានព្រៃស្រោង និងអូរទឹកជាទីកន្លែងដក់ទឹក ដែលអំណោយផលដល់ការកកើតមូសដែកគោល ជាភ្នាក់ងារចំលងជំងឺគ្រុនចាញ់។ ការរុករក និងស្វែងរកជួបប្រជាជនចល័ត ក្នុងតំបន់ត្រីកោណដើម្បី ពិគ្រោះ ពិនិត្យ និងធ្វើតេស្តរកមេរោគគ្រុនចាញ់ ចំពោះរាល់ប្រជាជនចល័ត ដែលបានជួបចំនួន៥៤នាក់ នឹងត្រូវបានទទួលសេវា ដោយឥតគិតថ្លៃ លើសេវាធ្វើតេស្តឈាម និងព្យាបាល (រកឃើញថា វិជ្ជមានមេរោគគ្រុនចាញ់ចំនួន០៥នាក់ និងព្យាបាលភ្លាមៗទាំង០៥នាក់) ផ្តល់ជូននូវ មុងគ្រែ មុងអង្រឹង សាប៊ូដុំ និងពន្យល់បន្ថែមអំពី វិធីបង្ការជំងឺគ្រុនចាញ់ និងរបៀបប្រើប្រាស់មុងជូនដល់ប្រជាជនចល័តទាំង ៥៤នាក់ ។
ទន្ទឹមនឹង លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ក្នុងបេសកកម្មនេះ ក្រុមការងារអន្តរខេត្តបានស្វែងរកឃើញបន្ថែមទៀត នូវព័ត៌មានថ្មីៗមួយចំនួនទាក់ទងជាមួយប្រជាជនចល័ត ដែលចូលមកក្នុងតំបន់ព្រៃ មិនបានយកមុងមកជាមួយ មិនចេះដេកក្នុងមុងដោយមូលហេតុក្តៅស្អុះជាដើម ខ្លះមិនសូវយល់ដឹងច្បាស់នូវវិធី បង្ការជំងឺគ្រុនចាញ់ និងប្រើប្រាស់មុងត្រឹមត្រូវ (ពិសេសប្រជាជនចល័តថ្មី) និងខ្លះអង្គុយលេងក្រៅមុង ដល់ពេលយប់ ដែលជាកត្តាអំណោយផលដល់ការខាំ របស់មូសដែកគោលចំលងជំងឺគ្រុនចាញ់។ ក្នុងនោះចំនួនប្រជាជនចល័ត មាននៅរាយប៉ាយ ដែលពិបាកនឹងស្វែងរកជួប មិនអាចប៉ាន់ស្មានបាននូវចំនួនប្រជាជនចល័តតំបន់នេះ ខ្លះធ្វើដំណើរតាមផ្លូវផ្សេងៗ មិនឆ្លងកាត់តាមតំបន់ចំនុចប្រជុំស្នាក់នៅ ដែលសេវាសុខាភិបាល បានដាក់ភ្នាក់ងារព្យាបាលជំងឺគ្រុនចាញ់ ប្រជាជនចល័ត ខ្លះមានការភ័យខ្លាច ក្នុងការមកទទួលយកសេវាភ្នាក់ងារព្យាបាលជំងឺគ្រុនចាញ់ ដោយមូលហេតុខ្លាចគេថា ជាប្រជាជនចល័តខុសច្បាប់ និងពិបាកនូវសេវាទូរគមនាគមន៍ សម្រាប់ទំនាក់ទំនងនៅតំបន់នោះ (គ្មានសេវាទូរស័ព្ទ)។
សកម្មភាពដែលត្រូវអនុវត្តន៍នាពេលបន្ទាប់ រយៈពេលយូររួមមាន ការគ្រោងបង្កើតអនុក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់អន្តរខេត្តទាំងបី នឹងដាក់សំណើរសុំការឯកភាព ពីថ្នាក់ដឹកក្រសួងនាំសុខាភិបាល ឲ្យបាននូវត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ តាមការសំណូមពររបស់ក្រុមការងារ និងការស្វែងរកកិច្ចសហប្រតិបត្តការដៃគូសិក្សាស្រាវជ្រាវបាណកសាស្រ្ត និងឆ្លើយតបបន្ទាន់គ្រប់គ្រងជំងឺគ្រុនចាញ់តំបន់ត្រីកោណ និងស្វែងរកការគាំទ្រចូលរួមបន្ថែមទៀតពីគ្រប់ដៃគូជាតិ និងអន្តរជាតិ៕