(ភ្នំពេញ)៖ អតីតបុគ្គលិករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ប្រចាំភូមិភាគឥសាន្តដ៏ល្បីល្បាញមួយរូប លោក រដ្ឋា វិសាល បានបន្តអះអាងថា ក្រមសីលធម៌ និងបទបញ្ជា ផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី គឺហាមដាច់ខាតមិនឲ្យបុគ្គលិកបញ្ចេញព័ត៌មានផ្ទៃក្នុងរបស់អង្គភាពចេញទៅខាងក្រៅឲ្យអ្នកផ្សេងដឹងឡើយ បើបុគ្គលិករូបណាហ៊ានល្មើស ឬក៏ណាត់ជួបជាសម្ងាត់ជាមួយមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់ ដោយមិនបានសុំការអនុញ្ញាតពីប្រធានរបស់ខ្លួនទេនោះ ត្រូវមានទោសធ្ងន់ធ្ងរឈានដល់បណ្ដេញចេញពី ការងារតែម្ដង។
ថ្លែងឆ្លើយតបនឹងសំនួររបស់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា៖
តើការលួចជួបពិភាក្សាសំងាត់ជាមួយមន្រ្តីយោធារដ្ឋាភិបាលកម្ពុជារបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានគ្រប់គ្រងវិទ្យុ អាស៊ីសេរីខេមរភាសាជាទង្វើខុសនឹងបទបញ្ជាផ្ទៃក្នុង របស់វិទ្យុអាស៊ីសេរីដែរឬទេ ? ហើយប្រសិនខុស តើស្ថាប័នវិទ្យុអាស៊ីសេរី បានកំណត់វិធានការបែបណាដល់អ្នកប្រព្រឹត្ត ?
លោក រដ្ឋា វិសាល បានថ្លែងឆ្លើយតបយ៉ាងដូច្នេះថា៖ «ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងវិទ្យុអាស៊ីសេរី ហាមមិនឱយបុគ្គលិកណាមួយបញ្ចេញព័ត៌មានផ្ទៃក្នុងអង្គភាព ឱយខាងក្រៅឡើយ។ អ្នកប្រព្រឹត្តខុសនឹងត្រូវបណ្តេញពីការងារ។ ករណីលោក ជុន ច័ន្ទបុត្រ គឺជាទង្វើផ្ទុយការហាមនេះ»។
លោក រដ្ឋា វិសាល បានបន្តយ៉ាងដូច្នេះថា៖ «ការជួបសម្ងាត់ជាមួយមន្ត្រីរដ្ឋាភិបាល និងផ្តល់ព័ត៌មានផ្ទៃក្នុងជាកំហុសធ្ងន់ធ្ងរត្រូវបញ្ឈប់ការងារ»។
ប៉ុន្តែតាមការអះអាងរបស់លោក រដ្ឋា វិសាល, លោក ជុន ច័ន្ទបុត្រ មិនត្រឹមតែពឹងពាក់ឲ្យលោកលួចទាក់ទងទៅឧត្តមសេនីយ៏ ម៉ៅ សុផាន់ ដើម្បីសុំកំលាំងការពារប៉ុណ្ណោះទេ គឺថែមទាំងលួចទៅទទួលទានអាហារស្ងាត់ៗជាមួយនឹងឧត្តមសេនីយ៏ម៉ៅ សុផាន់ ប្រមាណជិត២ម៉ោងថែមទៀតផង។ ប៉ុន្តែទោះបីយ៉ាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា លោកនៅខ្សែអាត់សម្លេងនៃកិច្ចសន្ទនាពេលកំពុងទទួលទានអាហារផងដែរ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញលោក ជុន ច័ន្ទបុត្រ ចេញមុខបំភ្លឺជាសាធារណៈ ពាក់ព័ន្ធការអះអាងរបស់លោក រដ្ឋា វិសាល នៅឡើយទេ ហើយគេក៏មិនទាន់ ដឹងថា ខាងអង្គភាពវិទ្យុអាស៊ីសេរី នឹងបើកការស៊ើបលើករណីនេះ ឬយ៉ាងណានោះដែរ។
ប៉ុន្តែតាមអតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី៣នាក់ ថ្លែងសុំមិនបញ្ចេញឈ្មោះដែលធ្លាប់រងគ្រោះត្រូវបានមេរបស់ខ្លួនបញ្ឈប់ពីការងារកន្លងមកនោះបានអះអាងថា បើកូនចៅវិញកុំថាឡើយមានភស្តុតាងជាក់ស្ដែង គ្រាន់តែសង្ស័យរកលេសនេះ លេសនោះបញ្ឈប់ពីការងារតែម្តង៕
ខាងក្រោមជាកិច្ចសម្ភាសន៍ពិសេស៖ លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ងតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ពីសំណាក់ CIA អាមេរិក ដោយសារអ្វី ?