(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្ពុជាបង្ហាញ ឆន្ទៈច្បាស់លាស់ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន។ លោក សួង ម៉េងឡុង បន្តថា គោលការណ៍ណែនាំ និងនីតិវិធីថ្នាក់តំបន់ ដើម្បីដោះស្រាយ តម្រូវការរបស់ជនរងគ្រោះ ដោយការជួញដូរមនុស្ស សហការគ្នាចូលរួម ដោះស្រាយ ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ស្របទៅតាមអនុសញ្ញាអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅថា ACTIP ដែលមានប្រទេសចំនួន០៩ បានផ្តល់សច្ចាប័ន លើកលែងតែប្រទេសប្រ៊ុយណេ ដែលមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ។
ការលើកឡើងរបស់ លោក សួង ម៉េងឡុង បានធ្វើឡើងខណៈ លោកចូលរួមបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើគោលការណ៍ណែនាំថ្នាក់តំបន់ និងនីតិវិធីថ្នាក់តំបន់ដើម្បីដោះស្រាយតម្រូវការរបស់ជនរងគ្រោះ ដោយការជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន ដែលរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។
អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ចដដែលបានបន្ថែមថា លទ្ធផលដែលទទួលពីការពិភាក្សា ពីអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ អស់រយៈពេល១ថ្ងៃពេញ បានផ្តល់ធាតុចូល ទៅលើគោលការណ៍នេះឲ្យកាន់តែប្រសើរ ជូនទៅប្រទេសរៀបចំ ដឹកនាំដោយប្រទេសថៃ ក្នុងការដាក់សម្រាប់បញ្ចូលរាល់គំនិតយោបបល់របស់សិក្ខាកាមចូលរួមនាថ្ងៃនេះ។
លោក សួង ម៉េងឡុង តំណាងក្រសួងសង្គមកិច្ច សង្ឃឹមយ៉ាងមុតមាំថា គោលការណ៍ណែនាំថ្នាក់តំបន់ និងនីតិវិធីថ្នាក់តំបន់ដើម្បីដោះស្រាយតម្រូវការរបស់ជនរងគ្រោះ ដោយការជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន ក្រោយពីអនុម័តដោយប្រទេស សមាជិកអាស៊ានទាំងអស់ នឹងអាចយកមកអនុវត្តជាក់ស្តែង ប្រកបដោយប្រិសទ្ធិភាពខ្ពស់ និងជាឧបករណ៍ កមណត់អត្តសញ្ញណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធិភាពក្នុងតំបន់ និងនៅកម្ពុជាយើង។
ជាមួយគ្នានោះ លោក សួង ម៉េងឡុង ក៏បានអរគុណដល់ដៃគូ និងអង្គការអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែសហការជាមួយ ក្រសួងសង្គមកិច្ច លើវិស័យសង្គមកិច្ច ជាពិសេសអង្គការ វ៉ឺនរ៉ក់ ដែលបានជួយគាំទ្រ ទាំងផ្នែកហិរញ្ញាវត្ថុ ក្នុងការដំណើរការសិក្ខាសាលានេះ។
គួរបញ្ជាក់ថា គោលការណ៍ណែនាំថ្នាក់តំបន់ និងនីតិវិធីថ្នាក់តំបន់ដើម្បីដោះស្រាយតម្រូវការរបស់ជនរងគ្រោះ ដោយការជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន បានចែកជា០៦ ផ្នែកធំៗរួមមាន៖ ទី១ និយមន័យជនរងគ្រោះ និងការកំណត់អត្តសញ្ញាណ ទី២ ការការពារ និងការឧបត្ថម្ភគាំទ្រជនរងគ្រោះ ទី៣ វិធានការពិសេស សម្រាប់ជនរងគ្រោះ និងសាក្សី ទី៤ វិធានការពិសេសបន្ថែមទៀត សម្រាប់ជនរងគ្រោះជាកុមារ ទី៥ ការទទួលដំណោះស្រាយនានា ទី៦ ការវិលត្រលប់មកវិញ នូវការស្តារឡើងវិញ និងការចូលរួមរស់នៅក្នុងសង្គម៕