(កំពង់ធំ)៖ ប្រជាកសិករប្រកបរបរដាំដំណាំឪឡឹក នៅក្នុងតំបន់សសរមួយ ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានផ្ទៃដីដាំដុះជាង១០០ហិកតា កំពុងសម្រុកប្រមូលទិន្នផលឪឡឹក របស់ខ្លួនរៀងៗខ្លួន ខណៈកំពុងមានហាងឆេង៣ឆ្នាំជាប់ៗគ្នា។ ក្នុងតំបន់នេះដែរ ប្រជាកសិករ ដែលដាំដុះអាចទទួលបានប្រាក់ចំណេញ រហូតស្មើរប្រាក់ដើមដែលពួកគាត់ ចំណាយយកទៅធ្វើ ប្រសិនបើពួកគាត់ សម្រុកប្រមូលផលបានទាន់ពេល មុនរដូវភ្លៀងកក់ខែនារដូវវស្សានេះ។
កសិករឈ្មោះ ប៉ៅ ប៉ែន ដែលមកដាំឪឡឹកលើផ្ទៃដីជាង៣ហិចតា នៅតំបន់សសរមួយនេះ បានលើកឡើងថា ក្នុងអាជីពជាអ្នកដាំឪឡឹកនេះ គាត់ដាំជាងម្ភៃឆ្នាំមកហើយ តែនៅតំបន់នេះទើបតែដាំបាន រយៈពេល៣ឆ្នាំប៉ុណ្ណោះ ព្រោះកាលពីមុនតំបន់នេះរថយន្តចូលដឹកកសិផលមិនរួច តែរយៈបីឆ្នាំនេះរថយន្តចូលមកដល់ទើប គាត់ និងបងប្អូនមកធ្វើការដាំដុះ ព្រោះដីនៅតំបន់នេះជាដីល្អមិនសូវប្រើជី គឺប្រើត្រឹមតែថ្នាំសម្លាប់សត្វល្អិតតិចតួច និងទទួលបានទិន្និផលខ្ពស់ ចៀសវាងការប្រើថ្នាំបំផៅ ឬថ្នាំបាញ់ឆាប់ទុំនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
លោក ប៉ៅ ប៉ែន បានបន្តថា ការមកដាំឪឡឹកនៅទីនេះ ក៏មានផលវិបាកមួយចំនួនដែរ គឺនៅពេលភ្លៀងធ្លាក់ខ្លាំង រថយន្តអ្នកទិញចូលដឹកមិនបានធ្វើ ឪឡឹករលួយ ដូច្នេះបងប្អូនគាត់ដែលមកដាំដុះ នៅតំបន់នេះ ធ្វើយ៉ាងណា ត្រូវតែប្រមូលផលឲ្យអស់មុនភ្លៀងធ្លាក់នាពេលខាងមុខនេះ។
អាជីវករឈ្មោះ យិន សំអាត ដែលតែងតែមកប្រមូលទិញឪឡឹកជារៀងរាល់ឆ្នាំ បានលើកឡើងដែរថា គាត់បានដឹងថា មានឪឡឹកនៅតំបន់នេះ ដោយសារតែម្ចាស់ចំការដែលជាម៉ូយរបស់គាត់ ផ្តល់ដំណឹងទៅគាត់ ហើយការមកទិញនៅទីនេះ ក្នុងមួយរថយន្តគឺតម្លៃជិត៦លានរៀលឯណោះ ព្រោះឪឡឹកនៅតំបន់នេះល្អខ្លាំងជាងឪឡឹកនៅតំបន់ឯទៀត ដែលធ្វើឲ្យមានភាពងាយស្រួល ក្នុងការលក់នៅលើទីផ្សារ។
អាជីវកររូបនេះ បានបន្តទៀតថា អ្នកដែលមកទិញនៅទៅនេះ មិនមែនតែបងប្អូនក្រុមគ្រួសាររបស់គាត់ជាង១០រថយន្តនេះទេ គឺនៅមានអ្នកដ៏ទៃជាច្រើនទៀតមកទិញដែរ ព្រោះផ្ទៃដីដែលគាត់ដាំដុះនៅទីនេះធំ ដែលធ្វើឲ្យពួកគាត់មានទីផ្សារច្រើនជាងនៅតំបន់ដ៏ទៃទៀត។
គួរបញ្ជាក់ថា៖ តំបន់សសរមួយនេះស្ថិតនៅតាមបណ្តោយ ផ្លូវលេខ (៥០C) ដែលតភ្ជាប់ពីខេត្តកំពង់ធំទៅ កាន់ខេត្តកំពង់ឆ្នាំង៕