(បន្ទាយមានជ័យ)៖ ក្នុងគោលបំណងការពារសុខមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានដាក់សម្ពោធអគាររមន្ទីរពិសោធន៍ខ្នាតតូចទី៣ សម្រាប់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកន្លងមកបានប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលធំៗជាច្រើនដូចជា៖ រឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកព្រំដែនជាដើម។
លោករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ ជាអតុល្យភាព (ចំណុចអវិជ្ជមនទី១) ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ និងបានស្នើមន្រ្តីកាំកុងត្រូលទាំងអស់ ខិតខំត្រួតពិនិត្យទំនិញនាំចូល-នាំចេញ និងទំនិញដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដោយអនុលោមតាមកម្មវិធីអភិក្រមស្តីពីការគ្រប់គ្រងហានិភ័យផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរមន្ត្រីកាំកុងត្រូល ខិតខំពង្រឹងសមត្ថភាព និងស្វែងយល់ ចំណេះដឹង ព្រមទាំងបទពិសោធន៍ថ្មីៗពីប្រទេសជិតខាងនៅក្នុងតំបន់ និងអន្តរជាតិ ហើយត្រូវខិតខំកៀងគរជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើសកម្មភាពត្រួតពិនិត្យសុវត្ថិភាព គុណភាពចំណីអាហារ ធានាបានអនុលោមភាពរបស់ទំនិញគ្រប់ប្រភេទ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកកំសាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកដែរថា តាមរយៈការដាក់ឲ្យអនុវត្តន៍នូវថវិកាកម្មវិធី ដែលជាផ្នែកនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលលើគម្រោងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបី ក្នុងឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ នៅក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋាន បានកសាងបញ្ចប់អាគារបីបន្ថែមទៀត នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។ សម្រាប់ឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋាន នឹងបន្តកសាងអាគារបីទៀត នៅកំពង់ផែអន្តរជាតិភ្នំពេញ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ (ច្រក ប៉ុស្តិ៍បឹងត្រកួន)៕