(រតនគិរី)៖ មន្រ្តីរាជការនៅមន្ទីរមុខងារសាធារណៈចំនួន១៥ នៅខេត្តរតនគីរី បានចេញមកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកលោកកិត្តិបណ្ឌិត ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួង មុខងារសាធារណៈ ដែលបានផ្តល់ប្រាក់ផ្ទាល់ខ្លួនគាត់ជាង២៣លានរៀល សម្រាប់បើកជូនពួកគេទាន់ពេលវេលា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
មន្រ្តីរាជការទាំង១៥រូប បានសប្បាយចិត្តទាំងពន់ពេក ចំពោះកិច្ចអន្តរាគមន៍ និងផ្តល់ជាដំណោះស្រាយទាន់វេលារបស់លោករដ្ឋមន្រ្តី ដែលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់មន្រ្តីក្រោមឱវាទទាំងអស់ នៅពេលជួបបញ្ហាណាមួយនោះ។
សូមបញ្ជាក់ថា លោកកិត្តិបណ្ឌិត ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចំណាយលុយផ្ទាល់ជាង២៣លានរៀល ដើម្បីបើកជូនមន្ដ្រីរាជការទាំង១៥រូប បន្ទាប់ពីសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ដោយសារខាងរតនាគារខេត្ត មានភាពយឺតយ៉ាវបើកប្រាក់បេសកកម្មឆ្នាំ២០១៧ ជូនពួកគេ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាពរស់នៅប្រចាំថ្ងៃនោះ។
លោក វ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ថា «ជាដំណោះស្រាយ នៅថ្ងៃនេះតាមរយៈខ្ញុំ ឯកឧត្តមរដ្ឋមន្រ្តី លោកបានចំណាយលុយផ្ទាល់ខ្លួនចំនួន២៣លានរៀល ដើម្បីបើកជូនមន្រ្តីនៅមន្ទីរទាំង១៥រូបហើយ។ ថវិកាទាំងនេះ ខ្ញុំនឹងចាត់ចែងបើកដល់ពួកគេ ដើម្បីចំណាយលើជីវភាពប្រចាំថ្ងៃ»។
យោងតាមលិខិតអន្ដរាគមន៍របស់មន្ដ្រីរាជការទាំង១៥រូប ផ្ញើមកកាន់ការិយាល័យនិពន្ធអង្គភាព Fresh News ពួកគេបានលើកឡើងថា ការគ្រប់គ្រងថវិកាឆ្នាំ២០១៧ មន្ទីរមុខងារសាធារណៈខេត្តរតនគិរី ពុំគ្រប់គ្រាន់បណ្ដាលឲ្យខ្វះថវិកាចំណាយលើការទូទាត់ប្រាក់បេសកកម្មឆ្នាំ២០១៧ ជូនពួកគាត់ចំនួន១៥នាក់ ប៉ុន្ដែដោយមានការជំរុញលើកទឹកចិត្តពីប្រធានមន្ទីរ មន្ដ្រីរាជការទាំង១៥រូបនេះ បានបន្ដខិតខំបំពេញការងារ រហូតចប់ឆ្នាំ ហើយរង់ចាំការទូទាត់ថវិកានៅឆ្នាំ២០១៨វិញ ប៉ុន្ដែរហូតមកដល់ពេលនេះទៅហើយ ពួកគាត់ទាំង១៥រូប មិនទាន់បានប្រាក់បេសកកម្មនៅឡើយទេ ពីរតនាគារខេត្ត។
មន្ដ្រីរាជការទាំង១៥រូប បានបញ្ជាក់ថា «ភាពយឺតយ៉ាវ នៃការបើកប្រាក់បេសកកម្មរបស់រតនាគារខេត្ត បែបនេះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ ពេលចុះបំពេញការងារ ហើយជាពិសេសនោះគឺ ប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់តែម្ដង ដោយមន្ដ្រីខ្លះបានខ្ចី និងចង់ការប្រាក់ពីខាងក្រៅសម្រាប់ការដោះស្រាយការខ្វះខាត»។
នៅក្នុងដីកាបញ្ជូនរបស់លោក សរ សាមី ប្រធានគណនេយ្យរតនាគារថ្នាក់ជាតិ និងសរុប ដែលបានផ្ញើទៅកាន់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបញ្ជាក់ថា ការទូទាត់ប្រាក់បេសកកម្មពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៧ រតនាគារពុំអាចទូទាត់ជូនបានឡើយ ដោយមូលហេតុខុសត្រង់កាលបរិច្ឆេទលើតារាង «ក» និងតារាង «ខ» ត្រូវប្រើប្រាស់ឆ្នាំ២០១៧វិញ ប៉ុន្ដែបញ្ហានេះត្រូវបានមន្ដ្រីរាជការ ទាំង១៥រូប អះអាងថា អភិបាលហិរញ្ញវត្ថុ បានយល់ព្រមលើទិដ្ឋាការ ចំណាយស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមានរួចរាល់ហើយ។
ពាក់ព័ន្ធករណីនេះ រតនាគារខេត្តរតនគិរី ក៏បានចេញលិខិតមកកាន់អង្គភាពព័ត៌មាន Fresh News សុំបំភ្លឺឆ្លើយតបវិញផងដែរនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយបានចាត់ ទុកការលើកឡើងរបស់មន្ត្រីមុខងារសាធារណៈថា មិនបានស្វែងយល់ច្បាប់ ពីនីតិវិធីចំណាយសោហ៊ុយបេសកកម្ម។
ជាក់ស្តែង ឯកសារទូទាត់ប្រាក់បេសកកម្មពីខែ១០ ដល់ខែ១២ ឆ្នាំ២០១៧ រតនាគារពិនិត្យឃើញថា មានកំហុស បន្តិចបន្តួចទៅលើការចុះកាលបរិច្ឆេទ តម្រូវឲ្យមន្ទីរមុខងារសាធារណៈ ធ្វើការកែតម្រូវឡើងវិញ។
រតនាគារខេត្តរតនគិរី បានបញ្ជាក់ថា ខ្លួនសូមបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់មន្ទីរមុខងារសាធារណៈ ហើយការយឺតយ៉ាវ ក្នុងការបើកប្រាក់បេសកកម្មនេះ គឺមកពីសាម៉ីមន្ទីរមិនរួសរាន់ រៀបចំបោះផ្សាយអាណត្តិ បើកប្រាក់ឲ្យបាននាដើមឆ្នំា២០១៨ តែបែរជាទើបបញ្ជូនអាណត្តិបើកប្រាក់នេះ មកដល់រតនាគារខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ហើយថែមទាំងមានបញ្ហាកំហុសឆ្គងពុំត្រឹមត្រូវ តាមនីតិវិធីទៀត។
ប៉ុន្ដែទោះជាយ៉ាងណា ជុំវិញករណីនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយ បន្ទាប់ពីលោកកិត្តិបណ្ឌិត ពេជ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចំណាយលុយផ្ទាល់ខ្លួនតែម្ដង ចំនួន២៣លានរៀល ដើម្បីបើកជូនមន្ដ្រីរាជការទាំង១៥រូបនោះ៕