(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សកម្មភាពមិនប្រក្រតីបង្កឡើងដោយភាគីជិតខាងតាមតំបន់ព្រំដែនកើតឡើង ៣៨៨លើក ក្នុងនោះ ព្រំដែនថៃ ៣៦៥លើក ព្រំដែនវៀតណាម ១៥លើក និងព្រំដែនលាវ ៨លើក។ នេះបើតាមរបាយកាណ៍ ដែលត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងសន្និបាតបូកសរុប ស្តីពីលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុនៃសកម្មភាពនោះ រួមមាន ការរាយលួសបន្លានៅតាមខ្សែបន្ទាត់ព្រំដែន ការឈូសឆាយដីធ្វើផ្លូវ សាងសង់អគារ និងប៉ុស្តិ៍ផ្សេងៗ ដោយមិនបានជូនដំណឹង និងមិនបានសម្របសម្រួលជាមួយភាគីកម្ពុជា និងការរុករានដីធ្វើស្រែចម្ការ ឆ្លងចូលមកទឹកដីកម្ពុជា។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតាមតំបន់ព្រំដែន ភាគីកម្ពុជា បានប្រជុំជាមួយភាគីថៃ ២១៣លើក វៀតណាម ២៦៩លើក និងឡាវ ៩លើក ដើម្បីដោះស្រាយវិវាទ និងសកម្មភាពរំលោភបំពានខាងលើនេះ ទប់ស្កាត់ពលករចំណាកស្រុក និងធ្វើការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍ព្រំដែន។ ក្រៅពីនេះ ក្រុមគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ បានឯកភាពបោះបង្គោល ព្រំដែនចំនួន ៣បង្គោល និងកម្ពុជា-វៀតណាម បានឯកភាពសាងសង់បង្គោលព្រំដែនប្រភេទក្រានីត ៤ទីតាំង/៤បង្គោល សាងសង់បង្គោលព្រំដែនបំពេញបន្ថែមប្រភេទថ្មបេតុង ៥៩៧ទីតាំង/៦៥៨បង្គោល និងបោះបង្គោលតម្រុយ ៣៨៤ទីតាំង/៥២២បង្គោល។
ដោយឡែកក្នុងការពង្រីងនគរបាលព្រំដែន ក្រសួងនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំ ដោយប្រមូលផ្តុំលើការងារថែបំប៉នកម្លាំង ទាំងការបំប៉នហ្វឹកហ្វឺនសមត្ថភាព ការកសាង ជួសជុលជំរុំ ជម្រក ប៉ុស្តិ៍នគរបាលព្រំដែន លេណដ្ឋាន និងកន្លែងធ្វើការងារ ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគ បន្ថែមលើគោលការណ៍ របបដែលមានស្រាប់៕