(ភ្នំពេញ)៖ ស្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹងតវ៉ាទៅសមត្ថកិច្ច និងតុលាការអស់រយៈពេលជាង១០ឆ្នាំមកហើយលើ លោក កែវ ហន អតីតអភិបាលរងខេត្តមណ្ឌលគិរី តាំងពីលោកនៅមានតំណែងរហូតដល់ចូលនិវត្តន៍ ពីបទរំលោភបំពានយកដី និងផ្ទះ ដែលជាទ្រព្យកម្មសិទ្ធិរបស់លោកស្រីទិញស្របច្បាប់រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈបច្ចុប្បន្នដីនិងផ្ទះខាងលើ ត្រូវបានគេឃើញមនុស្សទី៣រស់នៅ និងគ្រប់គ្រងគឺ លោក នង ទន់ណារី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី។
យោងតាមពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធជាច្រើនដែលឈ្មោះ ផេង វ៉ូដានី មានទីលំនៅផ្ទះលេខ ៣D ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក យកមកឲ្យអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយដើម្បីជាការស្វែងរកយុត្តិធម៌បានឲ្យដឹងថា កាលពីឆ្នាំ១៩៩៩ លោកស្រីបានទិញដីមួយកន្លែង មានទទឹង៦៦ម៉ែត្រ បណ្ដោយ៧៩ម៉ែត្រ មានទីតាំងនៅភូមិស្ពានមានជ័យ ឃុំអូរស្ពាន ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ពីលោក ជុំ ឈាង ដែលកាលណោះគាត់មានតួនាទីជាអភិបាលខេត្តមណ្ឌលគិរី។
ការទិញដីនោះដោយសារគាត់ មិនមានប្រាក់បង់គ្រប់ និងជាមនុស្សស្គាល់គ្នាជាមួយម្ចាស់ដី គាត់បានបង់ប្រាក់មុន១០,០០០ដុល្លារ និងប្រាក់នៅសល់ ១,៥០០០ដុល្លារទៀត គាត់បង់រំលោះជាប្រចាំខែ ក្នុង១ខែ១០០០ដុល្លារ ទៅឲ្យភរិយាលោក ជុំ ឈាង ជាអ្នកទទួលហើយក្រោយមក ដោយសារគាត់មានការខ្វះខាតខែខ្លះក៏បង់១,០០០ដុល្លារ ខែខ្លះក៏បង់៥០០ដុល្លារ ដោយម្ចាស់ដីមានការយោគយល់ មិនមានបញ្ហាអ្វីឡើយរហូតដល់ឆ្នាំ២០០៣ ទើបគាត់បង់លុយថ្លៃទិញដីគ្រប់ ម្ចាស់ដីបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ មកឲ្យលោកស្រីដែលជាអ្នកទិញត្រឹមត្រូវ តាមច្បាប់មានមន្ត្រីអាជ្ញាធរភូមិ ឃុំ និងសាក្សី ដឹងឮមិនមានបញ្ហាអ្វីឡើយ ហើយលោកស្រីថែមទាំងធ្លាប់យកលិខិតកាន់កាប់ដីនេះ ទៅដាក់បញ្ចាំខ្ចីលុយពីអ្នកចងការស្របច្បាប់ បានរហូតដល់៣៥,០០០ដុល្លារ ថែមទៀតផង។
ស្រាប់តែនៅឆ្នាំ២០០៧ ខណៈលោកស្រីរវល់នៅភ្នំពេញខានទៅខេត្តមណ្ឌលគិរីយូរ ក៏ទទួលដំណឹងថា ដី និងផ្ទះលោកស្រីដែលទិញពី លោក ជុំ ឈាង នោះត្រូវបានគេចូលទៅរំលោភបំពានកាន់កាប់តែម្ដង។ លុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៨ វេលាម៉ោង១០ព្រឹក លោកស្រីបានធ្វើដំណើរទៅផ្ទះរបស់លោកស្រី ដែលទទួលព័ត៌មានថា ត្រូវបានគេរំលោភចូលកាន់កាប់នោះ ស្រាប់តែឃើញមានមនុស្សមិនស្គាល់ឈ្មោះចំនួន២នាក់ កំពុងនៅលើផ្ទះនោះដោយមិនដឹងពួកគេ បានសោពីណាយកមកចាក់ចូលនៅនោះទេ ហើយក្រោយមកស្រាប់តែមានមន្ត្រីនគរបាល២នាក់ ម្នាក់ឈ្មោះ ថេង ចាន់ធី និងឈ្មោះ សូ សុវណ្ណ បានទៅឃាត់អ្នកស្រីមិនឲ្យចូលក្នុងផ្ទះ ដោយអះអាងថា ខេត្តឲ្យមកព្រោះផ្ទះនេះមានរឿងដោយសកម្មភាពនេះមានលោកស្រីមេភូមិអូរស្ពាន ឈ្មោះ ជិន ស៊ីលាភ ទៅជាមួយធ្វើជាសាក្សីដឹងឮទៀតផង។
ក្រោយមកទើបលោកស្រីដឹងថា ទង្វើខាងលើគឺប្រព្រឹត្តដោយឈ្មោះ កែវ ហន អភិបាលរងខេត្តមណ្ឌលគិរី ដោយគាត់សំអាងថាដី និងផ្ទះខាងលើ គាត់បានទិញពីជនជាតិ បារាំងអតីតប្ដីរបស់លោកស្រី ដែលបានរៀបការមានកូនប្រុសម្នាក់ជាមួយគាត់ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ តែការអះអាងនេះមិនមានលិខិតទិញលក់ យកមកបង្ហាញជាផ្លូវការឡើយ តែក្រោយមកលោកស្រីដឹងថា អតីតប្ដីរបស់លោកស្រី ដែលជាជនជាតិបារាំងនោះ បានក្លែងឯកសារមួយចំនួនដើម្បីធ្វើជាសំអាងថាដី និងផ្ទះដែលទិញពី លោក ជុំ ឈាង ខាងលើនេះ គឺទិញដោយរូបគាត់ និងអ្នកស្រី ដើម្បីបានជាឯកសារលក់ដូរបាន តែក្រោយបែកការណ៍ អ្នកស្រីបានយកឯកសារនោះ ទៅឲ្យក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច្ច័យលទ្ធផលចេញមកគឺស្នាមមេដៃ លោក ជុំ ឈាង ផ្ដិតនៅលើឯកសារលក់ទៅឲ្យអតីតប្ដីរបស់លោកស្រី ឈ្មោះ សែក សើវ៉ាលីយ៉េ នោះគឺក្លែងក្លាយ។
ដូច្នេះបើលោក កែវ ហន ទិញដីពីឈ្មោះសែក សើវ៉ាលីយ៉េ មែន ឬក៏ទិញពីអ្នកផ្សេងទៀតមានន័យថា ទិញលក់តាមរយៈឯកសារក្លែងក្លាយតែប៉ុណ្ណោះ ព្រោះនៅក្នុងលិខិតទិញលក់ រវាងអ្នកស្រី និង លោក ជុំ ឈាង ដែលមានការដឹងឮ ទទួលស្គាល់ពីមន្ត្រីអាជ្ញាធរនោះ គឺមិនមានឈ្មោះ សែក សើវ៉ាលីយ៉េ ចូលរួមទិញឡើយ។ មិនតែប៉ុណ្ណោះ បើលោក កែ ហន ពិតជាបានទិញដីខាងលើ មានឯកសារត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ តែដីមានវិវាទហើយ គឺគូភាគីទំនាស់មិនអាចចូលទៅបំពានកាន់កាប់ ដោយមិនមានការអនុញ្ញាតពីច្បាប់បាននោះឡើយ តែនេះទំនងកាលណោះ គាត់អាងអំណាចខ្លួនជាអភិបាលរងខេត្ត ក៏បញ្ជាអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចថ្នាក់ក្រោមចូលទៅរស់នៅទាំងបំពានតែម្ដងទៅ។
ពាក់ព័ន្ធការចោទប្រកាន់នេះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពី លោកកែវ ហន បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌទាក់ទង។ ចំណែក លោក នង ទន់ណារី អភិបាលស្រុកអូរាំង ដែលបច្ចុប្បន្នគេអះអាង ថាកំពុងរស់នៅគ្រប់គ្រងលើទីតាំងដីទំនាស់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមីនានេះថា រឿងដីទំនាស់ខាងលើ គឺបានប្ដឹងឡើងដល់តុលាការកំពូលយូរឆ្នាំមកហើយ លោកមិនបានដឹងទេ។
ជាមួយនឹងការអំពាវនាវរកយុត្តិធម៌ ពីស្ថាប័នអនុវត្តច្បាប់ដើម្បីបានគ្រប់គ្រងដី និងផ្ទះធ្វើជាកម្មសិទ្ធិដូចដើមវិញនោះ អ្នកស្រី ផេង វ៉ូដានី បានបានអះអាងថា តាមព័ត៌មានដែលលោកស្រីទទួលបាន នៅតំបន់ដីរបស់លោកស្រីបច្ចុប្បន្ន មន្ត្រីជំនាញកំពុងចុះធ្វើកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ន នាពេលឆាប់ៗខាងមុខនេះហើយ។ ដូច្នេះក្នុងនាមដីលោកស្រីកំពុងស្ថិតនៅក្នុងទំនាស់ដោះស្រាយ មិនទាន់ចប់ស្ថាពរ លោកស្រីសូមអំពាវនាវ កុំឲ្យមន្ត្រីជំនាញផ្ដល់កម្មសិទ្ធិដីទំនាស់នេះ ទៅអោយភាគីឬបុគ្គលណាឡើយ ដោយរង់ចាំការដោះស្រាយតាមច្បាប់រួចរាល់ជាមុនសិន៕
លិខិតដែលក្រសួងមហាផ្ទៃ ធ្វើកោសលវិច្ច័យរកឃើញថា ស្នាមមេដៃអ្នកលក់ជាស្នាមមេដៃក្លែងក្លាយ