(ភ្នំពេញ)៖ ក្រសួងការពារប្រទេសថៃ បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
ភាគីកម្ពុជា ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចំរុះកិច្ចការព្រំដែន, នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងលោកមេបញ្ជាការ មកពីបណ្តាកងឯកភាពកងយោធពលខេមរភូមិន្ទ ដែលមានការពាក់ពន្ធ័ជាច្រើនទៀត។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣នេះ មានគោលបំណងរំលឹកឡើងវិញ ក្នុងពេលកន្លងមកក្នុងការអនុវត្តការងារកំណត់ហេតុ កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី១២ រួមទាំងកំណត់ទិសដៅនៃកិច្ចសប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ។
នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បានថ្លែងថា ដោយសម្ព័ន្ធមេត្រីភាពចំណងមិត្តភាព និងមនុស្សសញ្ចេតនាស្មោះត្រង់ រវាងកងទ័ពទាំងពីរ បានធ្វើឲ្យកិច្ចប្រជុំលើកនេះ បានសម្រេចជោគជ័យដូចកិច្ចប្រជុំលើកមុនៗ កន្លងមកដែលអាចភ្ជាប់កិច្ចសហប្របត្តិការ ដែលមានស្រាប់ ព្រមទាំងការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឡើងថែមទៀត និងផ្ដល់ផលប្រយោជន៍ដល់ព្រំដែននៃប្រទេសទាំងពីរ គឺជាព្រំដែនសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញភាពរីកចម្រើនយ៉ាងល្អប្រសើរ ក្នុងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជាថៃ ដែលស្ដែងឲ្យឃើញតាមរយៈការបង្កើតយន្តការប្រជុំប្រចាំឆ្នាំ រវាងអគ្គមេបញ្ជាការកងទ័ព ការបង្កើនតួនាទីការិយាល័យទំនាក់ទំនងព្រំដែន ការចេញបញ្ជីឈ្មោះអ្នកទំនាក់ទំនងបន្ទាន់ (Hotline) រវាងអាជ្ញាធរសន្តិសុខ នៅតាមតំបន់ព្រំដែនគ្រប់លំដាប់ថ្នាក់ និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើអង្គភាពពេទ្យយោធាដែលទាំងអស់នេះ ជាភស្តុតាងបង្ហាញ នូវការវិវត្តន ជាវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាព ដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ សមស្របតាមតួនាទីដ៏សំខាន់ នៃគណៈកម្មាធិការព្រំដែនទូទៅរបស់យើងលើវិស័យសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ លើកទី១៣ ត្រូវបានរៀបចំឡើងដោយយោងទៅតាម កិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងកម្ពុជា និងថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែន ក៏ដូចជាការបន្ថែមនូវទំនាក់ទំនង រវាងកងទ័ព និងកងឯកភាពសន្តិសុខ ពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា និងថៃ។
តាមរយៈកិច្ចប្រជុំនេះភាគីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវលទ្ធផល នៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានដាក់ចេញដោយ កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ លើកទី១២ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នៅខេត្តសៀមរាប ដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃ នៅតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ ជាភាពរស់នៅ ការអប់រំ សាសនា និងវប្បធម៌។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣នេះ ក៏បានជំរុញឲ្យភាគីទាំងពីរ កម្ពុជា-ថៃ បន្តនូវភារកិច្ចក្នុងការថែរក្សាសន្តិភាពស្ថេរភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដោយស្របតាមគោលការណ៍ និងវិធានការដែលបានកំណត់ ក្នុងកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំលើកទី១៣នេះ លើគ្រប់ទិដ្ឋភាពទាំងអស់៕