(ព្រៃវែង)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារច្រេស ស្ថិតនៅភូមិចន្ទ័គ្រឹះស្នា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញនៅផ្សារច្រេសខាងលើនេះ បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន១០មុខ ស្មើនឹង១១៩.៤គីឡូក្រាម ក្នុងនោះរួមមាន៖ ទឹកក្រូច, ទឹកសណ្តែក, ស្រាបៀរ, ទឹកដោះគោខាប់, ពោតកំប៉ុង, កាពិត, ទឹកផ្លែឈើ, សាម៉ារ៉ៃ, ចាហួយដូង និងឡេល្ពៅ គ្មានស្លាកសញ្ញាត្រឹមត្រូវ។
នៅក្នុងសកម្មភាពចុះអង្កេតទំនិញខាងលើនេះ មន្រ្តីកាំកុងត្រូលបានពន្យល់ ដល់អាជីវករ ពីរបៀបមើលថ្ងៃផលិត និងថ្ងៃផុតកំណត់របស់ទំនិញ, អំពីការដាក់តាំងលក់ទំនិញ និងអំពីអនាម័យ និងបានបិទផ្ទាំងរូបភាព៥៥ផ្ទាំង ដោយបានពន្យល់ពីអត្តន័យនែរូបភាពនិមួយៗបន្លែមទៀតផងដែរ។
មន្រ្តីកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា អ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនអាជីវករមួយចំនួន បានបិទទ្វារហាង មិនសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ក្នុងត្រួតពិនិត្យទំនិញរបស់គាត់ទេ នឹងមិនថា តើអាជីវករទាំងនោះ គាត់យល់បែបណាទេ?។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរ សូមឲ្យពួកគាត់ ចូលរួមសហការជាមួយសមត្ថកិច្ចផង ដើម្បីការពារសុខភាពអ្នកប្រើប្រាស់មិនមែនចុះទៅចាប់ទំនិញរបស់បង ប្អូនអាជីវករនោះ អីចឹងសូមបងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការ ជាមួយមន្រ្តីកាំកុងត្រូល ដើម្បីថែរក្សា និងសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋយើង៕